Wednesday, December 25, 2024
Homeព័ត៌មានជាតិគ្រូទាយថាគូកម្ម ប្រពន្ធប្តឹងលែងប្តី១៨ដង មិនដាច់

គ្រូទាយថាគូកម្ម ប្រពន្ធប្តឹងលែងប្តី១៨ដង មិនដាច់

ព្រហ្មលិខិតកម្រិតឱ្យមនុស្សកើតមក ខ្លះជួបកម្ម ខ្លះជួបសំណាងល្អ មិនដូចគ្នានោះទេ។ តួយ៉ាង ប្តីប្រពន្ធមួយគូនេះ តាំងពីចាប់ដៃគ្នាមក រស់នៅ មានសេចក្តីសុខតិចតូចបំផុត តែងខ្វែងគំនិត ផ្ទុះជម្លោះក្នុងគ្រួសារ គ្រាន់តែស្រីជាប្រពន្ធប្តឹង លែងលះប្តី ១៨ដងមិនដាច់ លុះទៅរកគ្រូទាយ ថាគូកម្ម…។

អ្នកស្រីប៉ង លាង អាយុ៤០ឆ្នាំ រស់នៅភូមិខាំគើត ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា គាត់មានឪពុកឈ្មោះប៉ង ឈឺន ម្តាយឈ្មោះសូ ម៉ាត់ ហើយគាត់ជាកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់។ នៅពេលធំពេញក្រមុំអាយុ១៩ឆ្នាំ គាត់បានរៀបការ ជាមួយប្តីឈ្មោះម៉ា ផុន អាយុបងគាត់៤ឆ្នាំ រួមរស់ជាមួយ គ្នាបង្កើតកូនបានចំនួន៥នាក់ (ប្រុស១ ស្រី៤) ជាចំណងនិស្ស័យ ដោយចាប់របរធ្វើស្រែចម្ការច្បារដំណាំ ជាស្បៀង លៀងជីវិត។

អ្នកស្រីបន្តឱ្យដឹងទៀតថា តាំងពីចាប់ដៃគ្នាមកប្តី ប្រពន្ធគាត់រស់នៅមានសេចក្តីសុខតិចណាស់ ព្រោះប្តីមិន សូវសង្វាតរឿងការងារស្រែភ្លឺ ចង់មានចង់បាន ដូចប្តីគេ ទៀតឡើយ ដោយមួយថ្ងៃៗប្តីដេកគងអន្ទាក់ខ្លាយ៉ាងរំភើយ មិនខ្វាយខ្វល់អ្វីទាំងអស់ ម៉្លោះហើយ ធ្វើឱ្យគាត់ទ្រាំមិនបាន ចេះតែស្តីប្រដៅខ្លះទៅ បង្កើតបានជាជម្លោះជាបន្តបន្ទាប់។ ជាចុងក្រោយ គាត់បានសម្រេចចិត្តសុំលែងលះប្តី តាំងពី បង្កើតបានកូនស្រីច្បងម្នាក់ ប៉ុន្តែត្រូវចាស់ទុំទាំងសងខាងធ្វើការសម្របសម្រួលវិញ និងដាក់លក្ខខណ្ឌដល់ប្តី ឱ្យធ្វើកិច្ចសន្យាកែខ្លួន ខំប្រឹងធ្វើការរកប្រាក់ឡើងវិញ។

