Wednesday, May 22, 2024
Homeព័ត៌មានជាតិច្រឡំឱបកូនក្រមុំ ប្រពន្ធសំពង៣អង្រែ

ច្រឡំឱបកូនក្រមុំ ប្រពន្ធសំពង៣អង្រែ

សុរា បើផឹកជោកជាំ រហូតដុះមេកាលណា ធ្វើឱ្យវង្វេងវង្វន់ស្មារតី មើលសថាខ្មៅ មើលល្អថាអក្រក់ សូម្បីបងប្អូន ប្រពន្ធកូន ក៏មើល លែងស្គាល់ដែរ។ ជាក់ស្តែង បុរសប្រមឹកស្រាស ម្នាក់នេះ ត្រូវបានប្រពន្ធឱ្យដឹងថា ប្តីរបស់នាងផឹកស្រាស្រវឹង អួទីនួរាល់ថ្ងៃ លុះមានថ្ងៃមួយចូលដល់ផ្ទះ ឃើញកូន ក្រមុំយកអាវម្តាយពាក់ ក៏ស្ទុះទៅឱបពីក្រោយ ធ្វើ ឱ្យកូនក្រមុំភ័យស្រែកឱ្យម្តាយជួយនាងក៏ទាញ អង្រែបុកគ្រឿងសំពង៣ អង្រែឡើងទ្រមខ្លួន…។

នាងបៀ សា អាយុ៣៦ឆ្នាំ រស់នៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ ឱ្យដឹងថា នាងមានឪពុកឈ្មោះថោង បៀ អាយុ៦០ ឆ្នាំ ម្តាយឈ្មោះផាន មុច អាយុ៦២ឆ្នាំ។ នៅពេលធំ ពេញវ័យ ឪពុកម្តាយបានរៀបចំទុកដាក់ឱ្យនាងរៀបការជាមួយប្តីឈ្មោះសៃ សេត អាយុបងនាង២ឆ្នាំ ជាអ្នកស្រុកភូមិជាមួយគ្នា ដោយរួមរស់សាងគ្រួសារ ថ្មីបង្កើតបានកូន៦នាក់ (ស្រី៥ ប្រុស១) ជាចំណង និស្ស័យ។ តាំងពីចាប់ដៃគ្នាមក ប្តីប្រពន្ធនាងរស់នៅ មិនសូវមានសុភមង្គលប៉ុន្មានឡើយ តែងជួបរឿងរ៉ាវ ឈ្លោះប្រកែកគ្នាឥតស្វាង រហូតប្តីហ៊ានលើកដៃវាយ តប់ទាត់ធាក់រូបនាងជាប្រពន្ធទៀតផង។ កាលដើម ឡើយ នាងទទួលរងនូវអំពើហិង្សារបស់ប្តីឈឺសាច់ ស្ទើររាល់ថ្ងៃ លុះក្រោយមក ដោយសារមិនអាចទ្រាំ ឈឺសាច់តទៅទៀត នាងក៏វាយតបតជាមួយប្តីវិញ ដើម្បីការពារខ្លួន ម៉្យាងទៀតកុំឱ្យប្តីកាន់តែបានចិត្ត ពេក ព្រោះបើនាងមិនងើបតតាំងទេ ប្តីរករឿងឈ្លោះ ជេរបញ្ចោរប្រពន្ធកូនប៉ាតណាប៉ាតណា ផ្អើលអស់ អ្នកជិតខាងរកដេកពួនមិនបានឡើយ។ មិនតែប៉ុណ្ណោះ ប្តីនេះ បើបានជួបជុំបនភឿនអង្គុយព័ទ្ធវង់ជល់កែវ ហើយ ទាល់តែ៥ថ្ងៃ ទៅ១អាទិត្យ ទើបឈប់ផឹក មិន ខ្វាយខ្វល់ពីការងារស្រែចម្ការទេ ទោះបីជាប្រពន្ធកូន អត់បាយក្រហាយទឹក ក៏ប្តីប្រមឹករូបនេះមិនឈឺក្បាល វិលមុខដែរ ដែលហេតុផលទាំងអស់នេះហើយ ធ្វើ ឱ្យប្តីប្រពន្ធនាងកើតមានជម្លោះ ឈានដល់ការប្រើ អំពើហិង្សាវាយតប់គ្នា។

