Wednesday, December 25, 2024
Homeព័ត៌មានជាតិប្តីជឿសម្តីម៉ែ បណ្តេញប្រពន្ធចេញពីផ្ទះ

ប្តីជឿសម្តីម៉ែ បណ្តេញប្រពន្ធចេញពីផ្ទះ

មនុស្សណាដែលមានត្រចៀកសឆាប់ជឿសម្តីអុជអាលរបស់គេ ខ្វះការពិចារណា នឹងធ្វើឱ្យកើតមានការសង្ស័យ ក្លាយជារកាំរកូស ប្រេះឆានៅក្នុងគ្រួសារ។ យ៉ាងណាមិញ នារីម្នាក់នេះ ក៏បង្ខំចិត្តរៀបការយកប្តីទាំងវ័យក្មេង បំណងយកប្រាក់បណ្ណាការសងបំណុលជំនួសម្តាយ ដែលជំពាក់បំណុល គេ តែមានអី! ចង់ចំណេញ ដាច់ចំណងទៅវិញ ប៉ះប្តីជក់គ្រឿងញៀន និងជាមនុស្សត្រចៀកស ជឿតាមសម្តីរបស់ម៉ែគេ ក៏ដាច់ចិត្តជេរបណ្តេញប្រពន្ធចេញពីផ្ទះ…។

នាងខុម សុគា អាយុ១៨ឆ្នាំ រស់នៅភូមិពង្រ ឃុំអំបិល ស្រុកអំបិល ខេត្តឧត្តរមានជ័យ បានរៀបរាប់ឱ្យដឹងថា នាងជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់ (ប្រុស២ ស្រី១) ដែលម្តាយមានឈ្មោះកេត គាយ អាយុ៣៩ឆ្នាំ ឪពុកឈ្មោះហម ខុម អាយុ៤១ឆ្នាំ ជាមន្ត្រីបម្រើការនៅក្នុងអង្គភាពស៊ីម៉ាក់។ ប៉ុន្តែនៅ ពេលបំពេញបេសកកម្មនៅខេត្តបាត់ដំបង ក៏ក្បត់ចិត្តម្តាយកូន ពួកនាង ទៅយកប្រពន្ធចុងនៅទីនោះតែម្តង តាំងពីនាងនៅក្មេងម៉្លេះ។ នាងនៅចាំបានថា ពេលឪពុកកំពុងឈ្លក់វង្វេងជាមួយប្រពន្ធចុង នោះ បានធ្វើបាបចិត្តម្តាយនាងណាស់ និងលក់បំផ្លាញ អស់ទ្រព្យសម្បត្តិមានតម្លៃ យកប្រាក់ទៅផ្គាប់ចិត្ត ស្រីស្នេហ៍ មិនត្រឹមតែប៉ុណ្ណោះ ឪពុកនាងថែម ទាំងលួងលោមម្តាយនាងឱ្យទៅខ្ចីបុលប្រាក់ ពីបងប្អូន រហូតជំពាក់បំណុលគេជុំទិសទៀតផង ទើបឪពុកទាមទារលែងលះជាមួយម្តាយ។ តែពេលនោះ ម្តាយនាងមិនព្រម ផ្តិតមេដៃលែងលះឡើយ ដោយរំពឹងថា ប្តីឈ្លក់វង្វេងជាមួយស្រីញីតែមួយ ខ្យល់ប៉ុណ្ណោះ នឹងត្រឡប់មករស់នៅជួបជុំប្រពន្ធកូនវិញជាមិនខាន។

នាងខុម សុគា និងលោករីករាយ

នាងសុគា បន្តទៀតថា ទោះបី ជាម្តាយមិនព្រមផ្តិតមេដៃ ឱ្យពិតមែន ក៏មិនអាចហាមឃាត់ចិត្តឪពុកបានដែរ ទីបំផុត ឪពុកបានវេចបង្វេចទៅរួមរស់ជាមួយប្រពន្ធចុងបាត់ ស្រមោល។ បន្ទាប់មកមិនយូរប៉ុន្មាន ស្រាប់តែផ្ទះរបស់ ម្តាយកូនពួកនាងកំពុងជ្រកកោនរាល់ថ្ងៃ ក៏ត្រូវភ្លើងឆេះ អស់ទៀត ដែលកាលនោះ ជីវិតម្តាយកូនពួកនាងជួបការ លំបាកវេទនាជាពន់ពេក ផ្ទះក៏គ្មាននៅ ថែមទាំងជំពាក់បំណុល គេពេញភូមិទៀត ដែលជាហេតុធ្វើឱ្យម្តាយកូនពួកនាងត្រូវបង្ខំចិត្ត ធ្វើចំណាកស្រុកឆ្លងដែនទៅប្រទេសថៃ ដើម្បីស៊ីឈ្នួលជួលព័ទ្ធគេ យកប្រាក់ចិញ្ចឹមជីវិត។ ហេតុនេះហើយ ទើបនាងមិនដែលស្គាល់កាន់ ក្តារសៀវភៅទៅសាលារៀនលេខអក្សរ ដូចក្មេងដទៃម្តងណាឡើយ។ លុះចូលដល់ឆ្នាំ២០១៤ មិនទាន់នឹងធំពេញក្រមុំស្រួលបួលផង នាងមានសម្រស់ស្រស់ស្អាត មិនចាញ់ក្រមុំក្រុងបាងកក ឡើយ ធ្វើឱ្យកំលោះមិនតិចនាក់ទេ ដែលធ្លាក់ក្នុង អន្លង់ស្នេហ៍នាង ដោយតាមលួងលោមអង្វរសុំស្នេហ៍ ស្និទ្ធស្អិតដូចសត្វតុកកែ ប្រាថ្នាយកនាងធ្វើជាគូជីវិត តែនាងមិនយកភ្នែកមើលឡើយ ព្រោះមិនទាន់ចង់បានប្តីសី ទេ ដោយជួយធ្វើការរកប្រាក់ដោះបំណុលម្តាយបន្តិចសិន។

