ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក ក៏កើតមានទំនាស់ពាក្យសម្តីជាមួយប្តីតិចតួច ទើបប្តីខឹងពេក ក៏ស្រែកដាក់ប្រពន្ធថា ទៅផឹកឱ្យងាប់ទៅ ស្រាប់តែធ្វើឱ្យស្ត្រីជា ប្រពន្ធឈឺចិត្តស្អិតទ្រូងនឹងសម្តីប្តី ក៏ដាច់ចិត្តលេបថ្នាំពេទ្យសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៣និង០២នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក។
ស្ត្រីគំនិតខ្លី ដែលដាច់ចិត្តផឹកថ្នាំពេទ្យធ្វើអត្តឃាត មានឈ្មោះខន ណេង អាយុ៣៧ឆ្នាំ មានមុខរបរធ្វើស្រែ មានប្តីឈ្មោះជា ទូច អាយុ ៥៨ឆ្នាំ មុខរបរជាងដំដែក។ ប្តីប្រពន្ធអ្នកទាំង ២ខាងលើ ទើបតែបានគ្នាជាប្តីប្រពន្ធ ពុំមានកូនចៅនៅឡើយទេ សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមសម្តីបុរសជាប្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្រពន្ធរបស់គាត់ (ស្ត្រីរងគ្រោះ) តែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ហើយឱ្យតែបានផឹកស្រា មិនសូវគិតគូរហូបបាយទឹកទ្រាប់ក្រពះនោះទេ។ នៅក្នុងរយៈពេលកន្លងមកនេះ ប្តីប្រពន្ធគាត់ឧស្សាហ៍កើតមានទំនាស់ពាក្យសម្តីនឹងគ្នាណាស់ ពិសេសនៅរាល់ពេលដែលប្រពន្ធផឹកស្រាស្រវឹង ប៉ុន្តែទោះជាយ៉ាងណា ប្រពន្ធមិនធ្លាប់ខឹងចិត្តខ្លាំងដល់ថ្នាក់គិតខ្លីបែបនេះដែរ។
បុរសជាប្តីស្ត្រីរងគ្រោះបន្តថា នៅមុនពេលកើតហេតុ គាត់បានទៅទិញស្បែកគោ១០គីឡូ មកធ្វើម្ហូបក្លែមស្រា និងបានហៅអ្នកភូមិ ៦-៧នាក់ មកចួលរួមផឹកស៊ី រហូតដល់ស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ដោយក្នុងនោះប្រពន្ធរបស់គាត់ (ស្ត្រីរងគ្រោះ) បានផឹកស្រាអស់ច្រើនជាងគេ ទើបធ្វើឱ្យស្រវឹងដេកលក់ទៅ។ ក្រោយមក អ្នកភូមិក៏ប្តូរវង់ផឹកស៊ីពីផ្ទះរបស់គាត់ទៅ ផឹកនៅផ្ទះអ្នកផ្សេងទៀត ទើបគាត់បានចេញទៅជាមួយគេ លុះពេលរៀបនឹងចេញពីផ្ទះទៅ ប្រពន្ធរបស់គាត់បានភ្ញាក់ដឹងខ្លួន សួរគាត់ថា ទៅណា? គាត់ក៏ប្រាប់ថា ចេញទៅផឹកនៅផ្ទះសុខ មួយភ្លែត ចំណែកឯងស្រវឹងហើយដេកទៅ។ ពេលនោះប្រពន្ធក៏ទារចង់ទៅផឹកជាមួយដែរ តែគាត់បានស្រែកថា បើចង់ផឹកណាស់ ទៅផឹកឱ្យងាប់ទៅ… និយាយរួច គាត់ក៏ដើរចេញបាត់ទៅ ដោយមិនចាប់អារម្មណ៍អ្វីនោះទេ។
បុរសជាប្តីស្ត្រីរងគ្រោះ បានបញ្ជាក់ថា លុះ ពេលត្រឡប់មកពីផឹកស្រាវិញ ឃើញប្រពន្ធដេកនៅលើគ្រែនៅឡើយ ទើបគាត់មិនចាប់អារម្មណ៍ បានទៅយកកន្ទេលមកក្រាលដេកក្បែរប្រពន្ធ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ គាត់ភ្ញាក់ពីដេកមិនឃើញប្រពន្ធក្រោក ក៏ដាស់ ទើបដឹងថា ប្រពន្ធស្លាប់ទៅហើយ និងមានធុំក្លិនឆ្អេះទឹកនោមមានជាតិថ្នាំពេទ្យទៀតផង ទើបគាត់បានពិនិត្យមើលថ្នាំពេទ្យដែល ព្យួរនៅក្បែរនោះ ឃើញនៅសល់តែសំបក ទើបដឹងថា ប្រពន្ធលេបថ្នាំពេទ្យសម្លាប់ខ្លួនក៏ស្រែក ឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យមកពិនិត្យតែម្តង។
លោកអនុសេនីយ៍ឯក អ៊ាត គឹមអ៊ាន់ អធិការរងនគរបាលស្រុកប្រាសាទបល្ល័ង្ក បានឱ្យដឹងថា បន្ទាប់ពីសេចក្តីរាយការណ៍ថា មានករណីស្ត្រីម្នាក់ លេបថ្នាំធ្វើអត្តឃាតរួចមក មន្ត្រីជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាបានលេបថ្នាំសម្លាប់ខ្លួនប្រាកដមែន ដោយបានលេបថ្នាំពេទ្យ ប្រភេទ DEXXANDAL អស់១បន្ទះ ស្មើនឹង១០គ្រាប់ និងថ្នាំប្រភេទ PARACETAMOL ចំនួន២ គ្រាប់។
សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