Sunday, May 19, 2024
Homeព័ត៌មានជាតិប្តីវ៉ៃធ្វើបាបពេក! ប្រពន្ធទ្រាំមិនបាន ចងកសម្លាប់ខ្លួន

ប្តីវ៉ៃធ្វើបាបពេក! ប្រពន្ធទ្រាំមិនបាន ចងកសម្លាប់ខ្លួន

ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់ ត្រូវប្តីវាយធ្វើបាបជារៀងរាល់ថ្ងៃ រហូតដល់យូរៗទៅក៏មានវិបត្តិផ្លូវចិត្តធ្ងន់មុជមិនជ្រៅទៅមិនឆ្ងាយ ក៏ជ្រើសយកវិធីបញ្ចប់ជីវិតមកដោះស្រាយបញ្ហា ដោយចងកស្លាប់យ៉ាងអាណោចអធ័ម បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចខាងកើតភូមិគោកច្រេស សង្កាត់សំរោង ក្រុងសំរោង។

ស្ត្រីរងគ្រោះដែលត្រូវប្តីវាយធ្វើបាបរហូត ដល់លែងចង់រស់នៅតទៅទៀតនោះ មានឈ្មោះ ពែក សុភ័ក្ត្រ អាយុ៤៣ឆ្នាំ មានប្តី និងកូនប្រុស-ស្រី២នាក់ក្នុងបន្ទុក និងមានលំនៅក្នុងភូមិ អូរកន្សែង សង្កាត់សំរោង ក្រុងសំរោង។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា គ្រួសាររបស់ស្ត្រីរងគ្រោះខាងលើ រស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ដោយបុរសជាប្តី គឺជាមនុស្សប្រមឹក និងមានអត្តចរិតកោងកាចឧស្សាហ៍ប្រើអំពើហិង្សាដាក់ប្រពន្ធខ្លាំងណាស់ រហូតធ្វើឱ្យស្ត្រីជាប្រពន្ធកើតមានវិបត្តិផ្លូវចិត្ត ស្មារតី មិននឹកនរទៀតផង។

ប្រភពដដែលបន្តថា ជារៀងរាល់ថ្ងៃ ស្ត្រីរងគ្រោះតែងត្រូវប្តីវាយដំធ្វើទុក្ខបុកម្នេញមិនស្វាង ពោលគឺវ៉ៃដំព្រឹកល្ងាច ពិសេសរាល់ពេលដែលប្តីផឹកស្រាស្រវឹងធ្លាក់ភ្នែក តែងបង្ករឿង ឈ្លោះវាយទាត់ធាក់ប្រពន្ធតាមអំពើចិត្ត។ លុះត្រូវប្តីធ្វើទុក្ខបុកម្នេញមិនដែលស្គាល់សុខ ទើបធ្វើឱ្យស្ត្រីរងគ្រោះ គិតអ្វីលែងចេញ ក៏ដាច់ចិត្តជ្រើសយកវិធីសម្លាប់ខ្លួន ដើម្បីមកដោះស្រាយបញ្ហាតែម្តង ដោយស្ត្រីរងគ្រោះបានយកខ្សែគោទៅចងកសម្លាប់ខ្លួននៅលើដើមឈើ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអធ័ម។

ក្រោយកើតហេតុ អ្នកភូមិដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ ប្រទះឃើញសពស្ត្រីរងគ្រោះចងក ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះជួយអន្តរាគមន៍ដល់កន្លែងកើតហេតុតែម្តង។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន។ មូលហេតុ ដោយសារតែស្ត្រីរងគ្រោះទ្រាំនឹងការប្រើអំពើហិង្សាវាយដំពីសំណាក់បុរសជាប្តីតទៅទៀតមិនបាន។

សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES