ការយល់សប្តិ ឬសុបិន ធ្វើឱ្យមនុស្សមួយចំនួន ខ្វះការ ពិចារណា ជឿជាក់ទៅលើសុបិននោះ ក៏មាន អារម្មណ៍នៅវិលវល់តែលើសុបិននោះ បើសុបិនឃើញអាក្រក់ កើតក្តីខឹងសម្បា ឈាន ទៅប្រព្រឹត្តអំពើហិង្សា។ ជាក់ស្តែង បុរស ម្នាក់នេះ បានប្រាប់ថា តាំងពីយល់សប្តិឃើញប្រពន្ធមានប្រុសថ្មីមក ធ្វើឱ្យអារម្មណ៍ គេប្រចណ្ឌ ក៏បែកគំនិតផឹកស្រាស្រវឹង ទាញផ្គាប់ដេញកាប់ប្រពន្ធ ព្រោះតែរឿង យល់សប្តិឃើញប្រពន្ធផិត…។
នាងសៀន ម៉ៅ អាយុ៣៤ឆ្នាំ រស់នៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងមានឪពុកឈ្មោះហុន សៀន អាយុ៩៩ឆ្នាំ ម្តាយឈ្មោះចាន់ អ៊ុន អាយុ៦៥ឆ្នាំ រូបនាងជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រី៦នាក់។ លុះពេលធំពេញក្រមុំ នាងបានរៀបការជាមួយ ប្តីឈ្មោះលី សៅ អាយុ៣៩ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតបានកូន៣នាក់ តែស្លាប់ទៅវិញអស់ម្នាក់ នៅរស់រានមានជីវិតតែកូនប្រុស២ នាក់ប៉ុណ្ណោះ។ ប្តីរបស់នាងជាកូនប្រុសលោកមេភូមិក្នុងមូលដ្ឋានរស់នៅសព្វថ្ងៃនេះ ដែលកាលពីកំលោះ ប្តីមានករិយាមាយាទរមទម្យសុភាពរាបសាណាស់ មិនចេះផឹកស៊ី ដើរក្នុងចំណោមក្រុមបងតូចបងធំឡើយ ពោលគឺដឹងតែពីខំប្រឹង ជួយធ្វើការក្រុមគ្រួសារប៉ុណ្ណោះ សូម្បីតែនិយាយស្តីក៏ដឹងខុសត្រូវ អ្នកភូមិផង របងជាមួយអាណិតស្រលាញ់គ្រប់គ្នា។ ពិសេសទៅទៀតនោះ ក្រមុំមួយចំនួនធំ ក្នុងភូមិសុទ្ធតែចង់បានរូបគេយកធ្វើប្តីគ្រប់គ្នា តែបែរជាប្តីបាក់ចិត្តជំពប់ស្នេហ៍ លើរូបនាងទៅវិញ ដោយបាននាំចាស់ទុំរបស់គេចូលស្តីដណ្តឹងនាងដល់មេបា រៀបការក្រាបក្បាលដល់កន្ទេល តាមប្រពៃណី។ ប៉ុន្តែអ្វីដែលធ្វើឱ្យនាង អស់សង្ឃឹម និងអ្នកស្រុកហួសចិត្តមិននឹកស្មានដល់នោះ ស្រាប់តែប្តីនាងក្លាយ ទៅជាមនុស្សប្រមឹកស្រាស និងកើតរោគប្រចណ្ឌតែមួយប៉ប្រិចភ្នែក។
នារីជាប្រពន្ធរូបនេះ បន្តទាំងទឹកមុខស្រពាប់ស្រពោនថា ក្រោយពីរៀបការ រួមរស់ជាមួយគ្នាបានមួយរយៈខ្លី ស្រាប់តែប្តីនាងបែកគំនិតមានបនភឿន ទៅ អង្គុយព័ទ្ធវង់ជល់កែវនៅតៀមស្រារាល់ថ្ងៃ មិនសូវអើពើរឿងការងាររកប្រាក់ឡើយ ហើយថែមទាំងកើតរោគប្រចណ្ឌប្រពន្ធផុតលេខ ពោលគឺឱ្យតែត្រឡប់មក ពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ចូលដល់ផ្ទះតែងរករឿងវាយតប់ទាត់ធាក់ប្រពន្ធគ្មាន