លោកសៃ សេត

ស្ត្រីជាប្រពន្ធរូបនេះបញ្ជាក់ថា កាលពីកើតមានជម្លោះចុងក្រោយ រហូតនាងទាញអង្រែបុកគ្រឿងសំពងប្តីនោះ គឺនៅពេលប្តីត្រឡប់មកពី ព័ទ្ធវង់ជល់កែវស្រវឹងធ្លាក់ភ្នែក មិនដឹងជាឡប់ខួរអ្វី មើលលែងស្គាល់ប្រពន្ធ លែងស្គាល់កូន ស្រាប់តែ​ដើរទៅឱបកូនក្រមុំខ្លួនឯងពីក្រោយខ្នង ធ្វើឱ្យកូន​ភិតភ័យនឹកស្មានឪពុកប្រព្រឹត្តអំពើផ្តេសផ្តាស ក៏ស្រែកឱ្យគេជួយ ឡើងភ្លាត់សំឡេង ធ្វើឱ្យនាងស្ទុះទៅជួយកូនស្រីភ្លាមៗ និងក្តៅចិត្តជាមួយ ប្តីប្រមឹករូបនេះផង ក៏ទាញអង្រែបុកគ្រឿងសំពងប្តី៣អង្រែ ទុកជាការ ព្រមាន ទម្រាំតែសួរនាំដឹងប្តីច្រឡំកូនស្រីក្រមុំថាប្រពន្ធ ប្តីត្រូវ៣អង្រែ ឡើងទ្រមខ្លួនបាត់ទៅហើយ។ តែយ៉ាងណា វាជាមេរៀនមួយសម្រាប់ប្តី មុន នឹងធ្វើអ្វីមួយត្រូវមើលឱ្យបានច្បាស់ ពុំនោះទេ ច្បាស់ជាត្រូវឈឺសាច់ ដូចពេលនោះទៀតជាមិនខាន។

នាងបៀ សា

លោកសៃ សេត ជាប្តីបានទទួលស្គាល់ថា កន្លងមក លោកពិតជា បានប្រើអំពើហិង្សិាលើប្រពន្ធមែន ដោយសារជាតិស្រាចូលខ្លួន ប៉ុន្តែ ទន្ទឹមគ្នានោះ ប្រពន្ធក៏បានវាយតបតវិញ បណ្តាលឱ្យលោករងរបួសដែរ សរុបទៅវាយមកវាយទៅស្មើគ្នា គ្មានអ្នកណារងគ្រោះឡើយ។ ចំពោះ រឿងចាប់ឱបកូនក្រមុំនោះ លោកគ្មានចេតនាទៅបំពានលើរូបរាងកាយ កូនស្រីទេ តែកាលនោះ ក្រោយពីលោកផឹកស្រាស្រវឹងធ្លាក់ភ្នែក ចូលដល់ ផ្ទះស្រែកហៅប្រពន្ធកូន គ្មានអ្នកណាឆ្លើយតបជាមួយលោកសោះ។ លុះពេលលោកដើរចូលចង្ក្រានបាយ ឃើញកូនស្រីកំពុងអង្គុយដាំបាយ និងយកអាវម្តាយពាក់ (អាវប្រពន្ធ) ពេលលោកមើលពីក្រោយខ្នងមិន បានចាប់អារម្មណ៍ថាកូនក្រមុំ ដោយនឹកស្មានថាជាប្រពន្ធ ក៏ដើរលបៗ ទៅចាប់ឱបនាងពីក្រោយខ្នង ធ្វើឱ្យកូនស្រីស្រែកផ្អើលឆោឡោឱ្យគេជួយ និង រកតែលោកនិយាយបកស្រាយមិនទាន់ផង ស្រាប់តែប្រពន្ធ ទាញអង្រែបុកគ្រឿង សំពងក្បាលលោកយកមួយឈ្នះដៃ បាត់។ នេះសំណាងហើយដែលលោករត់គេចខ្លួនផុត ម៉្លេះអី! ច្បាស់ជាប្រពន្ធសំពងប្តីដល់ស្លាប់ជាមិនខាន។

នាងសេត សិទ្ធី

នាងសេត សិទ្ធី ជាកូនស្រីច្បងបានឱ្យដឹងថា នាងក៏ដឹងថា ឪពុកគ្មានបំណង អាក្រក់មកលើរូបនាងដែរ តែមកពីពេលនោះនាងយកអាវម្តាយពាក់ ហើយពេល ឪពុកស្រែកសួររកប្រពន្ធកូន ម្តាយមិនឆ្លើយតប ទើបធ្វើឱ្យឪពុកច្រឡំ​នាងថាម្តាយ ក៏មកចាប់ឱបនាងពីក្រោយខ្នង​បែបនេះ។ ពេលនោះ ដោយសារនាងភិតភ័យខ្លាំង ពេក​ទើបស្រែកឱ្យម្តាយជួយឡើង​ភ្លាត់សំឡេងតែម្តងទៅ។ តែយ៉ាងណា ទម្រាំតែសួរ នាំដឹងខុសត្រូវឪពុកច្រឡំនាងជាមួយម្តាយ ម្តាយនាងបានទាញអង្រែបុកគ្រឿងសំពង ឪពុក៣អង្រែ ឡើងទ្រមខ្លួនបាត់ទៅហើយ។