នាងខុម សុគា

នារីរូបស្រស់បន្តទៀតថា ក្រោយមកមិនយូរប៉ុន្មាន ខណៈដែលនាងកំពុងធ្វើការសំណង់ជាមួយម្តាយ ក្នុងប្រទេសថៃ ស្រាប់តែមានកំលោះម្នាក់ឈ្មោះរីករាយ អាយុបងនាង៦ឆ្នាំ មានស្រុកកំណើតនៅភូមិបុស្បូវ ឃុំសំរោង ខេត្តជាមួយគ្នា ដែលបានទៅធ្វើការជួបនាងនៅក្នុងទឹកដីថៃ បាននាំចាស់ទុំរបស់គេចូលស្តីដណ្តឹងនាង ដល់មេបា រីឯម្តាយរបស់នាងក៏ព្រមលើកនាងឱ្យរៀបការជាមួយគេ ដោយ បង្គាប់ថ្លៃបណ្ណាការចំនួន៥ម៉ឺនបាត (ប្រាក់ថៃ) ដែលកាលនោះ នាងក៏មិនជំទាស់ នឹងបំណងរបស់ម្តាយដែរ ដោយព្រមចូលរោងការយកប្តីតាំងពីអាយុ១៦ឆ្នាំ បំណងយកប្រាក់បណ្ណាការទាំងនោះ មកសងបំណុលជំនួសម្តាយ។ ពេលរៀបការហើយ ប្តីប្រពន្ធថ្មីថ្មោងពួកនាងបានចាប់របរធ្វើការសំណង់ទាំងពីរនាក់ ដើម្បី សាងជីវិតគ្រួសារថ្មី។ តែជីវិតនាងទទួលបានការថ្នាក់ថ្នមបមបីពីប្តីតិចតួចបំផុត ព្រោះប្តីជាមនុស្សប្រើប្រាស់គ្រឿងញៀន គិតតែពីដើរផឹកស៊ីជាមួយបនភឿន បាត់ៗ និងក្បត់ចិត្តប្រពន្ធ ទៅមានស្រីញីនៅខាងក្រៅទៀតផង។

នាងសុខគា បន្តទាំងតូចចិត្តថា ប្រាក់ខែដែលប្តីបើកមកទាំងប៉ុន្មាន មិនដែល ឱ្យប្រពន្ធចាយមួយកាក់មួយសេនឡើយ គឺប្តីទុកចាយវាយសប្បាយហ៊ឺហាតែ ម្នាក់ឯងប៉ុណ្ណោះ ហើយថែមទាំងមានត្រចៀកសជឿតាមសម្តីម្តាយ និងបងប្អូន របស់គេណាស់ ដែលផ្លុំច្រចៀកគេឱ្យស្អប់នាងជាប្រពន្ធ ព្រោះតែក្រុមគ្រួសារ ខាងប្តី មិនសូវជាស្រលាញ់ពេញចិត្តនាងជាមនុស្សក្រីក្រ។ ទីបំផុត ប្តីក៏ដាច់ចិត្ត វេចបង្វេចចុះចោលប្រពន្ធកំពុងតែពោះធំ៦ខែ ធ្វើឱ្យនាងរងទុក្ខសម្រាលកូនខ្ចីតែ ម្នាក់ឯង យ៉ាងលំបាកវេទនា កុំតែបានក្រុមគ្រួសារជួយយកអាសា មិនដឹងជាវេទនា យ៉ាងណា? រហូតនាងសម្រាលកូនបាន៥ខែ រឹងសរសៃសរសូង ទើបឃើញប្តី អើតក្បាលត្រឡប់មកវិញឱ្យក្រឡឺម សុំនាងជានាគ្នាវិញ។ ដោយគិតថា មិនចង់ធ្លាក់ខ្លួនជាស្រីមេម៉ាយដូចម្តាយ នាងក៏ព្រមទទួល យកប្តីរួមរស់ជាមួយគ្នាវិញទៅ។

