Tuesday, January 21, 2025
Homeសន្ដិសុខសង្គមស្រីស្អាតជំពាក់លុយគេ៣០មឺុន! អត់លុយសង បែរជាលួចម៉ូតូមិត្តភក្តិ

ស្រីស្អាតជំពាក់លុយគេ៣០មឺុន! អត់លុយសង បែរជាលួចម៉ូតូមិត្តភក្តិ

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បានជំពាក់បំណុលបុរសម្នាក់តែ៣០ម៉ឺនរៀលប៉ុណ្ណោះ លុះខានបង់ការប្រាក់យូរពេក ក៏កើនបំណុលដល់ជាង២០០ដុល្លារ និងត្រូវម្ចាស់បំណុល ចេះតែយកកាំភ្លើងមកទារបំណុលមិនឈប់ ទើបធ្វើឱ្យនារីជាកូនបំណុលភ័យពេក ខ្លាចម្ចាស់បំណុលបាញ់ស្លាប់ ក៏បែកគំនិតលួចម៉ូតូរបស់មិត្តភក្តិរួមការងារ យកទៅដោះបំណុល ទីបំផុតក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ។

ករណីនារីវ័យក្មេងលួចម៉ូតូអ្នករួមការងារ យកទៅដោះបំណុលនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបរិវេណរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ុន អ៊ីន ស្ថិតក្នុងភូមិអណ្តូង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ លុះម្ចាស់ម៉ូតូដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ក៏ចុះស្រាវជ្រាវចាប់ឃាត់ខ្លួននារីសង្ស័យបាន កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលលេខ១៤ ផ្លូវបេតុង ភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

នារីវ័យក្មេងដែលជំពាក់បំណុលគេវ័ណ្ឌក រហូតដល់ត្រូវម្ចាស់បំណុលគំរាមបាញ់សម្លាប់ ធ្វើឱ្យភ័យខ្លួន រហូតបែកគំនិតលួចម៉ូតូគេនេះ មានឈ្មោះឆាំ ឆវិន អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ុន អ៊ីន នៅភូមិអណ្តូង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ទើបតែចូលបម្រើការងារបណ្តែត បាន៥ថ្ងៃប៉ុណ្ណោះ ស្នាក់នៅបន្ទប់ជួលលេខ១៤ ភូមិកើតហេតុខាងលើ។ ចំណែកម៉ូតូដែលនារីខាងលើលួច ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរី ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GJ- 0913 ជាកម្មសិទ្ធិរបស់ឈ្មោះសាន់ ពុទ្ធា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រជាមួយគ្នា ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីជនរងគ្រោះម្ចាស់ម៉ូតូ បានឱ្យដឹងថា នៅមុនកើតហេតុ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ រូបគេបានជិះម៉ូតូទៅធ្វើការរោងចក្ររហូតដល់ល្ងាចចេញពីការងារថែមម៉ោង នៅវេលាម៉ោងប្រមាណ៦ព្រលប់ ចេញមកវិញស្រាប់តែបាត់ម៉ូតូ ទើបឆោឡោឡើង និងបានស្នើឱ្យខាងរដ្ឋបាលរោងចក្រជួយឆែកពិនិត្យមើលតាមរយៈកាមេរ៉ាសុវត្ថិភាព ទើបស្គាល់ភិនភាគជនសង្ស័យច្បាស់ គឺនារីសង្ស័យឈ្មោះឆាំ ឆវិន ដែលជាកម្មកររួមការងារជាមួយគ្នា ទើបចូលធ្វើការបាន៥ថ្ងៃ។

ជនរងគ្រោះបន្តថា លុះមកដល់ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ រូបគេជាម្ចាស់ម៉ូតូ ក៏បានទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យជួយអន្តរាគមន៍ រហូតមកដល់ល្ងាចថ្ងៃដដែលកម្លាំងនគរបាលជំនាញខណ្ឌ បានស្រាវជ្រាវចាប់ខ្លួននារីសង្ស័យខាងលើបាន រួមជាមួយវត្ថុតាងដែលនារីសង្ស័យបានលួចយកទៅលាក់ទុកក្នុងបន្ទប់ជួល រួចក៏នាំខ្លួនទៅកាន់ផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីសាកសួរ។

តាមសម្តីនារីសង្ស័យបានសារភាពថា នាងបានខ្ចីលុយចងការប្រាក់ពីបុរសមិនស្គាល់អត្ត- សញ្ញាណម្នាក់ចំនួនដើម៣០ម៉ឺនរៀល តែក្រោយមក ដោយសារមិនបានបង់ការប្រាក់ទៅឱ្យម្ចាស់ ប្រាក់ទៀងទាត់ ទើបធ្វើឱ្យការកើនស្មើដើម រហូតដល់ទៅជាង២០០ដុល្លារ ធ្វើឱ្យនាងគ្មានលទ្ធភាពសង។ ចំណែកម្ចាស់បំណុលមិនយោគយល់អធ្យាស្រ័យឱ្យនាងទេ ដឹងតែមកទាររកប្រាក់ និងថែមទាំងបានយកកាំភ្លើងមកគំរាមបាញ់សម្លាប់នាងជាញឹកញាប់ ប្រសិនបើនាងមិនព្រម សងលុយគេនោះទេ ហើយទោះជានាងប្រឹងអង្វរករម្ចាស់បំណុលនោះយ៉ាងណាក៏អត់ប្រយោជន៍ ទើបធ្វើឱ្យនាងទ័លច្រក បែកគំនិតលួចម៉ូតូរបស់ជនរងគ្រោះជាអ្នករួមការងារ យកមកលាក់ទុកក្នុងបន្ទប់ បំណងហៅម្ចាស់បំណុលមកទូទាត់កាត់កងសងឱ្យរួចគ្នា ដឹងអី! មិនទាន់បានទូទាត់ជាមួយម្ចាស់បំណុលផង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវឃើញចាប់ខ្លួនជាប់តែម្តង។

នារីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES