Saturday, January 11, 2025
Homeសង្គម និងជីវិតសាហាវណាស់!!! ខឹងប្រពន្ធចុងសុំបែក លួចជះទឹកអាស៊ីតរលួយមុខ

សាហាវណាស់!!! ខឹងប្រពន្ធចុងសុំបែក លួចជះទឹកអាស៊ីតរលួយមុខ

ភ្នំពេញ ៖ បុរសម្នាក់មានប្រពន្ធកូនរួចទៅហើយ បែរជាទៅលួចទាក់ទងយកប្រពន្ធចុង រួមរស់នឹងគ្នាអស់រយៈពេល៤ឆ្នាំ លុះបែកធ្លាយរឿងរ៉ាវ ក៏ត្រូវស្ត្រីជាប្រពន្ធចុងសុំចែកផ្លូវគ្នា និងចង់បង្កើតគ្រួសារថ្មី ស្រាប់តែបុរសជាប្តីកំណាចផ្ទុះកំហឹង ក៏ធ្វើសកម្មភាពជះទឹកអាស៊ីតចូលមុខស្ត្រីជាប្រពន្ធចុង បណ្តាលឱ្យរលាករលួយពេញផ្ទៃមុខគួរឱ្យរន្ធត់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខ ផ្ទះលេខ១០ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

ជនសង្ស័យជាប្តីដែលជះទឹកអាស៊ីតដាក់ មុខប្រពន្ធឱ្យរងរបួសធ្ងន់នោះ មានឈ្មោះខៀវ វិសិដ្ឋសត្យា ហៅថៃយ៉ា អាយុ៤៩ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅបន្ទប់ជួលក្នុងភូមិ ព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះឌឿន ស៊ុនណារ៉ា អាយុ៤៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ រងរបួសធ្ងន់ រលាកពេញផ្ទៃមុខ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធបានជិះម៉ូតូចេញមកពីផ្ទះ ស្រាប់តែមកដល់មុខផ្ទះ ក៏លេចមុខជនសង្ស័យជាប្តី បានមកធ្វើសកម្មភាពយកទឹកអាស៊ីតជះលើស្ត្រីរងគ្រោះជាប្រពន្ធចំកណ្តាលមុខ បណ្តាលឱ្យរងរបួសរលាកពេញផ្ទៃមុខ និងរបួសត្រង់ដៃទាំងសងខាងយ៉ាងធ្ងន់ធ្ងរ និងត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ។ ចំណែកជនសង្ស័យជាប្តី ក្រោយពីធ្វើសកម្មភាពជះទឹកអាស៊ីតដាក់ប្រពន្ធរួច ក៏បានគេចខ្លួនបាត់ស្រមោល។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅអំឡុងពេលកើតហេតុ គាត់មិនបានឃើញមុខអ្នកជះទឹកអាស៊ីតដាក់គាត់នោះទេ តែគាត់គ្រាន់តែដឹងថាជាមនុស្សប្រុស និងចំណាំបានត្រង់ម៉ូតូដែលជនដៃដល់ជិះ គឺម៉ូតូម៉ាកស៊ុយស៊ូគីស្មាស់ ពណ៌ក្រហម ដែលជាកម្មសិទ្ធរបស់ប្តីគាត់ ដែលមុននេះ ពួកគាត់ទើបនឹងឈប់ទាក់ទងគ្នារយៈពេលជិត១ខែមកហើយ ដោយសារគាត់បានដឹងថា ប្តីនេះមានប្រពន្ធកូនរួចទៅហើយ។ តែទោះជាគាត់សុំចែកផ្លូវយ៉ាងណា ក៏ប្តីនេះមិនព្រមបែក និងចេះតែតាមរករឿងគាត់រហូត ទើបធ្វើឱ្យគាត់ចង់កសាងជីវិតថ្មីជាមួយនឹងមនុស្សប្រុសម្នាក់ដែលល្អ និងមិនពាក់ព័ន្ធនឹងរឿងប្រពន្ធកូនដូចប្តីមុនទៀត ស្រាប់តែមកដល់ថ្ងៃកើតហេតុ គាត់ក៏ត្រូវជនដៃដល់ជះទឹកអាស៊ីតដាក់បណ្តាលឱ្យរងរបួសធ្ងន់បែបនេះតែម្តង ហើយដោយសារតែគាត់សង្ស័យថា ជាអតីតប្តី ទើបប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនប្តីនោះ មកធ្វើការសាកសួរតែម្តង។

