Tuesday, May 21, 2024
Homeសង្គម និងជីវិតមីកញ្ចប់ពុលស្លាប់ក្មេងស្រីម្នាក់ទៀតហើយ នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ! ឪពុកម្តាយយំដល់សន្លប់...

មីកញ្ចប់ពុលស្លាប់ក្មេងស្រីម្នាក់ទៀតហើយ នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ! ឪពុកម្តាយយំដល់សន្លប់…

ភ្នំពេញ ៖ កុមារីអាយុ៩ឆ្នាំម្នាក់ បានទិញមីកញ្ចប់ហូបអស់១កញ្ចប់នៅសាលារៀន រួចក៏ស្រាប់តែកើតមានអាការឈឺពោះក្អួតចង្អោ និងត្រូវគ្រូបង្រៀនទាក់ទងហៅឪពុកម្តាយ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ស្រាប់តែអកុសល ក្មេងស្រីរងគ្រោះបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យក្រុមគ្រួសារសង្ស័យថា កូនស្រីស្លាប់ ដោយសារពុលមីកញ្ចប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

កុមារីដែលត្រូវក្រុមគ្រួសារសង្ស័យថា ពុលមីកញ្ចប់ស្លាប់នោះ មានឈ្មោះភៀន ឆេងលៀង អាយុ៩ឆ្នាំ ជាសិស្សសាលាបឋមសិក្សា ហ៊ុនសែន ទួលសុភាឃួន និងសាលាអន្តរជាតិ ប៊ែលធីជម្ពូវន្ត មានឪពុកឈ្មោះផាន់ ភៀន អាយុ៤១ឆ្នាំ មុខរបរលក់ត្រីនៅផ្សារព្រៃទា ម្តាយឈ្មោះជិន សុខឃឿន អាយុ៣៩ឆ្នាំ មុខរបរលក់ត្រី មានលំនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិព្រៃភូមិ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

តាមសម្តីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា កូនរបស់គាត់មានតែ២នាក់ទេ សុទ្ធតែស្រី ដោយកូនច្បង អាយុ១៧ឆ្នាំ ចំណែកកូនស្រីពៅអាយុ៩ឆ្នាំ (ក្មេងស្រីរងគ្រោះ)។ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ អ្នកគ្រូបង្រៀននៅសាលាបឋមសិក្សា ហ៊ុនសែន ទួលសុភាឃួន បានទូរស័ព្ទប្រាប់គាត់ជាម្តាយថា កូនស្រីរបស់គាត់ មិនសូវស្រួល។ ភ្លាមនោះ គាត់និងប្តី បានប្រញាប់ដឹកគ្នាទៅដល់សាលាភ្លាមៗ លុះពេលសួរនាំកូនថា កូនឯងកើតអី បានជាចុកពោះ? ស្រាប់តែឮក្មេងៗជាមិត្តភក្តិ បាននិយាយប្រាប់ថា ឆេងលៀង បានទិញមី១កញ្ចប់ យកមកញ៉ាំ តែមិនដឹងថាមីម៉ាកអីទេ រួចហើយបានរត់លេង ហើយស្រាប់តែចុកពោះ និងក្អួតតែម្តង។

ដោយសារតែអួលដើមកមិនអាចរៀបរាប់បន្តទៀតបាន ទើបបុរសជាប្តី និងត្រូវជាឪពុករបស់ក្មេងស្រីរងគ្រោះបានរៀបរាប់បន្តវិញ ម្តងថា បន្ទាប់មកពួកគាត់២នាក់ប្តីប្រពន្ធ បានដឹកកូនស្រីមកកន្លែងលក់ដូរនៅផ្សារព្រៃទា ដោយមិនបានចាប់អារម្មណ៍ថា ធ្ងន់ទេ ស្មានតែកូនស្រីឈឺពោះធម្មតា ហើយក៏បានលាបប្រេងកូឡាឱ្យរួចហើយ ក៏ឱ្យកូនស្រីដេក និងបាននិយាយលេងជាមួយកូនស្រីបណ្តើរលក់ត្រីបន្តបណ្តើរ។

