ខេត្តកណ្តាល ៖ ក្មេងស្ទាវមួយក្រុម ក្រោយពីផឹកទឹកត្នោតជូរស្រវឹង ក៏បានរករឿងឈ្លោះប្រកែកជាមួយនឹងភាគីម្ខាងទៀត រួចក៏ព្រួតគ្នា ទាញកាំបិតប៉័ងតោដេញកាប់យុវជនម្នាក់ បណ្តាលឱ្យរយះខ្នង រងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចរោងលក់ទឹកត្នោតជូរ មួយកន្លែង ស្ថិតក្នុងភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល។
យុវជនរងគ្រោះដែលត្រូវក្រុមក្មេងស្ទាវ កាប់រយះខ្នង របួសធ្ងន់នោះ មានឈ្មោះវុន វិន អាយុ២៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ (រងរបួសក្រោយខ្នង)។ ចំណែកជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៨នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបាន មានឈ្មោះ រុន រ៉ា អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិព្រែកព្រៀល សង្កាត់ព្រែក- តាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ រីឯបក្ខពួក៧នាក់ទៀត មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល។
តាមសម្តីយុវជនឈ្មោះវឿន វៃ អាយុ ២០ឆ្នាំ មានលំនៅភូមិកើតហេតុខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេ និងជនរងគ្រោះបាននាំគ្នាទៅផឹកទឹកត្នោតជូរ នៅរោងលក់ទឹកត្នោតជូរមួយកន្លែងជាមួយមិត្តភក្តិ២នាក់ទៀត ឈ្មោះស្រស់ និងឈ្មោះ រស់ លុះផឹករហូតដល់ម៉ោង៨និង៣០នាទីយប់ ឈ្មោះរស់ និងឈ្មោះស្រស់ បានឈប់ផឹក និងបាននាំគ្នាទៅផ្ទះមុន ដោយនៅសល់តែជនរងគ្រោះ និងរូបគេ (ឈ្មោះវឿន វៃ) ប៉ុណ្ណោះ ដែលនៅផឹកបន្តទៀត។
ប្រភពដដែលបន្តថា លុះមកដល់ម៉ោង ៨និង៥០នាទីយប់ថ្ងៃដដែល ទើបពួកគេទាំង២នាក់បានឈប់ផឹក បន្ទាប់មកជនរងគ្រោះបាន ដើរទៅលេងផ្ទះបងប្អូននៅក្នុងភូមិ ស្រាប់តែបន្តិចក្រោយមក ជនរងគ្រោះបានរត់សំដៅមករោងទឹកត្នោតវិញ ដោយមានមនុស្សមួយក្រុម បានដេញកាប់ជនរងគ្រោះរហូតដល់រោងទឹកត្នោតជូរ ដោយពុំដឹងមានមូលហេតុអ្វីនោះទេ។ ភ្លាមនោះ ជនសង្ស័យឈ្មោះរុន រ៉ា បានទាញ កាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះ១កាំបិត ចំខាងក្រោយខ្នង បណ្តាលឱ្យហូរឈាម រងរបួសធ្ងន់។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរ- ពេទ្យរកាកោងទី១។ ចំណែកជនដៃដល់ ឈ្មោះ រុន រ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីចាត់ការតាមច្បាប់។ ដោយឡែក បក្ខពួក៧នាក់ទៀត ដែលបានរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួននាំយកមកផ្តន្ទា- ទោសតាមច្បាប់៕