Saturday, January 11, 2025
Homeសង្គម និងជីវិតផ្ទុះកូដកម្មតវ៉ា!!! ថៅកែចិនចាប់កម្មការិនីខ្មែរ បង្ខាំងក្នុងទ្រុង

ផ្ទុះកូដកម្មតវ៉ា!!! ថៅកែចិនចាប់កម្មការិនីខ្មែរ បង្ខាំងក្នុងទ្រុង

ខេត្តស្វាយរៀង ៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេយីហោ យូលី រាប់ពាន់នាក់ បានផ្ទុះកូដកម្មតវ៉ាប្រឆាំងនឹងថៅកែចិន ដែលបានធ្វើសកម្មភាពចាប់កម្មការិនីខ្មែរបង្ខាំងក្នុងទ្រុង ហើយដាក់ទណ្ឌកម្មឱ្យធ្វើការតាមលក្ខខណ្ឌ របស់រោងចក្រ ផ្ទុយពីច្បាប់ការងារ ព្រមទាំងរើសអើងចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីសម្រាល កូនរួច។

កូដកម្មខាងលើ បានផ្ទុះឡើងកាលពីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចខាងមុខរោងចក្រយូលី មានទីតាំងនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសសានតុង ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ហើយកូដកម្មនេះ បានធ្វើឡើងរហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ ទើបក្រុមកម្មករ-កម្មការិនីបំបែកគ្នា ត្រឡប់ទៅផ្ទះវិញ ដោយមិនព្រមចូលធ្វើការឡើយ។

កម្មករ-កម្មការិនី ដែលធ្វើកូដកម្មខាងលើ បានប្រាប់ថា ពួកគេខឹងសម្បារ ទើបសម្រេចនាំគ្នាធ្វើកូដកម្មតវ៉ា ដោយទាមទារឱ្យថៅកែរោងចក្រកាត់ដេយូលី អនុត្តន៍តាមច្បាប់ការងារ ដោយដាក់លក្ខខណ្ឌ៥ចំណុច ហើយសុំឱ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជួយរកដំណោះស្រាយ។
ក្រុមកម្មការិនីខាងលើ បានបញ្ជាក់ប្រាប់ថា ថៅកែចិនបានរឹតបន្តឹងការងារទៅលើកម្មករ -កម្មការិនី រយៈពេល៣ខែមកហើយ គឺចាប់តាំងពីផ្លាស់ប្តូរថ្នាក់ដឹកនាំជនជាតិចិនមកថ្មី ស្រាប់តែមានការរើសអើងលើស្ត្រីមានផ្ទៃពោះ និងស្ត្រីសម្រាលកូនរួច មិនតែប៉ុណ្ណោះនៅបាន ដាក់ទណ្ឌកម្មចំពោះកម្មការិនីណា ដែលដេរយឺត មិនគ្រប់តាមលក្ខខណ្ឌដែលក្រុមហ៊ុនកំណត់ បើមានស្ត្រីម្នាក់ ឬពីរនាក់ដេរយឺត ត្រូវមេការចិន ចាប់យកទៅបង្ខាំងក្នុងទ្រុង ហើយដាក់ទណ្ឌកម្មឱ្យធ្វើការដេរឱ្យបានភាគរយខ្ពស់ ទើបឱ្យចូលក្រុមធ្វើការវិញ ហើយបើស្ត្រីណានៅតែធ្វើការយឺត ឬឃើញថាមានកំហុស ត្រូវដាក់ទណ្ឌកម្មដាក់ក្នុងទ្រុងបង្អត់បាយទឹក១ថ្ងៃ រួចដេញចេញពីការងារបញ្ឈប់កុងត្រាពាក់កណ្តាលទីីទៀតផង។

ជុំវិញករណីថៅកែចិន ចាប់បង្ខាំង និងដាក់ទណ្ឌកម្មលើកម្មករ-កម្មការិនីរោងចក្រកាត់ដេយូលីនេះ លោកអ៊ូ សុខឿន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង និងជាតំណាងក្រសួងការងារប្រចាំ នៅតំបន់សេដ្ឋកិច្ចពិសេស បានឱ្យដឹងថា កម្មករ-កម្មការិនីរោងចក្រកាត់ដេយូលី បានធ្វើកូដកម្មតវ៉ាទាមទារលក្ខខណ្ឌ៥ចំណុច និងប្តឹងក្រុមហ៊ុនកាត់ដេរយូលី ពីបទមិនអនុវត្តន៍ច្បាប់ស្តីពីការងារ ហើយចោទថា ក្រុមហ៊ុនយូលី កំពុងអនុវត្តន៍លក្ខខណ្ឌការងារមួយចំនួន ដែលមិនស្របតាមច្បាប់ការងារ។

