ភ្នំពេញៈ យុវជនម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ បានធ្វើសកម្មភាពលូកលាន់ទៅលើនារីម្នាក់ ធ្វើឲ្យនារីរូបនោះស្រែកឲ្យគេជួយ ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកទាំងអស់ ដែលស្ដ្រីនោះចោទថា លូកចាប់ដោះគាត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៧ ផ្លូវបេតុង នៅជាប់ក្លឹបស៊ីធី ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ជនសង្ស័យមានឈ្មោះ ឆុន ចយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិអង្ករស ឃុំមាសឈរ ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ។ ចំណែកស្ដ្រីរងគ្រោះមានឈ្មោះមាស ចាន់នី អាយុ២០ឆ្នាំ មុខរបរលក់ប្រហិត ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
បើតាមសម្ដីស្ដ្រីរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុរូបគាត់បានដើរចូលទៅផ្ទះដើម្បីយកប្រហិតមកលក់ ដោយដើរចូលតាមផ្លូវតូចមួយនៅជាប់នឹងរបងក្លឹបស៊ីធី ស្រាប់តែពេលដើរចូលទៅដល់កន្លែងងងឹត ក៏លេចមុខជនសង្ស័យ៤-៥នាក់ចេញមកធ្វើសកម្មភាពចាប់ទាញដៃ រួចចាប់ដោះរបស់គាត់ ធ្វើអោយគាត់ភ័យស្លន់ស្លោបានស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះ ចេញមកជួយចាប់បានជនសង្ស័យម្នាក់ និងស្វាគមន៍មួយដៃម្នាក់មួយជើង បណ្ដាលឲ្យបែកមុខបែកមាត់ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងនាំជនសង្ស័យម្នាក់ដែលស្ដ្រីនោះអះអាងថា ជាអ្នកចាប់ដោះរបស់គាត់យកទៅសាកសួរនៅប៉ុស្តិនគរបាលស្ទឹងមានជ័យ ចំណែកបក្ខពួករបស់ជនសង្ស័យនោះរត់គេចខ្លួនបាត់ស្រមោលអស់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនោះបាននិយាយទាំងសភាពស្រវឹងស្រាថា រូបគេមិនបានចាប់ដោះនារីម្នាក់នោះដូចការចោទប្រកាន់នោះទេ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលស្ទឹងមានជ័យ ដើម្បីអោយសមត្ថកិច្ចធ្វើការតាមច្បាប់ ចំណែកជនសង្ស័យវិញត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត ៕