ខេត្តបាត់ដំបង ៖ ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ ត្រូវបានឪពុកម្តាយទុកឱ្យនៅជាមួយបងប្រុស ស្រាប់តែពេលបងប្រុសរវល់ដាំបាយភ្លេចខ្លួនមួយភ្លែត ក្មេងស្រីតូចក៏ដើរចូលបន្ទប់ទឹករួច ក៏ដាំក្បាលចូលធុងស្ពេត្រូ បណ្តាលឱ្យឈ្លក់ទឹក ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្រុមទី៩ ភូមិប៉ោយសំរោង ឃុំ តាពូង ស្រុកថ្មគោល។
ក្មេងស្រីរងគ្រោះ ដែលដាំក្បាលចូលធុងស្ពេត្រូឈ្លក់ទឹកស្លាប់រូបនេះ មានឈ្មោះរស់ ភារី អាយុ៣ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយក្នុងភូមិ កើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅព្រឹកថ្ងៃកើតហេតុ ឪពុកម្តាយក្មេងស្រីរងគ្រោះរវល់ចេញទៅធ្វើការងារនៅក្រៅផ្ទះ ទើបទុកកូនស្រីតូច នៅផ្ទះឱ្យកូនប្រុសច្បងជួយមើលថែ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលបងប្រុស រវល់ដាក់ដាំបាយភ្លេចខ្លួនបន្តិច ក្មេងស្រីរងគ្រោះ ក៏បានដើរចូលទៅបត់ជើងនៅក្នុងបន្ទប់ទឹក លុះបត់ជើងរួចហើយ ក៏ដងទឹកពីក្នុងធុងស្ពេត្រូ តែដោយទឹកក្នុងធុងសល់តិចពេក ទើបធ្វើឱ្យក្មេងស្រីរងគ្រោះប្រឹងឱនទៅដងទឹក បណ្តាលឱ្យធ្លាក់ដាំក្បាលចូលទៅក្នុងធុងស្ពេត្រូ ក្រោកមកវិញមិនរួច ធ្វើឱ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័មតែម្តង។
ប្រភពដដែលបន្តថា លុះក្រោយពេលដាក់ដាំបាយរួចហើយ បងប្រុសក៏ស្រែកហៅរកប្អូនស្រី តែមិនឮសំឡេងឆ្លើយតបសោះ លុះពេលដើរទៅមើលក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញប្អូនស្រី ដាំក្បាលក្នុងធុងស្ពេត្រូលែងកម្រើកទៅហើយ ទើបប្រញាប់លើកប្អូនស្រីឡើង និងស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយតែយឺតពេលទៅហើយ ព្រោះក្មេងស្រីរងគ្រោះបាន ដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារដាំក្បាល ចូលទឹកធុងស្ពេត្រូប្រាកដមែន។
បច្ចុប្បន្នសពក្មេងស្រីរងគ្រាះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