ខេត្តព្រៃវែង ៖ មានអំពើហិង្សាមួយ បានកើតឡើងដោយយុវសិស្សឈាមរាវម្នាក់ ខណៈដែលកំពុងរៀនស្រាប់តែមានជម្លោះពាក្យសម្តីជាមួយសិស្សរួមម្នាក់ទៀតយ៉ាងតឹងសរសៃក ទប់អារម្មណ៍មិនបាន ក៏ទាញដាវកាប់ប្រហារលើគូទំនាស់ បណ្តាលឱ្យរបួសជាទម្ងន់បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១០ និង១៥នាទីព្រឹក នៅចំណុចវិទ្យាល័យរស្មីសាមគ្គី ស្ថិតនៅភូមិកំពង់ប្រាសាទ ឃុំកំពង់ប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។
យុវជនសង្ស័យជាអ្នកបង្កដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះសៅ សុកឡុង ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស មានលំនៅភូមិតាហ៊ុយ ឃុំកំពង់ប្រាសាទ ស្រុកពាមរក៍ បច្ចុប្បន្នស្នាក់ នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ។ ចំណែកជនរងគ្រោះ ឈ្មោះសុខុម សុខន ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស រស់នៅភូមិកំពង់ប្រាសាទ ឃុំកំពង់ប្រាសាទ បណ្តាលឱ្យ រងរបួសជាទម្ងន់ត្រង់ដៃដោយសារទំនាស់ក្នុងថ្នាក់រៀន ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលរបួសនៅប្រទេសវៀតណាម។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចនគរបាល ស្រុកកំពុងសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
តាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា ជនដៃដល់និងជនរងគ្រោះជាសិស្សរួមសាលាជាមួយគ្នា លុះដល់វេលាកើតហេតុ មិនដឹងជាពួកគេមានបញ្ហានឹងគ្នា ស្រាប់តែកើតមានជម្លោះពាក្យសម្តីជាមួយគ្នាយ៉ាងតឹងសរសៃ ហើយពេលនោះជនសង្ស័យមានរត់ទៅយកដាវកែច្នៃ មកកាប់ប្រហារជនរងគ្រោះ បណ្តាលឱ្យរងរបួសតែម្តង ត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យ ធ្វើការសង្គ្រោះ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាល បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនសង្ស័យនាំ មកសាកសួរនៅប៉ុស្តិ៍៕