យប់ផ្សំដំណេក គឺជារាត្រីដ៏មានន័យ សម្រាប់គូស្វាមីភរិយា ដែលទើបរៀបការ ហើយថ្មោងថ្មី ប៉ុន្តែសម្រាប់បុរសម្នាក់នេះ វិញ ពេលដឹកដៃប្រពន្ធចូលបន្ទប់ផ្សំដំណេក ស្រាប់តែម៉ែឪក្មេក បើកឆាកឈ្លោះប្រកែកគ្នា រំខានពួកគេមិនឱ្យមានឱកាសឡើង ឋានសួគ៍លោកិយបាន ធ្វើឱ្យកូនប្រសាខឹងច្រឡោត ក៏ងើបស្ទុះទៅដាល់ជញ្ជាំង២-៣ដៃ គំរាម…។
លោកឃី សុខខេន អាយុ១៨ឆ្នាំ រស់នៅភូមិប្រា ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា លោកជាកូនកសិករ រៀនសូត្រ មិនបានជ្រៅជ្រះទេ ពេលធំពេញកំលោះបានរៀបការជាមួយប្រពន្ធឈ្មោះមី ស្រីអូន អាយុ១៧ឆ្នាំ បើគិតមកដល់ពេលនេះ មានរយៈពេលជិត១ឆ្នាំមកហើយ និងកំពុង ជ្រកកោនផ្ទះរបស់ឪពុកម្តាយក្មេក ព្រោះមិនទាន់មានលទ្ធភាពសង់ផ្ទះរស់នៅបែក ពីពួកគាត់ ចាំថ្ងៃណាសន្សំប្រាក់បានគ្រប់គ្រាន់ ប្តីប្រពន្ធលោកសង់ផ្ទះរស់នៅតែ២នាក់ សាងសុភមង្គលគ្រួសារថ្មី។ និយាយតាមត្រង់ទៅ លោករស់នៅជាមួយឪពុកម្តាយក្មេកសព្វថ្ងៃ មានការធុញទ្រាន់ណាស់ ព្រោះពួកគាត់ ជាមនុស្សយកស្រា ធ្វើជាត្រីមុខ ផឹកស្រវឹងធ្លាក់ភ្នែករាល់ថ្ងៃ តែងឈ្លោះប្រកែកគ្នាឥតស្វាង បង្កការ រំខានកូនចៅកំពុងរស់នៅជាមួយខ្លាំងណាស់ ម៉្យាងទៀតនាំឱ្យរឱសឋានដល់អ្នកភូមិផងរបងជាប់គ្នាផង បើមួយស្រុកខុសគេតែឯងយ៉ាងនេះ។
លោកសុខេន រំលឹកថា កាលពីប្តីប្រពន្ធលោករៀបការហើយភ្លាម រាត្រីផ្សំ ដំណេកចូលមកដល់ តែមិនទាន់នឹងបានក្រេបទឹកឃ្មុំផង ស្រាប់តែឪពុកម៉ែក្មេក ចាប់ផ្តើមបើកឆាកឈ្លោះប្រកែកគ្នាបែកអូរហូរជាស្ទឹង មិនក្រែងចិត្តកូន ប្រសាថ្មីថ្មោងសោះ រំខានប្តីប្រពន្ធលោក រកតែឱកាសនាំគ្នាជិះយានអវកាស ទៅលេងឋានព្រះចន្ទមិនបាន ធ្វើឱ្យលោកទ្រាំទប់កំហឹងមិនបាន ក៏ងើប ទៅដាល់ជញ្ជាំងផ្ទះ២-៣ដៃ ផ្តល់សញ្ញាទៅម៉ែឪក្មេកថា កូនមិនពេញចិត្ត នឹងទង្វើរបស់ពួកគាត់ ទើបពួកគាត់ឈប់ឈ្លោះប្រកែកគ្នានៅពេលនោះទៅ។ ហើយយប់បន្តបន្ទាប់មកទៀត ឱ្យតែមានជាតិស្រា ចូលពោះ ពួកគាត់តែងឈ្លោះប្រកែកឥតលស់មួយថ្ងៃ ណាឡើយ ដែលជាហេតុបង្កឱ្យមានភាពអាប់អួក្នុងគ្រួសារ រហូតដល់ថ្នាក់កូនចៅទាំងអស់លែងសូវគោរពពួកគាត់ទៀតផង សូម្បីបងប្អូនប្តីប្រពន្ធពួកលោកក៏រស់នៅមិនសូវស៊ីសង្វាក់គ្នាដែរ។
លោកបញ្ជាក់ថា កាលពីបុណ្យចូលឆ្នាំប្រពៃណីជាតិ កន្លងមកនេះ មុនពេលលោកទៅចម្ការ បានប្រាប់ប្រពន្ធមិន ឱ្យដើរលេងទេ តែមានឯណា! ពេលប្តីចេញទៅបាត់ ស្រាប់តែប្រពន្ធតែងខ្លួនលាបក្រែមផាត់ម្សៅ ទៅដើរ លេងជាមួយមិត្តភក្តិប្រុសស្រីធ្វើព្រងើយ។ លុះពេលលោក ត្រឡប់មកផ្ទះវិញ អត់ទ្រាំនឹងចរិតមានះរបស់ប្រពន្ធមិន បានក៏លើកដៃទះកំផ្លៀង ២-៣ដៃទៅ ទុកជាការព្រមាន។ តែយ៉ាងណា ពេលនោះ កុំតែបានចាស់ទុំទាំងសងខាងធ្វើការ សម្របសម្រួល ម៉្លេះអី! ប្តីប្រពន្ធលោកបែកបាក់គ្នាបាត់។
លោកសុខេន បន្តទៀតថា ក្នុងចិត្តលោកមិនចង់រស់ នៅក្រោមដំបូលផ្ទះ របស់ឪពុកម្តាយក្មេកទេ បើមួយថ្ងៃៗ ពួកគាត់ឈ្លោះប្រកែកគ្នារកទីបញ្ចប់គ្មានបែបនេះ តែ ប្រពន្ធលោកស្រលាញ់ឪពុកម្តាយរបស់នាងណាស់ មិន ព្រមទៅរស់នៅខាងលោកសោះ ទើបលោកចេះតែទ្រាំរួម រស់នៅទីនេះជាមួយប្រពន្ធ ទាំងធ្វើគធ្វើថ្លង់ ទ្រាំបានប៉ុណ្ណា យកប៉ុណ្ណឹងទៅ។
នាងមី ស្រីអូន ជាប្រពន្ធបានឱ្យដឹងថា នាងដឹងថា ឪពុកម្តាយរបស់នាងឧស្សាហ៍ឈ្លោះប្រកែកគ្នា បង្កការរំខាន និងធ្វើឱ្យកូនខ្មាសញាតិដែរ ប៉ុន្តែមិនដឹងជាធ្វើយ៉ាងណា បើអ្នកមានគុណមានចរិតបែបនេះ ជាទម្លាប់ទៅ ហើយនោះ ទោះចង់មិនចង់ក៏ស៊ូទ្រាំខៅំមាត់សង្កត់ចិត្តដែរ។ ហើយកន្លងមក នាងបានអង្វរសុំចិត្តប្តីដែរ ឱ្យមាន ការយោគយល់ និងចិត្តធ្ងន់បន្តិច ចាំថ្ងៃណាសន្សំបានលុយគ្រប់គ្រាន់ អាចសង់ផ្ទះថ្មីបាន ចាំរស់នៅបែកពីពួកគាត់ ប៉ុន្តែប្តីនាងហាក់បីដូចជាមិនយល់ពីអារម្មណ៍របស់ប្រពន្ធសោះ មិនព្រមសម្របខ្លួនតាមអ្វីដែលប្រពន្ធចង់ បានទេ តែងធ្វើឬកខ្លាំងរអ៊ូរទាំច្រើន ចង់មើលងាយមកលើក្រុមគ្រួសារនាងទៀតផង។ ពេលនេះ នាងគ្មានអ្វី ត្រូវស្តាយស្រណោះទៀតទេ បើប្តីចង់បែកបាក់គ្នា នាងជាជើងក្រោយ ចាំបំពេញបំណងជានិច្ច ព្រោះនាងបាន
អាក់អន់ស្រពន់ចិត្តជាមួយប្តី តាំងពីរាត្រីផ្សំដំណេក ថ្ងៃដំបូងម៉្លេះ ដោយសារប្តី បានប្រើកាយវិការមិន សមរម្យដាល់ជញ្ជាំងផ្ទះ ហើយក្រោយមកទៀត គ្រាន់តែប្រពន្ធទៅដើរលេងសប្បាយជាមួយមិត្តភក្តិ ជាក្រុមសោះ មិនគួរណាប្តីហ៊ានលើកដៃទះកំផ្លៀង នាងឡើយ។ ឥឡូវនេះចង់ប្រមាថមើលងាយអ្នកមានគុណនាងទៀត តើមិនឱ្យនាងអាក់អន់ចិត្តជាមួយប្តី របៀបនេះម្តេចនឹងកើត?
លោកប្រាក់ មី អាយុ៤៥ឆ្នាំ និងអ្នកស្រីពោង សុខុម អាយុ៤៧ឆ្នាំ ជាឪពុកម្តាយនាងស្រីអូន បាន ទទួលស្គាល់ថា កន្លងមក ពួកគាត់ពិតជាសេពស្រា ស្រវឹងជោកជាំ និងឧស្សាហ៍ឈ្លោះប្រកែកគ្នាមែន ទើបកូនប្រសាអាក់អន់ចិត្តឪពុកម្តាយក្មេក។ តែពេលនេះ ពួកគាត់មិនឱ្យកូនពិបាកចិត្តចំពោះប្តីប្រពន្ធ ពួកគាត់ទៀតឡើយ ដោយសម្រេចចិត្តគ្រវាត់ចោល ដបស្រា ឈប់ឈ្លោះប្រកែកទាស់ទែងគ្នា ខំប្រឹងកែ ខ្លួនធ្វើជាឪពុកម្តាយល្អវិញម្តង ដើម្បីឱ្យសុភមង្គល ចូលមានដល់កូនៗគ្រប់គ្នា។
នាងមី គិន អាយុ២៥ឆ្នាំ និងលោកយ៉េក សុខរ៉ា អាយុ២៣ឆ្នាំ ជាបងបានឱ្យដឹងស្របគ្នាថា ប្អូនថ្លៃម្នាក់នេះ ហាក់បីដូចជាមានចិត្តឆេវឆាវបន្តិច ទោះជាឪពុក ម្តាយក្មេកផឹកស្រាស្រវឹង ឧស្សាហ៍ឈ្លោះប្រកែកគ្នា ក៏មិនត្រូវដាល់ជញ្ជាំងផ្ទះ ឬវាយប្រពន្ធដែរ ព្រោះពួក គាត់ឈ្លោះតែប្តីប្រពន្ធពួកគាត់សោះ គ្មានរឿងអ្វី ត្រូវប៉ះពាល់ដល់ប្តីប្រពន្ធកូនទេ។ តែយ៉ាងណា រឿងនេះ បានកើតឡើងជាយូរមកហើយ ពួកលោកមិន ចង់រំលឹក ឬស្តីបន្ទោសឱ្យប្អូនថ្លៃទេ សំខាន់ឱ្យតែរូប គេដឹងកំហុសចេះកែខ្លួន និងចេះស្រលាញ់ថ្នាក់ថ្នម ប្រពន្ធ ខំប្រឹងធ្វើការរកប្រាក់ ដើម្បីសាងអនាគត គ្រួសារថ្មី ទើបជាការប្រសើរ។
គួររំលឹកថា សុរា បើយកវាជាត្រីមុខ មិនថា បុរសឬស្រីទេ តែងបាត់បង់សេចក្តីថ្លៃថ្នូរ ជំនួសមកវិញនូវអពមង្គល ដែលធ្វើឱ្យគ្រួសាររកពន្លឺសុភមង្គល មិនឃើញឡើយ…”៕