Wednesday, January 22, 2025
Homeព័ត៌មានជាតិករណីបុរសជើងខ្លាំងកាន់កាំភ្លើងចូលប្លន់កាស៊ីណូ ជារឿងភ័ន្តច្រឡំ

ករណីបុរសជើងខ្លាំងកាន់កាំភ្លើងចូលប្លន់កាស៊ីណូ ជារឿងភ័ន្តច្រឡំ

ខេត្តកណ្តាល ៖ ករណីបុរសជើងខ្លាំងម្នាក់កាន់កាំភ្លើងដើរចូលភ្ជង់ប្លន់កាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ត្រូវបានសមត្ថកិច្ចសម្រេចដោះលែងបុរសសង្ស័យវិញហើយ ដោយហេតុថា ករណីនេះគឺជារឿងភ័នច្រឡំ ចំណែកភាគីបុរសសង្ស័យ រួមនិងម្ចាស់កាស៊ីណូថ្មពេជ្រ សុទ្ធតែទទួលស្គាល់កំហុសរៀងខ្លួន និងសម្រេចព្រមព្រៀងបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ឱ្យដឹងថា ឆ្លង តាមការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ច ជំនាញបង្ហាញថា ករណីដែលកើតហេតុ កាល ពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ នៅចំណុចកាស៊ីណូថ្មពេជ្រ ភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល បាតុភាពនេះកើតឡើងបណ្តាលមកពីមានការភ័ន្តច្រឡំរវាងក្រុមសន្តិសុខកាស៊ីណូថ្មពេជ្រ និងឈ្មោះអ៊ុំ សុភ័ក្ត្រ។ មូលហេតុឈ្មោះអ៊ុំ សុភ័ក្ត្រ ស្ថិតក្នុងស្ថានភាពស្រវឹង ករណីខាងលើនេះ គឺពុំមែនជាករណីលួចមានស្ថានទម្ងន់ទោស (ប្លន់) ទេ។ ដោយលោកលឹម លាងឆាយ ម្ចាស់កាស៊ីណូ បានទទួលស្គាល់កំហុសរបស់បុគ្គលិក និងក្រុមសន្តិសុខ ដែលបាន វាយ និងបាញ់ឈ្មោះអ៊ុំ សុភ័ក្ត្រ។ រីឯឈ្មោះអ៊ុំ សុភ័ក្ត្រ បានទទួលស្គាល់កំហុសរបស់ខ្លួន ដែលបានចូលក្នុងស្ថានភាពស្រវឹង និងកាន់អាវុធ។ ជាចុង ក្រោយភាគីទាំងពីរបានព្រមព្រាងគ្នាបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ។