ញញើតដៃប្រៀបដូចជា សត្រូវស៊ីសាច់ហុតឈាម ចងគំនុំគ្នាពីពេលណាមកអ៊ីចឹង។ ប្តីប្រចណ្ឌប្រពន្ធ គ្មានហេតុផលអ្វីទាំងអស់ រហូតដល់មិនអនុញ្ញាតឱ្យ នាងចេញពីផ្ទះទៀតផង។ សូម្បីតែនាងទៅបន្ទោបង់លាមកនៅក្នុងព្រៃខាង ក្រោយផ្ទះ ក៏ប្តីរករឿងបង្កជម្លោះចោទនាងមានល្បិចស្នៀតទៅជួបប្រុសសហាយ ក៏ទាញរំពាត់ ដំបងផ្កក្គា់ដេញវាយកាប់ប្រហារលើរូបនាងគ្មានអាសូរស្បែក។
នាងសៀង ម៉ៅ បញ្ជាក់ថា ចាប់តាំងពីរួមរស់ជាមួយប្តីមក នាងស្គាល់ រសជាតិអស់ហើយនៃការប្រើអំពើហិង្សា រាប់ចាប់ទាំងត្រូវរំពាត់ ត្រូវដំបង បោចសក់ ឡើងជង្គង់ ច្របាច់ក រត់គេចពីការដេញកាប់ប្រហារដោយខ្វែវ កាំបិតផ្គាក់របស់ប្តី ឱ្យអ្នកស្រុកជួយផ្អើលភូមិ ដែលកាលនោះជីវិតនាងត្រូវរងទុក្ខ លំបាកហូរទឹកភ្នែកឥតស្រាក ប្រៀបដូចជាធ្លាក់នរកទាំងរស់អ៊ីចឹង ប៉ុន្តែដោយសារមុជមិនជ្រៅទៅមិនឆ្ងាយ និងអាណិតកូនៗ មិនចង់ឱ្យពួកគេក្លាយជាក្មេង កំព្រាទាំងវ័យក្មេង ទើបនាងទ្រាំរស់នៅជាមួយទឹកភ្នែកក្រោមអំពើហិង្សារបស់ ប្តីរហូតមកដល់សព្វថ្ងៃ។ កន្លងមក ខាងឪពុកក្មេករបស់នាងជាមេភូមិស្រាប់ ធ្លាប់បានកោះហៅប្តី របស់នាង ទៅធ្វើការអប់រំជាញឹកញាប់ដែរ ប៉ុន្តែប្តីរបស់នាងយកលេសស្រវឹងស្រា ជាការដោះសាថា រូបគេមិនដឹងខ្លួន ឯងបានធ្វើអ្វីខ្លះលើប្រពន្ធទេ ហើយប្តីមិនដែលកែខ្លួនម្តងណាឡើយ ដោយនៅតែបន្តការប្រើអំពើហិង្សា ជាបន្តបន្ទាប់ សូម្បីតែភ្លើងប្រចណ្ឌ របស់ប្តីក៏មិនថមថយដែរ។
នារីប្តីវាយធ្វើបាបរូបនេះ បានរំលឹកថា កាលពីប៉ុន្មានខែមុនមាន មន្ត្រីនគរបាលប្រមាណ១០នាក់ ចុះមកធ្វើការក្នុងភូមិនេះ ហើយឪក្មេក បនាចាត់នាងនិងស្ត្រីក្នុងភូមិ២-៣នាក់ទៀត ធ្វើម្ហូបដាំបាយឱ្យនគរបាល ទាំងនោះ ស្រាប់តែប្តីឡប់ខួរ របស់នាងចោទនាងមានសហាយស្មន់ ជាមួយមន្ត្រីនគរបាលទាំងនោះ ទាំងទទឹងទិស។ តែប្តីក៏ឆ្លាតដែរ មិន ហ៊ានទៅរករឿងឈ្លោះជាមួយនាងដល់កន្លែងដាំបាយ នោះឡើយ ម៉្លេះអី! ច្បាស់ជាត្រូវសមត្ថកិច្ច ចាប់វ៉ៃខ្នោះ យកទៅឱ្យដេកគុកទះមូសបាត់ទៅហើយ។ សព្វថ្ងៃនេះ ទាំងនាងនិងឪពុកម្តាយ ទាំងសងខាងអស់តម្រិះក្នុង ការប្រដៅអប់រំប្តីហើយៗ នាងក៏មិនដឹងជាអាចទ្រាំ រស់នៅជាមួយប្តីរូបនេះបានប៉ុន្មានឆ្នាំទៀតដែរ។
