ខេត្តព្រះសីហនុ ៖ ក្មេងទំនើងមួយក្រុម មានគ្នា៣នាក់ ក្រោយពីផឹកស៊ីស្រវឹង នឹកឃើញដល់គំនុំចាស់ ក៏លើកគ្នាទៅព្រួតវាយយុវជនជាគូទំនាស់ទាំងកំរោល ដោយប្រើចបកាប់ពូថៅ និងចបជីក វាយរហូតដល់យុវជនរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មក្រោយ ពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់។
ជនសង្ស័យជាឃាតករដៃឆៅទាំង៣នាក់ នោះរួមមាន ទី១-ឈ្មោះសួន ចន្ធូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករធ្វើនំបញ្ចុក ទី២-ឈ្មោះពិន ភ័ក្ត្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ និងទី៣-ឈ្មោះប្រុស សុភា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់។ ជនសង្ស័យទាំង៣នាក់ មានលំនៅក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់។ ចំណែកជនរងគ្រោះមានឈ្មោះអោម សៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រវាងជនរងគ្រោះ និងក្រុមជនសង្ស័យខាងលើ ធ្លាប់កើតមានជម្លោះនឹងគ្នាម្តងរួចមកហើយ តែគ្រាន់តែប៉ះទង្គិចពាក្យសម្តីប៉ុណ្ណោះ ពោលគឺ មិនឈានដល់អំពើហិង្សានោះទេ ប៉ុន្តែជម្លោះនេះ បានធ្វើឱ្យភាគីជនសង្ស័យបានចងគំនុំទុក ក្នុងចិត្តរហូតមក។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យទាំង៣នាក់ខាងលី បាននាំគ្នាផឹកស៊ី រហូតដល់ស្រវឹងជោក រួចក៏នឹកឃើញដល់គំនុំចាស់ ក៏បែកគំនិត នាំគ្នាទៅរករឿងជនរងគ្រោះ រហូតឈានដល់ការព្រួតវាយសម្លាប់ជនរងគ្រោះតែម្តង ធ្វើឱ្យជនរងគ្រោះ ទទួលរងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុដែរ តែអកុសល ពេលដឹកទៅដល់ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាប់ខ្លួនក្រុម- ជនសង្ស័យទាំង៣នាក់ ព្រមទាំងដកហូតបានវត្ថុតាង រួមមានចបជីក១ ពូថៅ១ និងចបកាប់។
ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
ដោយឡែក សពជនរងគ្រោះត្រូវបាន សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