Thursday, April 25, 2024
Homeព័ត៌មានជាតិឪចុង យកកូនស្រីធ្វើប្រពន្ធលួចលាក់

ឪចុង យកកូនស្រីធ្វើប្រពន្ធលួចលាក់

សម្រស់កូនស្រីប្តីមុនរបស់ប្រពន្ធ ពេលនៅក្បែរឪចុងយូរៗទៅ ក៏មើលឃើញកូនកាន់តែស្អាតទៅៗ ខណៈដែលប្រពន្ធកាន់តែអាក្រក់ទៅៗ។ នេះជាដើមភ្លើងដែលនាំឱ្យបុរសកំហូចឋានៈឪចុង យកកូនស្រី ធ្វើប្រពន្ធលួចលាក់ លុះបែកការបានត្រឹមដើរចូលគុក។ ឯកូនស្រីរលាស់ខ្លួនរួច ក៏មានប្តីសីត្រឹមត្រូវ ដែល ជារឿងមិនប្លែកប៉ុន្មានទេ សម្រាប់សង្គមជឿនលឿន ដើរតាមវិទ្យាសាស្ត្រ និងវប្បធម៌លោកខាងលិច…។

អ្នកស្រីឡាំ សុភា អាយុ៥៤ឆ្នាំ រស់នៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានរៀបរាប់ថា គាត់អភ័ព្វណាស់ជាតិនេះ ព្រោះជ្រុលយកប្តីទី២ ប្រភេទត្រីឆ្តោស៊ីកូនឯង នាំក្តី អាម៉ាស់ដល់ពូជពង្សវង្សអម្បូរ ដែលធ្លាប់ថ្លៃថ្នូរ។ កាលពីក្រមុំអាយុ១៩ឆ្នាំ រូបគាត់ត្រូវបានឪពុក ម្តាយ រៀបចំឱ្យមានប្តីឈ្មោះភិន ណន់ ជាពោះម៉ាយកូន៧ និងមានវ័យចាស់ទៀតផង ប៉ុន្តែដោយសារប្តីមានជីវភាពធូរធារ ទើបគាត់មិនប្រកែក។ ការរួមរស់ជាមួយប្តីពោះម៉ាយនោះ បង្កើតបាន កូនស្រីមួយតែជាអកុសល ប្តីចាស់ក៏មានជំងឺធ្ងន់ព្យាបាលមិនជា ទទួលមរណភាពទៅ ទុកឱ្យគាត់ក្លាយ ជាស្រីមេម៉ាយរស់នៅជាមួយកូន គឺគាត់រួមរស់ជាមួយប្តីបានតែ៣ឆ្នាំប៉ុណ្ណោះ ក៏ព្រាត់គ្នាជារៀងរហូត។ គាត់ទ្រាំមេម៉ាយយូរណាស់ គឺរហូតដល់កូនស្រីឈ្មោះភិន សុភ័ណ ធំពេញជំទង់ (សព្វថ្ងៃ នាងមានអាយុ២៥ឆ្នាំ) ក៏មានបុរសពោះម៉ាយម្នាក់ទៀតឈ្មោះសុត សុះ ទាក់ទងសុំស្នេហ៍គាត់។ ដោយចង់បានប្តីជាបង្អែក គាត់ក៏សម្រេចចិត្តសែនព្រេនយកគេជាប្តីទី២ទៅ។ តាមពិត ប្តីទី២នេះ មានស្រុកកំណើតនៅកម្ពុជាក្រោម ជាពោះម៉ាយកូន៤ បានឡើងមករកស៊ីនៅខេត្តតាកែវ ឃើញគាត់រាល់ថ្ងៃ ក៏តាមចែចង់រហូតដល់គាត់បាក់ចិត្តស្និទ្ធស្នេហ៍។