យុវតីសេត តុត

យុវតីសេត តុត អាយុ១៥ឆ្នាំ ជាកូនស្រីទី២ បាន ឱ្យដឹងថា បងប្អូនពួកនាងខ្មាសអៀនជាមួយអ្នកជិតខាង និងមិត្តភក្តិណាស់ ដែលឪពុកម្តាយឧស្សាហ៍ឈ្លោះ ប្រកែកគ្នាបែបនេះ។ ពួកគាត់ឈ្លោះប្រកែកជេរ បញ្ចោរ និងវាយតប់គ្នាម្តងៗ បងប្អូនពួកនាងពិបាក ចិត្តស្អិតទ្រូងណាស់ ពិសេសទៅទៀត កូនសុទ្ធជាស្រីធំ ពេញក្រមុំ បើឪពុកម្តាយនៅតែបន្តឈ្លោះប្រកែកគ្នា ព្រឹកល្ងាចៗ រកទីបញ្ចប់គ្មានដូចនេះ តើអនាគតពួក នាងក្លាយទៅជាយ៉ាងណា? ឱ្យតែឪពុកម្តាយឈប់ ឈ្លោះប្រកែកគ្នាតទៅទៀត ឱ្យពួកនាងធ្វើអ្វីក៏បានដែរ ប៉ុន្តែបំណងបងប្អូនពួកនាងប្រហែលជាមិនបានសម្រេច ទេ ដរាបណាឪពុកនៅតែយកស្រាធ្វើជាត្រីមុខ ស្រលាញ់ដបស្រាជាងប្រពន្ធកូនដូចនេះទៀត។

យុវតីសេត តុត និងនាងសេត សិទ្ធី

រីឯអ្នកស្រុកភូមិមួយចំនួនទៀត បានឱ្យដឹងស្រប គ្នាថា តាំងពីជួបប្រសព្វជាមួយគ្នាមក ប្តីប្រពន្ធនាង បៀ សា តែងជួបរឿងរ៉ាវឈ្លោះប្រកែកគ្នាជាបន្តបន្ទាប់ រហូតដល់វាយតប់កាប់ចាក់គ្នាទៅវិញទៅមក ទោះបី ជាកូនស្រីធំពេញក្រមុំ ក៏ប្តីប្រពន្ធនេះមិនព្រមភ្ញាក់រលឹក កែខ្លួនដែរ។ បើតាមពួកគាត់សង្កេតឃើញជាក់ស្តែង រាល់ជម្លោះភាគច្រើន គឺផ្តើមដោយបុរសជាប្តីជាមនុស្ស ប្រមឹកប្រចាំភូមិ ជាអ្នកបង្កឡើងមុន។  ចំពោះរឿងហេតុ ឪពុកទៅចាប់ឱបកូនក្រមុំរបស់ខ្លួនពីក្រោយ ច្រឡំ ប្រពន្ធ រហូតត្រូវ៣អង្រែបុកគ្រឿង ក៏ដោយសារស្រវឹង ស្រាធ្លាក់ភ្នែកមើលមិនស្គាល់ប្រពន្ធកូនខ្លួនឯងដែរ។

ផ្ទះនាងបៀ សា

គួរបញ្ជាក់ថា ជម្លោះប្តីប្រពន្ធដែលរស់នៅតាម ស្រុកស្រែចម្ការ រហូតឈានដល់ការប្រើអំពើហិង្សា វាយតប់គ្នាបែកក្បាលហូរឈាម និងមានអ្នកខ្លះស្លាប់ អ្នកខ្លះជាប់គុក​ជាប់ច្រវាក់ក៏ដោយសារប្រមឹកស្រា-ស នេះឯង។ ពេលវាផឹកចូលពោះពេលណាផ្លាស់ប្តូរ និស្ស័យស្លូតត្រង់អស់ ទៅជាព្រហើនកោងកាច អាង កាប់អាងចាក់ សូម្បីតែឪពុកម្តាយ ឬប្រពន្ធកូនខ្លួនឯង បង្កើតក៏មិនស្គាល់ដែរ។ ដូចនេះ បើចង់បានសុខភាពល្អ អាយុយឺនយូរ សុខដុមរមនាក្នុងគ្រួសារ គួរតែកាត់បន្ថយជាតិស្រវឹងឱ្យបានជាអតិបរមា…”៕

RELATED ARTICLES