Wednesday, December 25, 2024
Homeព័ត៌មានជាតិប្រពន្ធរត់តាមប្រុសថ្មី ប្តីដេកឱបដបស្រា

ប្រពន្ធរត់តាមប្រុសថ្មី ប្តីដេកឱបដបស្រា

ប្តីប្រពន្ធស្រលាញ់គ្នាល្អូកល្អិន ដេកឱបទ្រូងជាមួយគ្នាក៏ដោយ បើមានភាគី ណាមួយងប់នឹងល្បែង ច្បាល់ជារលាយទ្រព្យសម្បត្តិ រហូតខូចខ្លួនប្រាណទៀត។ តួយ៉ាង បុរសម្នាក់នេះ យកប្រពន្ធប៉ះស្រី លេងល្បែងស៊ីសងផ្កាប់មុខ លក់អស់ដី ស្រែកេរអាកររលីង ហើយចុងក្រោយ ផិតក្បត់ប្តីរត់តាមប្រុសថ្មីបាត់ស្រមោល ធ្វើឱ្យប្តីឈឺចិត្តស្អិតទ្រូង ដេកឱបដបស្រា ស្ទើរក្លាយជាមនុស្សវិកិលចរិត…។

លោកម៉ី ហម អាយុ៤០ឆ្នាំ រស់នៅភូមិឫស្សីមួយគុម្ព ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ទាំង ស្អុយក្លិនស្រាហួងថា លោកជាកូនទី៥ ក្នុងចំណោមបងប្អូន១០នាក់ (ស្រី៥ ប្រុស៥) មានឪពុកឈ្មោះម៉ី ហ៊ឹម អាយុ៩០ឆ្នាំ ម្តាយស្លាប់។ កាលពីក្មេង លោករៀនសូត្របានតិចតួច ណាស់ មិនចប់ថ្នាក់បឋមសិក្សាផងក៏ឈប់ទៅ ដោយនៅផ្ទះ ជួយធ្វើការងារស្រែចម្ការជំនួសដៃជើងឪពុកម្តាយ។ លោក បញ្ជាក់ថា ក្នុងមួយជាតិនេះ លោកធ្លាប់មានប្រពន្ធចំនួន២នាក់់ ដែលកាលពីកំលោះអាយុ២០ឆ្នាំ ឪពុកម្តាយបានស្តីដណ្តឹង នារីម្នាក់ឈ្មោះចាន់ រៀបការធ្វើជាគូគាប់ទ្រនាប់ជីវិត ប៉ុន្តែគួរឱ្យស្តាយ បន្ទាប់ពីសាងស្នេហ៍នឹងគ្នាបានរយៈពេល២០ឆ្នាំ បង្កើតបានកូនស្រីម្នាក់ ជាចំណងនិស្ស័យ ប្តីប្រពន្ធរបស់លោក ក៏បែកបាក់គ្នាទៅ ព្រោះរស់នៅមិនចុះសម្រុងនឹងគ្នា។

នាងយឹម ទូច

លោកម៉ី ហម បន្តឱ្យដឹងថា ក្រោយពីធ្លាក់ខ្លួនជាបុរសពោះម៉ាយ អត់យូរជូរមាត់ អស់រយៈពេល២ឆ្នាំ លោកបានជួបស្នេហ៍ជាមួយប្រពន្ធទី២ ឈ្មោះយឹម ទូច អាយុប្អូន លោក២ឆ្នាំ ជាស្រីក្រមុំ។ នៅពេលជួបប្រសព្វគ្នាដំបូង ប្តីប្រពន្ធលោកស្រលាញ់គ្នា ណាស់ ដូចស្រមោចនិងស្ករ មិនដែលមានចិត្តផិតក្បត់គ្នាលួចទៅបង្កាត់ភ្លើងស្នេហ៍ ត្រីកោណជាមួយនឹងអ្នកទី៣ឡើយ ដែលកាលនោះ ប្រពន្ធលោកស័ក្តិសមជាប្រពន្ធ មានលក្ខណសម្បត្តិល្អនិងម្តាយល្អ ធ្វើឱ្យលោកមានចិត្ត ស្រលាញ់នាងពេញក្នុងបេះដូង និងតែងបំពេញតួនាទី ជាប្តីល្អ និងឪពុកល្អ ដោយខំប្រឹងធ្វើការរកប្រាក់មិនឱ្យ ប្រពន្ធកូន ពិបាករឿងអត់បាយក្រហាយទឹកម្តងណា ឡើយ។ រីឯរឿងការងារយប់ព្រលប់ ប្តីប្រពន្ធលោក តែងបំពេញជួយចូកជួយួចែវគ្នាមិនដែលខ្វះខាតម្តង ណាឡើយ រហូតធ្វើឱ្យប្រពន្ធពោះធំបង្កើតបានកូន ជាបន្តបន្ទាប់សរុបទាំងអស់ចំនួន៥នាក់(ប្រុសុ៣ ស្រី២) ជាត្រួយជីវិត។

