ខេត្តតាកែវ ៖ ស្ត្រីវ័យក្មេងម្នាក់ បន្ទាប់ពីរួមរស់ជាមួយប្តីបានកូន២ ស្រាប់តែលែងចង់រស់នៅជាមួយប្តី ហើយបានផ្ញើសារផ្តាំលាឪពុកម្តាយបងប្អូន រួចក៏សម្រេចចិត្តចងកសម្លាប់ខ្លួនចោលប្តី និងកូនស្រី២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបុរីប៉េងហួតបឹងស្នោ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ទាប់មក ក្រុមគ្រួសារក៏បានដឹកសពយកស្ត្រីរងគ្រោះទៅរៀបចំធ្វើបុណ្យនៅឯស្រុកកំណើត ស្ថិតក្នុងភូមិហនុមាន ឃុំកណ្តឹង ស្រុកបាទី។
ស្ត្រីដែលគិតខ្លីចងកធ្វើអត្តឃាតនោះ មានឈ្មោះ ប៉ុលសុត វីវ៉ា អាយុ២២ឆ្នាំ មានប្តីនិងកូនស្រី ២នាក់ មានលំនៅក្នុងបុរីប៉េងហួត បឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ មាស តេន នាយរងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកបានទទួលព័ត៌មានពីលោកវរសេនីយ៍ឯក ង៉ាន់ សារី អធិការនគរបាលស្រុកបាទី ថា មានករណីធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួន ភ្លាមនោះលោកបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអាជ្ញាធរមូលដ្ឋាន គ្រូពេទ្យជំនាញ បានចុះពិនិត្យសព ដែលត្រូវបានក្រុមគ្រួសារដឹកត្រទ្បប់មកពីមន្ទីរពេទ្យជោរី ភ្នំពេញ យកមកតម្កល់ទុកលើគ្រែក្រោមផ្ទះពីខាងមុខ គ្របក្រណាត់ស ក្បាលទៅត្បូងក្នុងផ្ទះរបស់ឪពុកបង្កើតឈ្មោះប៉ុល ម៉ុក ជាមន្ត្រីកងរាជអាវុធហត្ថខេត្ត មានលំនៅក្នុងភូមិហនុមានឃុំកណ្តឹង ស្រុកបាទី។
លោកនាយរងការិយាល័យបានបញ្ជាក់ថា ក្រោយការពិនិត្យសពឃើញថា នៅក ផ្នែកខាងមុខ មានស្នាមជាំខ្មៅ ស្នាមគ្រើមៗ បញ្ឆិតទ្បើងលើក្រោយស្លឹកត្រចៀកទាំងសង ខាងមានទំហំ ១ស.ម គុណនឹង១ស.ម នៅលើខ្នងកដៃឆ្វេង មានស្នាមមុតដាច់ទទឹងខ្នងដៃ ដេរ៣ថ្នេរ ទំហំ០,៥ស.ម គុណនឹង ១ស.ម នៅកដៃឆ្វេងខាងក្នុង មានស្នាមមុតស្បែកទទឹងក ដៃដេរ៣ថ្នេរ ទំហំ ១ស.ម គុណនឹង ៤ស.ម។ ដោយឡែកនៅផ្នែកខាងក្រោយសព ពុំមានស្លាកស្នាមអ្វីប្លែកទ្បើយ។
តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រាះ បានឱ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បងស្រីបង្កើតរបស់ស្ត្រីរងគ្រោះ បានទទួលសារតាមទូរស័ព្ទផ្ទាល់ខ្លួនពីប្អូនស្រី (ស្ត្រីរងគ្រោះ) បានសរសេរផ្តាំផ្ញើបងស្រី និងឪពុកថា “ខ្ញុំស្រលាញ់បងស្រីខ្លាំងណាស់ មេត្តាជួយមើលថែគ្រួសារ និងសប្បាយរីករាយ ខ្ញុំពិតជាចង់រស់នៅជាមួយនឹងគ្រួសាររបស់យើងណាស់ជាមួយបងប្រុស បងស្រី ម៉ាក់ និងប៉ា។ ខ្ញុំសូមទោសផងដែលខ្ញុំជ្រើសរើសផ្លូវនេះ ប៉ុន្តែគឺជាផ្លូវល្អសម្រាប់ខ្ញុំ ដើម្បីបំភ្លេចគ្រប់យ៉ាង និងការមិនសប្បាយចិត្តបន្តទៅទៀត។ សូមមេត្តាយកខ្ញុំត្រឡប់ទៅផ្ទះយើងវិញ នៅពេលដែលខ្ញុំមិនអាចដកដង្ហើមបន្តទៅទៀត។ សូមកុំឱ្យកូនស្រីរបស់ខ្ញុំឃើញមុខអាក្រក់ និងគួរឱ្យខ្លាចរបស់ខ្ញុំ ប្រាប់ពួកគេថា ខ្ញុំទៅធ្វើការនៅក្រៅប្រទេស និងខ្ញុំស្រលាញ់ពួកគាត់ណាស់។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចកើតជាកូនរបស់ម៉ាក់ និងប៉ាម្តងទៀត ជាពិសេសប្រាប់ប៉ាថា មេត្តាកុំធ្វើឱ្យម៉ាក់ពិបាកចិត្តម្តងហើយម្តងទៀត ពីព្រោះខ្ញុំពិតជាដឹងច្បាស់នូវអារម្មណ៍ និងការឈឺចាប់កម្រិតណា…”។
ប្រភពដដែលបានបន្តថា ក្រោយពីទទួលបានសារពីស្ត្រីរងគ្រោះភ្លាម ស្ត្រីជាបងស្រីបង្កើត ប្រញាប់ទូរស័ព្ទទៅប្រាប់ប្តីរបស់ស្ត្រីរងគ្រាះ ហើយភ្លាមនេះ បុរសជាប្តីក៏ប្រញាប់ធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ស្រាប់តែប្រទះឃើញប្រពន្ធ ចងកនឹងខ្សែភ្ជាប់ទៅនឹងចម្រឹងបង្អួច ស្លាប់បាត់ទៅហើយ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ស្ត្រីរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន មូលហេតុដោយសារវិបត្តិផ្លូវចិត្ត។
សពស្ត្រីរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