បុរសជាឪពុកក្មេងស្រីរងគ្រោះបន្តថា លុះរយៈពេលប្រមាណកន្លះម៉ោងក្រោយមក កូនស្រីរបស់គាត់ចាប់ផ្តើមមានអាការកាន់តែធ្ងន់ ទើបពួកគាត់ប្រញាប់ដឹកបញ្ជូនកូនស្រីទៅគ្លីនិក ២៤ម៉ោង ជិតផ្សារព្រៃទា ដើម្បីសង្គ្រោះ តែពេលទៅដល់គ្លីនិក គ្រូពេទ្យឃើញអាការកូនស្រីរបស់គាត់ធ្ងន់ពេក មិនបានទទួលព្យាបាលទេ ប្រាប់ឱ្យយកទៅមន្ទីរពេទ្យធំទៅ។ បន្ទាប់មកពួកគាត់ក៏បានដឹកកូនស្រីតាមផ្លូវសហព័ន្ធរុស្សី សំដៅទៅមន្ទីរពេទ្យរដ្ឋ តែដោយសារផ្លូវស្ទះចរាចរណ៍ពេក ហើយអាការកូនស្រីកាន់តែធ្ងន់ ទើបសម្រេចនាំចូលទៅមន្ទីពេទ្យស័ងម៉ារី នៅមុខព្រលានយន្តហោះពោធិ៍ចិនតុង តែបានបញ្ជូនដល់ពេទ្យខាងលើ គ្រូពេទ្យនិយាយប្រាប់ថា មិនមានសង្ឃឹមឡើយព្រោះធ្ងន់ធ្ងរទៅហើយ តែខាងគ្រូពេទ្យបានព្យាយាមជួយធ្វើចលនាបានមួយសន្ទុះក្រោយមក ស្រាប់តែកូនស្រីរបស់គាត់បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយពីកូនស្រីជាទីស្រលាញ់ដាច់ខ្យល់ស្លាប់ គេឃើញឪពុកម្តាយ ព្រមទាំងបងប្អូនសាច់ញាតិ យំសោកបោកខ្លួនយ៉ាងខ្លាំង ជាពិសេស ឪពុកម្តាយនិងបងស្រីយំសោកបោកខ្លួន រហូតដល់បុរសជាឪពុកដួលសន្លប់ ចំណែកម្តាយរកកលនឹងសន្លប់ដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅសាកសួរ និងធ្វើកោសល្យវិច័យសាកសពដែរ តែរកធ្វើអ្វីក៏មិនកើត ដោយសារតែឪពុកម្តាយ និងក្រុមគ្រួសារមានការសោកស្តាយខ្លាំងពេក គិតតែពីយំសោកបោកខ្លួន ទើបសមត្ថកិច្ចបាននាំគ្នាត្រឡប់ទៅវិញអស់ទៅ។ ក្រោយមកទើបក្រុមគ្រួសារបានសុំយកសពទៅធ្វើបុណ្យនៅស្រុកកំណើត ដោយមិនបានប្តឹងប្តល់ទេ ហើយសមត្ថកិច្ចជំនាញក៏មិនបានធ្វើកោសល្យវិច័យដែរ បានត្រឹមចេញសំបុត្រមរណភាពឱ្យទៅក្រុមគ្រួសារដើម្បីដឹកសពយកទៅស្រុកកំណើត ឯខេត្តព្រៃវែង រៀបចំធ្វើបុណ្យតាមប្រពៃណី ប៉ុណ្ណោះ។

ជុំវិញករណីក្មេងស្រីស្លាប់ខាងលើនេះ សមត្ថកិច្ចមិនបានដឹងពីមូលហេតុពិតប្រាកដទេ ប៉ុន្តែបើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ សង្ស័យថា មកពីពុលមីកញ្ចប់ ទើបបណ្តាលឱ្យស្លាប់៕

RELATED ARTICLES