លោកលី សៅ ជាប្តី ដែលកំពុងអង្គុយស្តាប់ ប្រពន្ធរៀបរាប់ ដោយមានឪពុកបង្កើតជាមេភូមិ អង្គុយនៅក្បែរនោះផងដែរ បានឱ្យដឹងថា លោកមិនមានចិត្តចង់វាយធ្វើបាបរករឿងប្រពន្ធកូនទេ ប៉ុន្តែ ឱ្យតែលោកផឹកស្រាស្រវឹង គឺបាត់បង់ម្ចាស់ការអស់ រលីង មិនដឹងថាខ្លួនឯងបានធ្វើអ្វីខ្លះដាក់ប្រពន្ធកូនទេ ទើបតែប្រពន្ធរៀបរាប់នៅពេលនេះ ទើបធ្វើឱ្យលោកភ្ញាក់ខ្លួន តែយ៉ាងណា លោកសុខចិត្តទទួលខ្លួនខុសគ្រប់យ៉ាងទាំងអស់។ ចំពោះរឿងប្រចណ្ឌ លោកនៅចាំ បានថា គឺមកពីលោកចាញ់បោកយល់សប្តិតែម្តង ព្រោះ លោកតែងសុបិនឃើញប្រពន្ធក្បត់ចិត្ត ទៅមានទំនាក់ទំនងស្នេហាជាមួយប្រុសឈ្មោលជាញឹកញាប់ ទើប ពេលលោកផឹកស្រាស្រវឹងម្តងៗតែងនឹកឃើញដល់ ការយល់សប្តិឃើញប្រពន្ធមានប្រុសថ្មី កើតក្តីខឹងសម្បា ក៏រករឿងទាញកាំបិតផ្គាក់ដេញកាប់ប្រពន្ធតែម្តង។ តែពេលនេះ លោកសូមសន្យានៅចំពោះមុខប្រពន្ធ និងឪពុកម្តាយ ក៏ដូចជាអ្នកកាសែតធ្វើជាសាក្សីថា លោកឈប់ជឿការយល់សប្តិ មកប្រចណ្ឌរករឿងបង្កជម្លោះ ជាមួយប្រពន្ធទៀតហើយ។ រីឯការផឹកស្រា លោក មិនទៅអង្គុយព័ទ្ធវង់ផឹកនៅតៀមស្រាទៀតទេ យ៉ាងច្រើនណាស់ទិញមកផឹកនៅផ្ទះមួយកូនកែវប៉ុណ្ណោះ។
នាងលឹម រីម ជាប្អូនជីដូនមួយបានឱ្យដឹងថា ជម្លោះនៅក្នុងរង្វង់គ្រួសារប្តីប្រពន្ធបងប្រុសស្រីមួយ គូនេះ គឺផ្តើមឡើងពីភ្លើងប្រចណ្ឌរបស់បងថ្លៃប្រុស ដោយសារយល់សប្តិប្រពន្ធផិត លុះពេលផឹកស្រា ស្រវឹងមករករឿងបង្កជម្លោះឈានដល់ការប្រើអំពើ ហិង្សាក្នុងគ្រួសារ ធ្វើឱ្យប្រពន្ធកូនរស់នៅពោរពេញ ដោយការភ័យខ្លាចរាល់ថ្ងៃ។ តែបើបងថ្លៃគ្រវាត់ចោល ដបស្រាដូចដែលបានសន្យាមែននោះ ប្រហែលជា គ្មានរឿងអ្វីត្រូវឈ្លោះប្រកែកគ្នាទៀតឡើយ។
លោកលី ឌី និងអ្នកស្រីភួន ឃីន ជាឪពុកម្តាយ របស់លោកលី សៅ បានឱ្យដឹងថា ពួកគាត់ទាល់តម្រិះ នឹងប្រដៅអប់រំកូនប្រុសម្នាក់នេះហើយ ព្រោះកន្លងមករូបគេ មិនដែលស្តាប់ការអប់រំទូន្មានប្តីប្រពន្ធគាត់ផង។ ពួកគាត់បញ្ជាក់ថា រឿងរ៉ាវទាំងអស់នេះមកពី កូនប្រុស របស់ពួកគាត់តែម្នាក់ជាអ្នកបង្កឡើង ដោយសារយកការយល់សប្តិឃើញប្រពន្ធមានប្រុសថ្មីថា ជាការពិត ក៏រករឿងប្រចណ្ឌប្រពន្ធ រួចទៅផឹកស្រា ស្រវឹងមកទាញផ្គាក់ដេញកាប់ប្រពន្ធគ្មានប្រណីដូចនេះ បើកូនប្រុសគាត់មិនព្រមកែខ្លួនទេ គឺបណ្តោយតាមយថាកម្ម របស់គេទៅចុះ…”៕