អ្នកស្រីឡាំ សុភា បន្តថា មុនមកយកគាត់ ប្តីទី២នេះ ធ្លាប់មានប្រពន្ធទី១ នៅស្រុកគិរីវង់ ខេត្តតាកែវ ប៉ុន្តែបានដាច់ដោចគ្នាទៅ។ លុះមករួមរស់ជាមួយគាត់ មុនដំបូង គេពូកែរកស៊ីណាស់ គឺក្រៅពីមុខរបរធ្វើស្រែចម្ការ គេមានសមត្ថភាពឡើងត្នោតរម្ងាស់ស្ករ ដឹកទៅលក់ ប្រមូលបានផល កម្រៃឱ្យប្រពន្ធទុកដាក់មិនដែលដាច់។ គាត់និងប្តីទី២នេះ រួមរស់នឹងគ្នាជិត១០ឆ្នាំ បង្កើតបានកូនស្រីម្នាក់ទៀត ស្របពេលដែលនាងភិន សុភ័ណ ធំពេញក្រមុំដែរ។ ពេលឃើញកូនស្រីបែកសាច់ទ្រលុកទ្រលន់ ស្រាប់តែប្តីនេះ បែកគំនិតលួចស្រលាញ់កូន ភ្លេចគាត់ជាប្រពន្ធ លុះគាត់តាមដានទាន់ក៏ផ្ទុះរឿងតែម្តង។

អ្នកស្រីឡាំ សុភា និងលោកសុត សុះ (ប្តីទី០២)

ស្ត្រីចំណាស់បញ្ជាក់ថា ថ្ងៃមួយ ពេលគាត់មិននៅផ្ទះ ប្តីនេះបានចាប់រំលោភកូនស្រីប្តីមុន រហូតបានសម្រេច ដោយគំរាមនាងមិនឱ្យប្រាប់គាត់ជាដាច់ខាត បើកូនហ៊ាននិយាយ គេនឹងអារកចោលនឹងកាំបិតត្នោត។ ដោយខ្លាចឪចុងធ្វើបាប កូនស្រីកម្សត់ចេះតែសម្ងំស្ងៀម បានដៃឪពុកអប្រិយយកធ្វើប្រពន្ធលួចលាក់តែម្តង។ ក្រោយមក ក៏មានកំលោះម្នាក់ បានចូលស្តីដណ្តឹងកូនស្រីនេះ ដែលគាត់យល់ព្រមលើកឱ្យដោយមិនរួញរា ស្រាប់តែឪចុង បដិសេធហួងហែងមិនលើកឱ្យជាដាច់ខាត។ ចាប់តាំងពីពេលនោះមក ប្តីអប្រិយឧស្សាហ៍ប្រើ អំពើហិង្សា មកលើគាត់រហូតមានស្នាម របួសជាច្រើនកន្លែង។ គាត់ទ្រាំលែងបានក៏ប្តឹង សមត្ថកិច្ចឱ្យចាប់ប្តីនេះទៅអប់រំ លុះឃើញឱកាសល្អបែបនេះ កូនស្រីក៏ជួយប្តឹងថែម ពីបទឪចុងចាប់រំលោភបង្ខំយកនាងធ្វើប្រពន្ធ លួចលាក់។ ពីមុននាងមិនហ៊ានប្តឹងទេ ព្រោះខ្លាចឪចុងសម្លាប់ លុះដឹងថា ឪចុងជាប់ខ្នោះ ក៏ប្តឹងបន្ថែមតែម្តង ទើបសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនប្តីនេះ ទៅតុលាការ និងកាត់ទោសឱ្យជាប់គុកជាង១០ឆ្នាំឯណោះ ដោយជាប់ចោទ ជាច្រើនករណី។ លុះរលាស់ខ្លួនរួចពីកណ្តាប់ដៃឪចុងមក កូនស្រីនេះក៏ចេញទៅធ្វើការរោងចក្រ រកបានប្តីម្នាក់ សព្វថ្ងៃ កំពុងរួមរស់ជាមួយគ្នានៅខេត្តកំពង់ស្ពឺ ឯណោះ។

អ្នកស្រីឡាំ សុភា និងកូន

ដោយឡែក លោកលួន ប៉ាន អាយុ៦៥ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងថា ឈ្មោះសុត សុះ ពិតជាបានគំរាមកំហែងយកកូនស្រីប្តីមុនរបស់ប្រពន្ធ ធ្វើប្រពន្ធលួចលាក់ប្រាកដមែន តាមពិតដោយសារនាងសុភ័ណ ខ្លាចស្លាប់ ទើបនាងមិនហ៊ាននិយាយ បានទាំងបង្ក ភាពស្និទ្ធស្នាលស្អិតល្មួតជាមួយឪចុងទៀតផង។ ពេលនាងសុភ័ណ ទៅធ្វើការរោងចក្រ លោកសុះ ឧស្សាហ៍ទៅមើលណាស់ មានទាំងចំណីអាហារ លុយកាក់ទៅឱ្យនាងទៀតផង ដោយព្យាយាមហួងហែងមិនឱ្យនាងទាក់ទងកំលោះណាទេ។ លុះលោកសុះ ប្រើអំពើហិង្សា ធ្វើឱ្យប្រពន្ធទ្រាំ មិនបានក៏ប្តឹងសមត្ថកិច្ច ហើយពេលឃើញឱកាសល្អ នាងសុភ័ណ ក៏ប្តឹង បន្ថែមទៀត រហូតដល់បុរសត្រីឆ្តោស៊ីកូនឯងនេះ ដេកគុក។ គ្រាន់តែឪចុងចូលគុកភ្លាម នាងសុភ័ណ តោងបានប្តី កំលោះរោងចក្រម្នាក់ភ្លែតដែរ ដែលសព្វថ្ងៃ នាងនិងប្តី កំពុងល្អូកល្អិននឹងគ្នា មិនដែលឃើញមកស្រុកទេ ដោយទុកអ្នកស្រីឡាំ សុភា ឱ្យនៅពីរនាក់កូនស្រី ជាឈាមរបស់ប្តីកំហូចនោះ។

ដោយឡែក នាងភិន សុភ័ណ អាយុ២៥ឆ្នាំ អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺ បានឡើយ ប៉ុន្តែយើងរង់ចាំការបកស្រាយពីនាងជានិច្ច នៅពេលក្រោយ។
គួរបញ្ជាក់ថា ធម្មតាបុរសល្មោភកាម ដែលរកបាន ប្រពន្ធក្រោយជាស្ត្រីមេម៉ាយមានកូនក្រមុំនោះ តែងហួងហែងកូនទុកយកខ្លួនឯង ដែលករណីបែប នេះ មានជាហូរហែ ដែល “អង្គរធំ” ធ្លាប់ចុះផ្សាយ កន្លងមក។ ជួនកាលភាគី

លោកលួន ប៉ាន

កូនស្រីនោះក៏ខូចដែរ ព្រោះ ឪចុង ឬប្តីរបស់ម្តាយនៅក្មេងស្របាលនាង ឬថា ស្រីមេម៉ាយនោះយកប្តីកំលោះ ក៏គេចមិនផុតពីរឿង ត្រីឆ្តោស៊ីកូនឯង។ ទោះជាស្ត្រីជាប្រពន្ធ និងជាម្តាយ ប្រចណ្ឌហួងហែងប្តីខ្លួនមិនឱ្យទាក់ទងកូនស្រីយ៉ាងណា ក៏ទប់មិនជាប់ដែរ ដែលជួនកាលឪចុង និងកូនស្រីនោះពង្រត់គ្នាទៅបាត់ និងយកគ្នារហូតបានកូនដល់ អ៊ីចឹងទៅស្ត្រីជាម្តាយ និងជាប្រពន្ធបានទុកអតីតប្តីខ្លួន ជាកូនប្រសាវិញ ក៏មានដែរ…”៕

RELATED ARTICLES