លោកម៉ា ផុន

អ្នកស្រីប៉ង លាង ឱ្យដឹងបន្តទៀតថា ប្តីកម្ជិលរូបនេះ សន្យាបានតែលើក្រដាស និងបបូរមាត់ប៉ុណ្ណោះ លុះពេល មកដល់ផ្ទះវិញ ដេកអេះពោះដដែល ពុំនោះទេទៅអង្គុយ ព័ទ្ធវង់ជល់កែវ ជាមួយមិត្តភក្តិនៅតៀមស្រាឯណោះ តើឱ្យប្រពន្ធឯណាមិនខឹងជាមួយនឹងប្តីរបៀបនេះនោះ? ទើបគាត់ចេះតែទៅប្តឹងអាជ្ញាធរមូលដ្ឋានសុំលែងលះប្តី ចោលម្សៀតនេះជាបន្តបន្ទាប់ សរុបទៅចំនួន១៨លើក រួចមកហើយ តែដោយសារមានការសម្របសម្រួលពី ឪពុកម្តាយទាំងសងខាង មិនឱ្យលែងលះគ្នាជានិច្ច ទើបប្តី ប្រពន្ធពួកគាត់មិនដាច់ដោចគ្នាបែបនេះ។ កន្លងមក ដោយរស់នៅជាមួយប្តី រកសេចក្តីសុខគ្មានបែបនេះ គាត់ធ្លាប់ទៅពឹងពាក់គ្រូទស្សន៍ទាយឱ្យជួយគន់គូរមើល ដោយជើងលេខឆ្លើយថា ប្តីប្រពន្ធ គាត់ជាគូកម្ម រស់នៅរកសុភមង្គលមិនឃើញទេ ហើយក៏លែងលះគ្នាមិនដាច់ស្រេចដែរ មិនចាំបាច់ខំប្រឹងរើបម្រះ ចង់ចែកផ្លូវគ្នាដើរទេ ឥតប្រយោជន៍ឡើយ ព្រោះព្រហ្មលិខិតកំណត់ មកបែបនេះទៅហើយ។ ដូច្នេះហើយ ទើបគាត់ទ្រាំរស់នៅលេបក្រួស លេបថ្ម មកទល់សព្វថ្ងៃ ដោយគិតថា មួយជាតិនេះត្រូវឆាចោល ដើម្បី លួងចិត្តខ្លួនឯង។

អ្នកស្រីប៉ង លាង

លោកម៉ា ផុន អាយុ៤៤ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកមិនមែន ជាមនុស្សខ្ជិលច្រអូសនោះទេ តែមកពីប្រពន្ធមានចិត្តចង់មានចង់បាន ហួសហេតុពេកមិនចេះប្រមាណខ្លួន។ ប្តីខំប្រឹងធ្វើការងារប៉ុណ្ណឹងហើយ នៅមិនត្រូវចិត្តនាងទៀត ឬមួយក្នុងចិត្តរបស់ប្រពន្ធចង់ឱ្យប្តីធ្វើការមិន ឈប់ឈរ? តែលោកមិនអាចទទួលយកបានឡើយ ព្រោះលោកក៏ ចេះហេវហត់អស់កម្លាំង ចេះសម្រាក ដើរលេងសប្បាយជួបជុំមិត្តភក្តិផឹកស៊ីខ្លះដែរ មិនមែនជាគ្រឿងម៉ាស៊ីននោះទេ។ បើប្រពន្ធខ្លាំងចង់ប្តឹងលែងលះគ្នា លោកមានតែបណ្តោយ តាមចិត្តនាងទៅ ព្រោះលោកមិនបានធ្វើអ្វីខុសផង ទើបប្រពន្ធរត់ទៅប្តឹងអាជ្ញាធរលែងលះគ្នាជិត២០លើក កន្លងមកនេះ មិនបានសម្រេច ដោយមានការសម្របសម្រួលពីចាស់ទុំទាំងសងខាងយ៉ាងពេញបន្ទុក ព្រោះ ឃើញលោកគ្មានកំហុស។ បុរសជាប្តីរូបនេះ បញ្ជាក់ថា ក្នុងរយៈពេលរួមរស់ជាមួយគ្នា២០ឆ្នាំ មកនេះ ប្រពន្ធ ធ្វើបាបប្តីមិនតិចទេ តាំងពីការបង្អត់បាយទឹក រហូតដល់ចំណីយប់ព្រលប់ទៀត តែលោកមិនខ្វាយខ្វល់ឡើយ។ ទីបំផុតប្រពន្ធត្រូវចុះចាញ់ខ្លួនឯង ព្រមបម្រើចំណី ពេលយប់ប្តីដដែល មិនខុសពីពាក្យមួយឃ្លាពោលថា “ចង់កាច់គេបំបាក់ តែមកបាក់ខ្លួនឯងវិញ”។

ផ្ទះអ្នកស្រីប៉ង លាង

យុវតីម៉ា ឡាំង អាយុ២១ឆ្នាំ និងយុវតីម៉ា លក្ខិណា អាយុ១៨ឆ្នាំ ជាកូនបានឱ្យដឹងស្របគ្នាថា បងប្អូនពួកនាងរស់នៅសព្វថ្ងៃនេះ តូចចិត្តនឹងវាសនា និងខ្មាសអ្នករស់នៅភូមិផងរបងជាប់គ្នាណាស់ បើ ឪពុកម្តាយមិនចេះត្រូវធាតុ ឈ្លោះប្រកែកគ្នារកទីបញ្ចប់ គ្មានបែបនេះ។ បើនិយាយតាមត្រង់ទៅ បងប្អូននាង មិនចង់រស់នៅក្នុងផ្ទះទៀតទេ ចង់តែចេញទៅស៊ីឈ្នួលជួលព័ទ្ធគេនៅស្រុកឆ្ងាយ ឱ្យផុតពីមុខមាត់ តែខ្លួនជាស្រី ដើររសាត់អណ្តែតធ្វើការនៅស្រុកឆ្ងាយ មិនសូវមានសុវត្ថិភាព ទើបទ្រាំរស់នៅក្នុងផ្ទះទាំង តឹងទ្រូងស្ទើរធ្លាយនិយាយមិនចេញ។ ហើយបើ ឪពុកម្តាយមិនព្រមកែទម្លាប់នេះចោលទេ ពួកនាងជាកូនស្រីមិនដឹងអនាគតទៅជាយ៉ាងណា?

លោកជួន សាម៉េត

លោកជួន សាម៉េត ជាមេភូមិ និងត្រូវជាពូប្តីប្រពន្ធនាងប៉ង លាង បានឱ្យដឹងថា ប្តីប្រពន្ធ ក្មួយ១គូនេះ ឧស្សាហ៍ជួបរឿងរ៉ាវឈ្លោះប្រកែកគ្នាញឹកញាប់ណាស់ លោកហៅ មកធ្វើការអប់រំជាច្រើនលើក ច្រើនសាមកហើយ ទើបធ្វើឱ្យពួកគេរួមរស់ ជាមួយគ្នាមកទល់សព្វថ្ងៃ ទោះបីជាប្រពន្ធប្តីលែងប្តី១៨ដង តែមិនដាច់។ លោកមិនកាន់ជើងអ្នកណាម្នាក់ឡើយ ប្តីប្រពន្ធពួកគេសុទ្ធតែ ខុសដូចគ្នា ម្នាក់ខ្ជិលច្រអូស ម្នាក់កាចឆ្នាសឆ្នើម ចង់មានបានមិន ចេះប្រមាណខ្លួន ទើបធ្វើឱ្យឧស្សាហ៍ប៉ះទង្គិចពាក្យសម្តីគ្នាបង្ក ជាជម្លោះក្នុងគ្រួសារយ៉ាងក្តៅគគុក។

យុវតីម៉ា ឡាំង និងយុវតីម៉ា លក្ខិណា

គួរបញ្ជាក់ថា ប្តីប្រពន្ធដែលមិនចេះស្គាល់ទុក្ខធុរៈគ្នា មិន ចេះអធ្យាស្រ័យឱ្យគ្នា ចង់ឈ្នះចាញ់ៗគ្នារៀងៗខ្លួន តែងជួប រឿងរ៉ាវឈ្លោះប្រកែកគ្នាជាបន្តបន្ទាប់ ធ្វើឱ្យគ្រួសារជួបភាព អាប់អួរាល់ថ្ងៃ។ ដូច្នេះគួរតែស្វាមីភរិយាត្រូវចេះអត់ឱន យោគយល់ដល់គ្នា ដូចថ្ងៃរៀបការ តាអាចារ្យទូន្មានផ្តែផ្តាំថា បើប្រពន្ធ ខឹងឱ្យខំអត់ បើប្តីសង្កត់កុំរើ…”៕

RELATED ARTICLES