លោកម៉ី ហម

បុរសជាប្តីរូបនេះ រំលឹកទាំងទឹកមុខស្រពាប់ស្រពោនថា កាលពីប៉ុន្មានឆ្នាំមុន ស្រាប់តែប្រពន្ធដ៏ល្អ របស់លោកនៅផ្ទះស្រួលពេកអត់ការងារធ្វើ ក៏បានទៅ លួចលេងល្បែងស៊ីសងពេលប្តីមិននៅផ្ទះ ចាញ់អស់ ប្រាក់រហូតអស់គូទខោ។ មិនត្រឹមតែប៉ុណ្ណោះថែមទាំង មានថ្លើមធំហ៊ានដើរខ្ចីលុយអ្នកស្រុក និងយកប្លង់ដីទៅបញ្ចាំខ្ចីលុយធនាគារច្រើនពាន់ ដុល្លារទៀត ដោយមិនប្រាប់ប្តីឱ្យដឹងមួយម៉ាត់ឡើយ។ លុះពេលជំពាក់បំណុលគេវ័ណ្ឌក ម្ចាស់បំណុលមកទារជុំទិស ទើបលោកដឹងរឿង ប៉ុន្តែហួសពេលបាត់ទៅហើយ បានត្រឹមតែ អង្គុយគក់ទ្រូងហួសចិត្តប៉ុណ្ណោះ។ តែយ៉ាងណា លោកមិនបានស្តីបន្ទោសឱ្យប្រពន្ធនាំឱ្យនាង ពិបាកចិត្តគិតខ្លីធ្វើអត្តឃាត ខ្លាចកូនកំព្រាម្តាយ។ ពេលនោះលោកមានតែបង្ខំចិត្តលក់ដី អស់ពីខ្លួន ដើម្បីយកប្រាក់ជួយសងបំណុលដែលប្រពន្ធជំពាក់គេ។
លោកម៉ី ហម រំលឹកទៀតថា ទោះអស់ដីស្រែចម្ការកេរអាករ ក៏លោកមិនស្តាយឡើយ សំខាន់ឱ្យតែប្រពន្ធភ្ញាក់រលឹកចេះកែខ្លួនឈប់ដើរផ្លូវខុសទៀតបានហើយ។ ចំណែករឿង បញ្ហាក្រពះរកស៊ីទទួលទាន ចាំចាប់ផ្តើមសាជាថ្មី ក៏មិនទាន់ហួសពេលដែរ តែដឹងអី! ប្រពន្ធ លោកជាឆ្កែកន្ទុយខ្វៀន មានព្រាយល្បែងកាន់ក្បាល ដដែល ពោលគឺឱ្យតែលោកចេញទៅ ស៊ីឈ្នួលជួលព័ទ្ធគេបាត់ នាងតែងចេញទៅអង្គុយ លេងល្បែងតាមក្រោយប្តីដែរ។ មិន ត្រឹមតែប៉ុណ្ណោះថែមទាំងមានចិត្តផិតក្បត់ប្តី លួចបង្កាត់ភ្លើងស្នេហ៍ត្រីកោណជាមួយប្រុស ឈ្មោលក្នុងវង់ល្បែងជាមួយគ្នាយ៉ាងត្រេកត្រអាល ដោយនាំគ្នាសេពសន្ថវៈរាប់មិនអស់ ដែលប្រុសសហាយរបស់ប្រពន្ធជើងល្អនេះ លោកសូមមិនប្រាប់ឈ្មោះឡើយ ព្រោះមិន ចង់នាំរឿងឱ្យកាន់តែវែងឆ្ងាយតទៅទៀត។ លុះពេលរឿងអាស្រូវស្នេហ៍ផិតក្បត់នេះត្រូវ បែកធ្លាយ ប្រពន្ធជើងល្អនេះ និងប្រុសសហាយបានពង្រត់គ្នាទៅបាត់ស្រមោល។

លោកម៉ី ហម និងកូន

លោកម៉ី ហម រំលឹកទាំងអួលដើមកទៀតថា ប្រពន្ធមិនត្រឹមក្បត់ចិត្តប្តីប៉ុណ្ណោះទេ ថែមទាំងប្រែចិត្តកាចសាហាវឃោរឃៅទៀត ដោយយកកូនស្រី២ នាក់ទៅបញ្ចាំគេនៅខេត្តក្រចេះ យកលុយស៊ីចាយជាមួយប្រុស សហាយយ៉ាងសប្បាយរីករាយលើគំនរទុក្ខប្តី ធ្វើឱ្យលោកឈឺចិត្តស្អិត ទ្រូងពើតផ្សា យកស្រាធ្វើជាមិត្តយល់ចិត្តផឹក ដើម្បីបំបាត់ទុក្ខប្រពន្ធ ក្បត់ចិត្តរត់តាមប្រុសថ្មី។

