Tuesday, January 21, 2025
Homeសន្ដិសុខសង្គមប្តីចេញទៅកាប់ជ្រូកបាត់ ប្រុសព្រានលូនចូលមុងចាប់ប្រពន្ធរំលោភ

ប្តីចេញទៅកាប់ជ្រូកបាត់ ប្រុសព្រានលូនចូលមុងចាប់ប្រពន្ធរំលោភ

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់កំពុងដេកនៅក្នុងមុងជាមួយកូនតូចៗ ខណៈដែលប្តីក្រោកចេញទៅកាប់ជ្រូកឱ្យគេបាត់ ស្រាប់តែប្រុសព្រានល្មោភកាមម្នាក់ បានលូនចូលមកបើកមុងបម្រុង នឹងធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈប្រពន្ធគេទាំងកំរោល ប៉ុន្តែសំណាងល្អត្រូវស្ត្រីរងគ្រោះដឹងខ្លួនទាន់ ក៏ធាក់១ជើងចេញក្រៅមុង រួចស្រែកឆោឡោហៅគេឯងឱ្យជួយ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោរត់គេចខ្លួនបាន១ថ្ងៃ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវឃើញចាប់ខ្លួនយកមកចាត់ការតាមច្បាប់។

ករណីប៉ុនប៉ងរំលោភសេពសន្ថវៈប្រពន្ធគេនេះ បានកើតឡើង កាលពីវេលាម៉ោង៤ ទៀបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍រាម្មា ឃុំព្រែកស្តី ស្រុកកោះធំ។ លុះស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹងក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាន កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

ស្ត្រីរងគ្រោះដែលត្រូវប្រុសព្រានល្មោភកាមលូនចូលមុងប្រុងចាប់រំលោភសេពសន្ថវៈ មានឈ្មោះស.គ.ស អាយុ៣៣ឆ្នាំ មុខរបរមេផ្ទះ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យល្មោភកាម មានឈ្មោះស៊្រន ស៊្រុយ អាយុ៤២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុង ភូមិកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីរបស់ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា នាងមានប្តី និងមានកូនតូចៗចំនួន២នាក់ ហើយប្តីរបស់នាង មានរបរជាអ្នកកាប់ជ្រូក។ ជារៀងរាល់វេលាទៀបភ្លឺ ប្តីរបស់នាងតែងងើបទៅកាប់ជ្រូកឱ្យគេនៅទល់មុខផ្ទះគ្នា ដោយទុកឱ្យនាងនិងកូនៗដេកក្នុងផ្ទះ ហើយកន្លងមកមិនធ្លាប់កើតមានបញ្ហាអ្វីសោះឡើយ។

ស្ត្រីរងគ្រោះបន្តថា លុះមកដល់ថ្ងៃកើតហេតុ នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្តីរបស់នាងបានក្រោកចេញទៅកាប់ជ្រូកឱ្យគេដូចសព្វដង ចំណែកនាងបានដេកនៅក្នុងមុងជាមួយកូនប្រុសតូច២នាក់ទៀត។ លុះក្រោយពីប្តីនាងចេញផុតបន្តិច មិនដឹងជាជនសង្ស័យឈ្មោះស៊្រន ស៊្រុយ ឃ្លាំចាំមើលតាំងពីថ្មើរណាមកទេ ស្រាប់តែបានលបចូលមកបើកមុងប្រុងនឹងចាប់រំលោភសេពសន្ថវៈនាងទាំងកំរោល ប៉ុន្តែសំណាងល្អ នាង ដឹងខ្លួនទាន់ ក៏ធាក់ជនសង្ស័យ១ជើង បណ្តាលឱ្យខ្ទាតចេញក្រៅមុង រួចក៏ស្រែកឆោឡោ ហៅឱ្យគេជួយធ្វើឱ្យជនសង្ស័យភ័យស្លាន់ស្លោ ក៏បានរត់គេចខ្លួនបាត់ស្រមោល។

ស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា លុះព្រឹកឡើង នាងក៏បានយករឿងនេះប្រាប់ប្តីឱ្យដឹង រួចក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្តី ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ នាំយកមកផ្តន្ទាទោសតាមច្បាប់។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ក្រោយពីទទួលបានបណ្តឹងពីស្ត្រីរងគ្រោះរួចមក កម្លាំង នគរបាលប៉ុស្តិ៍បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ បាន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ស៊្រន ស៊្រុយ បានសារភាពថា ខ្លួនពិតជាបាន លបចូលទៅក្នុងមុងរបស់ស្ត្រីរងគ្រោះក្នុងគោលបំណង ដើម្បីចាប់រំលោភសេពសន្ថវៈស្ត្រីរងគ្រោះប្រាកដមែន តែមិនបានសម្រេច បានតែត្រូវនាងធាក់១ជើង និងប្តឹងប៉ូលិសឱ្យចាប់ប៉ុណ្ណោះ។
ជនសង្ស័យបានសារភាពទៀថា តាមពិតរូបគេបានឃ្លាំមើលដឹងថា រាល់ព្រឹក ប្តីរបស់ស្ត្រីរងគ្រោះតែងចេញពីផ្ទះនៅវេលាទៀបភ្លឺ ដើម្បីទៅកាប់ជ្រូកឱ្យគេ ហេតុនេះទើបនៅវេលាទៀបភ្លឺថ្ងៃកើតហេតុ រូបគេបានឃ្លាំចាំ មើលដំណើររបស់បុរសជាប្តី លុះឃើញបុរសនោះ ដើរចេញផុតពីផ្ទះ រូបគេក៏លូនចូលទៅក្នុងមុងប្រុងចាប់រំលោភសេពសន្ថវៈស្ត្រីរងគ្រោះ តែត្រូវនាងដឹងខ្លួនទាន់រួចធាក់១ជើងខ្ទាតចេញក្រៅមុងតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES