ភ្នំពេញ ៖ នារីម្នាក់ ព្រោះតែស្រលាញ់ងប់ងុលនឹងប្រុសស្នេហ៍ខ្លាំងពេក ក៏ព្យាយាមលាក់ថ្នាំញៀន បំណងយកឱ្យប្រុសស្នេហ៍របស់ខ្លួនដល់ក្នុងពន្ធនាគារ ទីបំផុតក៏ត្រូវអនុរក្សពន្ធនាគារឆែកឃើញ ក៏ចាប់ឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងបរិវេណ មណ្ឌលអប់រំកែប្រែ “ម២” ស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
នារីសង្ស័យដែលលាក់ថ្នាំញៀនយកទៅឱ្យប្រុសស្នេហ៍ដល់ក្នុងគុកនោះ មានឈ្មោះម៉េង កែវលក្ខិណា អាយុ២៧ឆ្នាំ មុខរបរលក់ដូរ មានលំនៅផ្ទះលេខ២៦៦អា ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ វត្ថុតាងចាប់យកបាន រួមមានក្រាមពណ៌សថ្លា ចំនួន២កញ្ចប់ (ថង់ធំល្មម) ម៉ូតូ១គ្រឿង ម៉ាកហ្ស៊ុយស៊ូគីនិក ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1DD-8261 មានលេខតួ 321486លេខម៉ាស៊ីន 321481។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង បានទទួលព័ត៌មានពីអនុរក្សពន្ធនាគារព្រៃស (ម២) ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ថា មាននារីសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿង យកសម្ភារមួយចំនួនមានទឹកក្រូច ផ្លែឈើ ពងទា ទៅសួរសុខទុក្ខឈ្មោះសេង បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ (ត្រូវជាសង្សារ) ដែលកំពុងជាប់ឃុំឃាំងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ប្រភពដដែលបន្តថា នៅពេលនារីសង្ស័យ ចូលដល់កន្លែងត្រួតពិនិត្យមន្ត្រីអនុរក្សពន្ធនាគារ បានធ្វើការត្រួតពិនិត្យឆែកឆេរនៅក្នុងសម្ភារ ដែលយកទៅផ្ញើអ្នកទោសឃើញថា មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ប៉ុន្តែនៅពេលឆែកលើខ្លួននារីសង្ស័យ ស្រាប់តែប្រទះឃើញក្រាមពណ៌ស ថ្លាចំនួន២កញ្ចប់ នៅក្នុងហោប៉ៅមុខខាងស្តាំរបស់នារីសង្ស័យឈ្មោះម៉េង កែវលក្ខិណា ទើបភ្លាមនោះ អនុរក្សពន្ធនាគារ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួចរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ឱ្យជួយអន្តរាគមន៍នាំខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ និងចាត់ការបន្តតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច នារីសង្ស័យខាងលើ បានឆ្លើយសារភាពថា នាងពិតជាមានចេតនាលាក់ថ្នាំញៀនក្នុងហោប៉ៅ ដើម្បីយកឱ្យ ប្រុសស្នេហ៍របស់នាងប្រើប្រាស់ក្នុងពន្ធនាគារ ប្រាកដមែន តែមិនទាន់បានយកទៅឱ្យដល់ដៃប្រុសស្នេហ៍ផង ក៏ត្រូវអនុរក្សពន្ធនាគារឆែក ឃើញចាប់ឃាត់ខ្លួនជាប់តែម្តង៕