របាយការណ៍ដដែលបន្តថា នៅមុនពេលកើតហេតុ យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ឈ្មោះអ៊ុំ សុភ័ក្ត្រ បានផឹកស៊ីនៅហាងម៉ីម៉ី រួមជាមួយថៅកែហាង រួមទាំងនារី២នាក់ បានផឹកស្រាបៀរ ABC អស់ប្រហែល៣០កំប៉ុង។ បន្ទាប់មកឈ្មោះអ៊ុំ សុភ័ក្ត្រ បានជិះម៉ូតូឌុបឈ្មោះគុយ ស្រីអូន (នារីបម្រើការងារនៅហាងម៉ីម៉ី) មករកបន្ទប់ដេកក្នុងកាស៊ីណូថ្មពេជ្រ ហើយឈ្មោះអ៊ុំ សុភ័ក្ត្រ បានប្រាប់នារីនោះថា យកកាំភ្លើងទៅផ្ញើ ទុកនៅកូនចៅ (កម្មកររបស់ខ្លួន)។ ពេលមកដល់មុខកាស៊ីណូ ឈ្មោះអ៊ុំ សុភ័ក្ត្រ បានទូរស័ព្ទទៅថៅកែកាស៊ីណូថ្មពេជ្រ សួររកបន្ទប់ដេក ពេលនោះ ថៅកែកាស៊ីណូប្រាប់ថា រកបន្ទប់ដេកអី បើមិនដែលមកដេកនឹងផង។ ដោយក្នុងស្ថានភាពស្រវឹង ឈ្មោះអ៊ុំ សុភ័ក្ត្រ បានដើរចូលក្នុងកាស៊ីណូ ត្រូវបានសន្តិសុខនៅយាមខាងក្រៅហាមឃាត់ តែមិនព្រមស្តាប់ នៅតែដើរចូលដោយដៃខាងស្តាំមានកាន់កាំភ្លើងសំយ៉ុងចុះក្រោម និងស្ពាយកាបូបចូលទៅដល់ក្នុង (ស្របពេលដែលភ្ញៀវមកលេងចេញអស់ ខណៈបុគ្គលិកកំពុងរៀបចំសម្ភារៈ លុយកាក់ទៅទុកដាក់) ក៏ត្រូវបានសន្តិសុខ បាញ់សំដៅមកឈ្មោះអ៊ុំ សុភ័ក្ត្រ ចំនួន៣គ្រាប់ តែមិនត្រូវពេលនោះក្រុមសន្តិសុខបានចូលមកចាប់ដកយកកាំភ្លើ់ងពីឈ្មោះអ៊ុំ សុភ័ក្ត្រ រួចព្រួតវាយ បណ្តាលឱ្យមានរបួសយ៉ាងធ្ងន់ធ្ង់រ។

របាយការណ៍ខាងលើ បានឱ្យដឹងទៀតថា ឈ្មោះអ៊ុំ សុភ័ក្ត្រ គឺជាអ្នកម៉ៅការធ្វើពិតានឱ្យថៅកែកាស៊ីណូថ្មពេជ្រ ឈ្មោះលឹម លាងឆាយ ដោយមានកិច្ចសន្យាព្រមព្រាងរវាងភាគីទាំង២។ ហេតុនេះ តាមការសន្និដ្ឋាន ករណីខាងលើនេះ កើតឡើងបណ្តាលមកពីមានការភ័ន្តច្រឡំ រវាងក្រុមសន្តិសុខកាស៊ីណូ ថ្មពេជ្រ និងឈ្មោះអ៊ុំ សុភ័ក្ត្រ។ មូលហេតុឈ្មោះ អ៊ុំ សុភ័ក្ត្រ ស្ថិតក្នុងស្ថានភាពស្រវឹង ហើយជិះម៉ូតូឌុបឈ្មោះគុយ ស្រីអូន (នារីបម្រើការងារក្នុងហាងុម៉ីម៉ី) ទៅរកបន្ទប់ដេកនៅក្នុងកាស៊ីណូថ្មពេជ្រ។ ករណីខាងលើនេះ គឺពុំមែនជាករណីលួចមានស្ថានទម្ងន់ទោស (ប្លន់)ទេ គឺដោយសារតែឈ្មោះអ៊ុំ សុភ័ក្ត្រ ប្រើប្រាស់កាន់បង្ហាញអាវុធ មិនស្របពេលវេលា និងទីកន្លែង បណ្តាលឱ្យក្រុមសន្តិសុខកាស៊ីណូ មានការភ័ន្តច្រឡំបាញ់។

ក្រោយបញ្ចប់ការស្រាវជ្រាវ ភាគីលោកលឹម លាងឆាយ ម្ចាស់កាស៊ីណូ បានទទួលស្គាល់កំហុសរបស់បុគ្គលិក និងក្រុមសន្តិសុខ ដែលបានវាយ និងបាញ់ឈ្មោះអ៊ុំ សុភ័ក្ត្រ។ ចំណែកឈ្មោះអ៊ុំ សុភ័ក្ត្រ បានទទួលស្គាល់កំហុសរបស់ខ្លួន ដែលបានចូលក្នុងស្ថានភាពស្រវឹង និងកាន់អាវុធ។

ជាចុងក្រោយភាគីទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ៕

RELATED ARTICLES