Wednesday, May 22, 2024
Homeសង្គម និងជីវិតខូចខាតអស់ជិត3ម៉ឺនដុល្លារ ដោយសារអគ្គិភ័យឆេះផ្ទះ3ខ្នង 

ខូចខាតអស់ជិត3ម៉ឺនដុល្លារ ដោយសារអគ្គិភ័យឆេះផ្ទះ3ខ្នង 

ខេត្តតាកែវ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យមានការខូចខាតអស់ចំនួន២ខ្នង ខណៈដែល១ខ្នងទៀត ត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី។

តាមរបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលស្រុកបាទី បានឱ្យដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះដោយសារអគ្គិភ័យនេះ រួមមាន ម្ចាស់ផ្ទះទី១-ឈ្មោះសួច ស្រស់ ភេទប្រុស អាយុ៣៤ឆ្នាំ ផ្ទះទំហំ៦ម៉ែត្រ គុណនឹង៧ម៉ែត្រ ធ្វើពីឈើលើថ្មក្រោមប្រក់ក្បឿង ជាផ្ទះលក់គ្រឿងទេស និងសាំង ទទួលរងការខូចខាតទ្រព្យសម្បត្តិ គិតជាទឹកប្រាក់ប្រហែល ២៤០០០ដុល្លារ រួមទាំងម៉ូតូ១គ្រឿង ត្រូវឆេះខូចខាតទាំងស្រុង។ ម្ចាស់ផ្ទះ ទី២-ឈ្មោះទូច ស្រីលក្ខ ផ្ទះទំហំ៦ម៉ែត្រ គុណនឹង៨ម៉ែត្រ ធ្វើពីឈើលើថ្មក្រោមប្រក់ក្បឿង ជាផ្ទះបើកសម្អាងការត្រូវឆេះខូចខាតសម្ភារសម្អាងការទាំងស្រុង គិតជាទឹកប្រាក់ប្រមាណ៧០០ដុល្លារ។ ដោយឡែកផ្ទះរងគ្រោះ ទី៣មានទំហំ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ ឆេះខូចខាតបន្តិចបន្តួចដោយសារសមត្ថកិច្ចជួយ ពន្លត់ទាន់ពេលវេលា។

តាមប្រភភពីកន្លែងកើតហេតុបានឱ្យ ដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយខ្មួលខ្មាញ់ចេញពីផ្ទះខាងលើ រួចក៏កើតចេញជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ទើបប្រជាពលរដ្ឋខ្លះជួយពន្លត់ភ្លើង ខ្លះប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ។

ក្រោយពីទទួលបានព័ត៌មានភ្លាម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាល ខេត្តតាកែវ បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចេញប្រតិបត្តិការជួយពន្លត់ភ្លាម និងគ្រប់គ្រងគ្រោះអគ្គិភ័យនេះបានទាំងស្រុង នៅវេលាម៉ោង៣និង៥០នាទី ដោយបានប្រើប្រាស់ទឹកចំនួន៤ឡាន។

យ៉ាងណាក្តី មូលហេតុដែលនាំឱ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បានច្បាស់នៅឡើយ ព្រោះកំពុងធ្វើការស្រាវជ្រាវបន្តទៀត៕

RELATED ARTICLES