លោកអ៊ូ សុខឿន បានបញ្ជាក់ថា ការទាមទារ៥ចំណុចរបស់ក្រុមកម្មករនោះ រួមមាន ទី១-ស្នើសុំឱ្យក្រុមហ៊ុនយូលី ឈប់រើសអើងចំពោះកម្មការិនីមានផ្ទៃពោះ និងអ្នកសម្រាលកូនរួច ទី២-សូមក្រុមហ៊ុនយូលី កុំឱ្យមានការអនុវត្តន៍កុងត្រាខ្លីរយៈពេល១ខែ ដែលផ្ទុយពីច្បាប់ការងារ ទី៣-សូមឱ្យក្រុមហ៊ុនយូលី ធ្វើការណែនាំថ្នាក់ដឹកនាំជនជាតិចិនទាំងអស់ ឱ្យ មានសីលធម៌ល្អ រាល់ការជជែក ឬណែនាំកម្មករ ទី៤-ក្រុមហ៊ុនយូលី ត្រូវពិនិត្យមើលឡើងវិញ លើការកំណត់ចំនួនភាគរយខ្ពស់ (ដាក់កំណត់ការផលិតច្រើន) ហួសពីសមត្ថភាពរបស់កម្មករ -កម្មការិនី និងទី៥-សូមក្រុមហ៊ុនធ្វើការទូទាត់ កម្រៃពលកម្មដែលកន្លងមកទូទាត់ពុំបានត្រឹម ត្រូវជូនកម្មករ-កម្មការិនី បាត់ខែណាត្រូវទូរទាត់ខែហ្នឹង។

លោកអ៊ូ សុខឿន បន្ថែមថា ចំពោះករណីកម្មករចោទប្រកាន់ថៅកែក្រុមហ៊ុនយូលី បង្ខាំងកម្មករក្នុងទ្រុងដាក់ទណ្ឌកម្មឱ្យធ្វើការបង្អត់អាហារនោះ គឺពិតជាមានមែនដាក់ទណ្ឌកម្មចំពោះកម្មការិនីណាធ្វើការយឺតមិនគ្រប់តាម ការកំណត់របស់ក្រុមហ៊ុនដោយក្រុមហ៊ុននិយាយថា ក្រុមហ៊ុនទទួលកុងត្រាពីក្រុមហ៊ុនបញ្ជាទិញដែរ ដូច្នេះត្រូវតែជំរុញឱ្យកម្មករផលិតឱ្យទាន់តាមអ្នកបញ្ជាទិញ គឺគ្រាន់តែយកកម្មករ-កម្មការិនី ដែលធ្វើការដេរយឺត ទៅធ្វើការដាច់ដោយឡែកពីកម្មការិនីដទៃងាយស្រួល មេការតាមដាន និងជំរុញការដេរឱ្យបានច្រើន តាមការកំណត់ពុំមែនជាការដាក់ទណ្ឌកម្មទេ។

លោកអនុប្រធានមន្ទីររូបនេះ បន្តទៀតថា លទ្ធផលការប្រជុំដោះស្រាយតំណាងក្រុមហ៊ុនព្រមទទួលយកតាមសំណើរបស់កម្មករ កម្មការិនីទាមទារទាំង៥ចំណុច ហើយចំពោះ របាដែកដាក់បង្ខាំងកម្មការិនីនោះ ក្រុមហ៊ុនសន្យាថាហៅជាងឱ្យមករុះរើចេញវិញ នៅវេលាម៉ោង២រសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ ចំណែកកម្មករ-កម្មការិនី ដែលនាំគ្នាកូដកម្ម មិនចូលធ្វើការនោះ បាននិយាយថា ពួកគេមិនជឿលើថ្នាក់ដឹកនាំចិនទេ លុះត្រាតែមានចេញជាលិខិតជាលាយលាក់អក្សរបិទប្រកាសជាសាធារណៈទើបជឿ និងចូលធ្វើការវិញ៕

RELATED ARTICLES