លោកហួរ ម៉េងវ៉ាង អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់ថា ក្រោយកើតមានករណីបុរសម្នាក់យកទឹកអាស៊ីត មកជះលើស្ត្រីម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់លើផ្ទៃមុខ និងខ្លួនប្រាណរួចមក ខាងជំនាញបានទៅធ្វើការសាកសួរស្ត្រីរងគ្រោះដល់មន្ទីរពេទ្យព្រះកុសមៈ លុះតាមការបំភ្លឺពីស្ត្រីរងគ្រោះ ទើបសមត្ថកិច្ចអាចឈានទៅដល់ការឃាត់ខ្លួនបុរសជាអតីតប្តីស្ត្រីរងគ្រោះបាន កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ រួចនាំយកមកធ្វើការសាកសួរពាក់ព័ន្ធករណីជះទឹកអាស៊ីតដាក់ប្រពន្ធចុងខ្លួនឯង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាប្តី បានព្យាយាមឆ្លើយបដិសេធថា ខ្លួនមិនបានជះទឹកអាស៊ីតដាក់ប្រពន្ធនោះទេ ដោយជនសង្ស័យបាននិយាយថា សព្វថ្ងៃគាត់មានប្រពន្ធដើម និងមានកូនក្នុងបន្ទុកចំនួន៥នាក់ (ប្រុស១ ស្រី៤) ក្រោយមកគាត់បានស្គាល់ស្ត្រីរងគ្រោះ និងបានលួងលោមសុំស្នេហ៍យកនាងជាប្រពន្ធចុង រយៈពេលជិត៤ឆ្នាំមកហើយ តែមិនមានកូនចៅអីនឹងគេទេ ហើយមុននេះធ្លាប់មានកូនម្តងដែរ តែត្រូវប្រពន្ធយកចេញវិញហើយ។

ជនសង្ស័យបានរៀបរាប់ទៀតថា កាលពីរយៈពេលប្រមាណ១០ថ្ងៃមុននេះ គាត់បានផ្តាច់ទំនាក់ទំនងពីប្រពន្ធចុង ហើយគាត់ក៏មិនបានយកទឹកអាស៊ីត ជះលើប្រពន្ធចុងដែរ ទោះបីបញ្ជូនគាត់ទៅដល់ណាក៏គាត់នៅតែឆ្លើយថាមិនដឹងដែរ។ ហើយនៅថ្ងៃកើតហេតុ គាត់បានជិះម៉ូតូដើរ ដាក់ស៊ីវី (CV) តាមក្រុមហ៊ុន ដើម្បីរកការងារធ្វើ ដោយមិនបានទៅជួប ឬជិះម៉ូតូកាត់ផ្ទះប្រពន្ធចុងនោះដែរ។ លុះដល់ម្សិលមិញនេះ គាត់បានលឺដំណឹងថា ប្រពន្ធចុងនេះត្រូវគេជះទឹកអាស៊ីតដាក់ ទើបគាត់បានទៅមើលនាងដល់មន្ទីរពេទ្យទៀតផង ហើយបើគាត់ជាអ្នកប្រព្រឹត្តមែននោះ ចាំបាច់អីទៅមើលនាំតែមានការសង្ស័យដល់ក្រុមគ្រួសារ និងសមត្ថកិច្ចនោះ។

យ៉ាងណាក្តី បន្ទាប់ពីសមត្ថកិច្ចប្រើវិធីសាស្ត្រសាកសួរយកចម្លើយតាមជំនាញរួចមក ទីបំផុត មកដល់រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យក៏បានព្រមឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើខាងលើប្រាកដមែន តែទឹកដែលខ្លួនយកទៅជះដាក់ប្រពន្ធនោះ មិនមែនជាទឹកអាស៊ីតទេ គឺជាជ័រកែវជាមួយនឹងទឹក ហើយមូលហេតុដែលខ្លួនធ្វើបែបនេះ ក៏ដោយសារតែខឹងនឹងប្រពន្ធមានប្រុសថ្មី។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES