Sunday, January 12, 2025
Homeព័ត៌មានជាតិគ្រាន់តែមិត្តភក្តិប្រឡែងលេង គប់នំប័ុងដាក់សោះ... កាប់រយះក្បាល

គ្រាន់តែមិត្តភក្តិប្រឡែងលេង គប់នំប័ុងដាក់សោះ… កាប់រយះក្បាល

ខេត្តតាកែវ ៖ យុវជនឈាមរាវ ចិត្តកោងកាចម្នាក់ គ្រាន់តែមិត្តភក្តិប្រឡែងលេង គប់នំប៉័ងដាក់ ស្រាប់តែផ្ទុះកំហឹង ទៅហៅគូកនរបស់ខ្លួនម្នាក់ទៀត មកព្រួតគ្នាកាប់ប្រហារទៅលើជនរងគ្រោះ បណ្តាលឱ្យរយះកណ្តាលក្បាល រងរបួសធ្ងន់ និងត្រូវបានសមត្ថកិច្ចចុះជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានម្នាក់ កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស។

ជនសង្ស័យដៃដល់ដែលកាប់មិត្តភក្តិរយះកណ្តាលក្បាលនោះ មានឈ្មោះកែវ ថេងឡា អាយុ១៦ឆ្នាំ រស់នៅភូមិសំបួរ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស។ ចំណែកបក្ខពួកម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនក្រោយកើតហេតុ។ ចំណែកជនរងគ្រោះឈ្មោះហេង សីហា អាយុ២២ឆ្នាំ រស់នៅភូមិប្ញស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស រងរបួសត្រង់កណ្តាលក្បាល ប្រវែង ៨ស.ម។

លោកវរសេនីយ៍ឯក ជុំ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាស បានឱ្យដឹងថា តាមពិតរវាងជនសង្ស័យ និងជនរងគ្រោះ គឺសុទ្ធតែជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា ហើយនៅមុនពេលកើតហេតុ ជនសង្ស័យខឹងនឹងជនរងគ្រោះយកនំប៉័ងគប់ខ្លួន គ្រាដែលកំពុងប្រលែងលេងនឹងគ្នា ស្រាប់តែផ្ទុះកំហឹងទៅហៅគូកនម្នាក់ទៀត មកព្រួតគ្នាកាប់ទៅលើជនរងគ្រោះចំកណ្តាលក្បាល បណ្តាលឱ្យរយះក្បាលហូរឈាមជោកខ្លួនតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួន ជនសង្ស័យបានម្នាក់ ខណៈដែលបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។ រីឯជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួក ដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងបន្ត ស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕

RELATED ARTICLES