លោកយាយទូច ចន្ថា

នាងខុម សុគា បន្តទាំងអួលដើមកថា ពេលត្រូវ រ៉ូវគ្នាសាជាថ្មីម្តងទៀត ប្តីបាននាំម្តាយកូនពួកនាងទៅ រស់នៅស្រុកកំណើតខាងប្តី ប៉ុន្តែពេលទៅដល់ ក្រុមគ្រួសារខាងប្តី ជាពិសេសម៉ែក្មេកមិនពេញចិត្តនាងឡើយ ដោយបានព្យាយាមនិយាយអុជអាលឱ្យប្តីប្រពន្ធ នាងបែកបាក់គ្នា រួមផ្សំទាំងប្តីរបស់នាងជាមនុស្ស ត្រចៀកសស្រាប់ផង ក៏ជឿសម្តីក្រុមគ្រួសារគេទាំង ស្រុង រហូតហ៊ានជេរបណ្តេញប្រពន្ធឱ្យចុះចេញពីផ្ទះ ទៀតផង កាលពីអំឡុងខែមេសា ឆ្នាំ២០១៦ នេះ ធ្វើឱ្យ នាងយំឱបកូនត្រឡប់មកផ្ទះ រត់ឱ្យម្តាយជួយទាំង ទឹកភ្នែកហូររហាម ឈឺចាប់ក្នុងឱរាពើតផ្សា មិននឹក ស្មានថា ប្តីហ៊ានធ្វើបែបនេះដាក់នាងសោះ។ ហើយអ្វីដែលធ្វើឱ្យនាងតក់ស្លុតបំផុតនោះ គឺកូនប្រុសតែម្នាក់ ដែលនាងស្រលាញ់ស្មើកែវភ្នែក ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុកស្លាប់ចោលនាងទៀត។

អ្នកស្រីកេត គាយ

អ្នកស្រីកេត គាយ ជាម្តាយបានឱ្យដឹងថា គាត់អាណិតកូនស្រីនេះណាស់ មិនគួរណាត្រូវធ្លាក់ខ្លួន ជាស្រីមេម៉ាយទាំងវ័យក្មេង ដូចគាត់ជាម្តាយបែប នេះឡើយ ហើយគាត់ក៏មិននឹកស្មានថា កូនប្រសាហេង ស៊យរូបនោះ ព្រោះតែជឿសម្តីម៉ែគេ ហ៊ានបណ្តេញ ប្រពន្ធកូនឱ្យចុះចេញពីផ្ទះដូច្នេះដែរ។ តែយ៉ាងណា រឿងរ៉ាវទាំងអស់នេះ ចាត់ទុកជាកម្មកូនស្រីរបស់គាត់ បន្សល់ទុកកាលពីជាតិមុនមកទៅចុះ សង្ឃឹមថា ទៅថ្ងៃ ខាងមុខមិនអភ័ព្វរឿងប្តីធ្វើបាបទៀតទេ។

នាងប៉ម សារឿត

នាងនុត អ៊ាក អាយុ២៤ឆ្នាំ លោកយាយទូច ចន្ថា អាយុ៦៤ឆ្នាំ និងនាងប៉ម សារឿត អាយុ៣២ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា នាងសុគា គ្រាន់តែ ធំពេញក្រមុំភ្លាម មានរូបសម្រស់ស្រស់សោភាណាស់ តែបែរជាមានវាសនាអភ័ព្វរឿងស្នេហាទៅវិញ។ កាលនោះ បើម្តាយរបស់នាងមិនជំពាក់បំណុលគេ និងត្រូវម្ចាស់បំណុលប្រុងរឹបអូសយកផ្ទះ និងដី ក៏ម្តាយនាងមិនលើកកូនស្រីឱ្យរៀបការទាំងវ័យក្មេង បែបនេះដែរ តែនេះ ដើម្បីយកប្រាក់ថ្លៃទឹកដោះមក សងបំណុលគេ តែដឹងអី! ប៉ះចំកូនប្រសាជាមនុស្ស ប្រើប្រាស់គ្រឿងញៀន និងមានត្រចៀកស

នាងនុត អ៊ាក

ឆាប់ជឿ សម្តីម្តាយគេញុះញង់ណាស់ ដោយបានជេរបណ្តេញ នាងសុគា ធ្វើឱ្យនាងឈឺចាប់ទ្រាំលែងបាន ក៏យំឱប កូនត្រឡប់មកផ្ទះរបស់ខ្លួនវិញ ទាំងទឹកភ្នែកហូរសស្រាក់ គួរឱ្យសង្វេគណាស់ មិនខុសពីពាក្យចាស់ពោលថា “ចង់ចំណេញ ដាច់ចំណង”។
ជុំវិញរឿងរ៉ាវដែលបានលើកឡើងខាងលើនេះអ្នកយកព័ត៌មនាយើងមិនអាចទាក់ទងលោករីករាយ អាយុ២៤ឆ្នាំ ជាប្តី និងក្រុមគ្រួសារបកស្រាយបានទេ តែយ៉ាងណាយើងនឹងរង់ចាំគ្រប់ភាគីពាក់ព័ន្ធ បំភ្លឺ ជានិច្ច…”៕

RELATED ARTICLES