លោកហួន សៅ

អ្នកស្រីអ៊ី ដើង អាយុ៤៩ឆ្នាំ និងលោកភី វឿន អាយុ៥៦ឆ្នាំ ជាបងបានឱ្យដឹងស្របគ្នាថា ពួកគាត់មានចិត្តអាណិតប្អូនប្រុសណាស់ ដែលយកប្រពន្ធប៉ះចំស្រីផិតក្បត់បែបនេះ។ ចាប់តាំងពីប្អូនថ្លៃជើង ល្អនោះ ឱបបង្វេចរត់តាមប្រុសសហាយទៅ ប្អូនប្រុសរបស់ពួកគាត់ (ជាប្តី) តូចចិត្តខូចថ្លើមណាស់ មួយួថ្ងៃៗឃើញីតែកាន់ដបស្រាផឹក ដើម្បីបំបាត់ទុក្ខស្នេហ៍ ភ្លេចបាយ ភ្លេចទឹក ស្ទើរតែក្លាយជាមនុស្សវិកលចរិតទៅហើយ ទោះបីជាបងប្អូន ខិតខំនិយាយពន្យល់យ៉ាងណា ក៏ឥតប្រយោជន៏ដែរ។ ពួកគាត់ហួសចិត្តនឹងប្អូនថ្លៃស្រីនោះណាស់ មិនដឹងជាឡប់ខួរអី បានជាទៅបែកគំនិតលេងល្បែងស៊ីសងចាញ់អស់ គូទខោ បំផ្លាញអស់ដីស្រែកេរអាករជាង១ហិចតាររលីង ហើយចុង ក្រោយក៏ក្បត់ចិត្តប្តី ពង្រត់ប្រុសស្នេហ៍ ហើយអាក្រក់ជាងសត្វទៅ ទៀតនោះ ហ៊ានយកកូន២នាក់ទៅបញ្ចាំឱ្យគេទៀត។ តែក្រោយមក ក្មួយអភព្វ័ ត្រូវបានបងប្អូនប្រមូលលុយគ្នាទៅលោះយកត្រឡប់មក ផ្ទះវិញហើយ។

លោកភី វឿន

លោកហួន សៅ អាយុ៥៨ឆ្នាំជាអ្នកជិតខាងបានឱ្យដឹងថា ប្រពន្ធ របស់លោកម៉ី ហម ពិតជាញៀនល្បែងស៊ីសងបំផ្លាញអស់ទ្រព្យសម្បត្តិ ឱ្យរលាយខ្សុរអស់ ហើយចុងក្រោយក្បត់ចិត្តប្តីទៅលួចមានប្រុស ឈ្មោល រួចចុះចោលប្តីនិងកូនគ្មានស្រណោះ ទុកឱ្យលោកហម ឈឺ ចិត្តស្អិតទ្រូងជាពន់ពេក មួយថ្ងៃៗឃើញតែដេកឱបដបស្រា ស្រវឹង មិនស្វាង។

អ្នកស្រីអ៊ី ដើង

រីឯអ្នកស្រុកមួយចំនួនទៀត បានសម្តែងនូវទឹកចិត្តអាណិតអាសូរលោកម៉ី ហម ណាស់ ដែលយកប្រពន្ធជួបស្រីញៀនល្បែង ស៊ីសង និងផិតក្បត់។ ពេលនេះ លោកគ្មានសល់អ្វីក្រៅពីសំបក ខ្លួនទេ ព្រោះទ្រព្យសម្បត្តិទាំងអម្បាលមាន ត្រូវប្រពន្ធជើង ល្អនោះ បំផ្លាញអស់គ្មានសល់…។ តែយ៉ាងណា លោកហម មិនត្រូវអស់សង្ឃឹមនឹងជីវិតទេ ត្រូវតាំងចិត្តឱ្យរឹងមាំឡើង មិនត្រូវដេកឱបដបស្រា យកស្រាមកដោះស្រាយបញ្ហាបែបនេះឡើយ កាន់តែធ្វើបាបខ្លួនឯង ទៅវិញទេ។
ជុំវិញនឹងការលើកឡើងខាងលើនេះ អ្នកយកពត៌មានយើងមិនអាចទាក់ទងនាងយឹម ទូច អាយុ៣៨ឆ្នាំ ជាប្រពន្ធសុំការបកស្រាយបានទេ តែយើង នឹងរង់ចាំនាងប្រតិកម្មជានិច្ច…”៕

RELATED ARTICLES