ខេត្តកណ្តាល ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក ក៏ស្រាប់តែមករករឿងឈ្លោះប្រកែកជាមួយនឹងឪពុកម្តាយបង្កើតរបស់ខ្លួន រួចគំរាមចាក់សម្លាប់ឪពុកម្តាយចោល និងថែមទាំងបានទាញអង្រែបុកគ្រឿង វាយបំផ្លាញទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់ក្នុងផ្ទះខូចខាតខ្ទេចអស់ ទើបធ្វើឱ្យក្រុមគ្រួសារទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួន កាលពីវេលា ម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។
បុរសរងគ្រោះ ដែលត្រូវកូនប្រុសផឹកស្រាស្រវឹង គំរាមសម្លាប់ចោលនោះ មានឈ្មោះនួន រ៉ែន អាយុ៥៣ឆ្នាំ មុខរបរសន្តិសុខរោងចក្រ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យ មានឈ្មោះរ៉ែន បញ្ញា អាយុ២៩ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជាមួយឪពុកម្តាយ ក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ បុរសរងគ្រោះជាឪពុក ទើបនឹងត្រឡប់មកពីធ្វើការងារក្នុងរោងចក្រ សួនឧហ្សាហកម្មសំរោងធំ លុះពេលមកដល់ផ្ទះភ្លាម ក៏បានដោះសម្លៀកបំពាក់ចេញ រួចក៏បានដេកនៅលើអង្រឹងក្រោមផ្ទះ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យជាកូនប្រុស មិនដឹងផឹកស្រាស្រវឹងមកពីណាមិនដឹង បានចូលមករករឿងឈ្លោះប្រកែកជាមួយឪពុកបង្កើតរបស់ខ្លួន ព្រមទាំងគំរាមថា នឹងកាប់ចាក់សម្លាប់ឪពុក និងម្តាយចោល រួចហើយក៏បានយកអង្រែ វាយចានបាយចំនួន១០ ចានសម្លចំនួន២ចានដែក ចំនួន១ កែវចំនួន១២ បែកខ្ទេចខ្ចីអស់។
ក្រោយកើតហេតុ ដោយសារតែទ្រាំនឹងទង្វើឃោរឃៅរបស់កូនប្រុសកំណាចរូបនេះ លែងបាន ទើបបុរសរងគ្រោះជាឪពុក បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល សំរោងធំ ដើម្បីឱ្យសមត្ថកិច្ចចាប់ខ្លួនកូនប្រុស រមិលគុណខាងលើយកទៅចាត់ការតាមច្បាប់។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ ដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើមែន មូលហេតុក៏ព្រោះតែរូបគេ ផឹកស្រាស្រវឹងខ្លាំងពេក ណាមួយរូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀនទៀតផង ទើបឃើញមុខឪពុកម្តាយក្តៅក្រហាយចង់តែចាក់សម្លាប់ចោល!…។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណំុំរឿង បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