Wednesday, January 22, 2025
Homeព័ត៌មានជាតិចាញ់បោកថាឈ្នះរង្វាន់1ម៉ឺនដុល្លារ! តែបែរជាអស់950ដុល្លារទៅវិញ

ចាញ់បោកថាឈ្នះរង្វាន់1ម៉ឺនដុល្លារ! តែបែរជាអស់950ដុល្លារទៅវិញ

ភ្នំពេញ ៖ យុវជនម្នាក់ ខំរកស៊ីលក់ដូរ ទម្រាំសន្សំលុយកាក់បានបន្តិចបន្តួច ស្រាប់តែមកលង់ខ្លួនចាញ់ល្បិចក្រុមឆបោកតាមរយៈទូរស័ព្ទ ដោយកុហកថា ឈ្នះរង្វាន់ធំទឹកប្រាក់ ១ម៉ឺនដុល្លារ ពីធនាគាអេស៊ីលីដា ប៉ុន្តែទាមទារឱ្យផ្ញើរលុយដើម្បីរត់ឯកសារចំនួន១ពាន់ដុល្លារ ទើបធ្វើឱ្យជនរងគ្រោះប្រញាប់ប្រញាល់ប្រមែប្រមូលលុយកាក់បាន៩៥០ដុល្លារ ផ្ញើទៅឱ្យក្រុមឆបោកតាមក្រុមហ៊ុនវីង។ ទីបំផុតទើបភ្ញាក់ខ្លួន ថាចាញ់ល្បិចបោកប្រាស់ ក៏កាន់ក្រដាសផ្ញើលុយមកប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

យុវជនរងគ្រោះ ដែលចាញ់ល្បិចក្រុមឆបោក មានឈ្មោះឃុល វាសនា អាយុ២៤ឆ្នាំ មុខរបរលក់ភេសជ្ជៈ មានលំនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកលុយកាក់ដែលចាញ់ល្បិចក្រុមជនឆបោក មានចំនួន៩៥០ដុល្លារ។

តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ មានគេខលមកប្រាប់ខ្លួនថា លោកអ្នកឈ្នះនូវរង្វាន់ធំមហាសាល នូវទឹកប្រាក់១ម៉ឺនដុល្លារ ពីធនាគាអេស៊ីលីដា។ គ្រាន់តែឮថា ឈ្នះរង្វាន់ធំ១ម៉ឺនដុល្លារភ្លាម រូបគេត្រេកអរស្ទើរហោះ និងលែងចង់លក់ភេសជ្ជៈទៀតផង។ បន្ទាប់មក ជនសង្ស័យបានបញ្ជាក់ប្រាប់ថា រូបគេគឺជាភ្នាក់ងាររបស់ក្រុមហ៊ុនអេស៊ីលីដា ព្រមទាំងបាននិយាយបញ្ចុះបញ្ចូលទាមទារឱ្យខ្លួន ផ្ញើលុយទៅឱ្យគេដើម្បីងាយស្រួលគេរត់ឯកសារ បើករង្វាន់១ម៉ឺនដុល្លារឆាប់ៗ។ លុះពេលខ្លួនសួរថា ត្រូវការប្រាក់រត់ការប៉ុន្មាន ជនសង្ស័យឆបោក បានប្រាប់ថាត្រូវតែផ្ញើប្រាក់ឱ្យគេចំនួន ១០០០ដុល្លារមុនសិន ដោយផ្ញើលុយតាមវីង ចូលលេខទូរស័ព្ទ ០៨៦ ៤០៣ ៦៦១ និង០៨៦ ២៣០ ៦៩៣។

យុវជនរងគ្រោះ បានបន្តថា ដោយហេតុថា ចង់បានប្រាក់រង្វាន់១ម៉ឺនដុល្លារនោះពេក ទើបរូបគេមិនបានគិតមុខក្រោយឱ្យបានវែងឆ្ងាយ ឬពិភាក្សាជាមួយអ្នកណាទាំងអស់ ក៏ប្រញាប់ប្រញាល់ប្រមែប្រមូលលុយកាក់អស់ពីខ្លួន ផ្ញើទៅឱ្យជនសង្ស័យតាំងពីព្រឹករហូតដល់រសៀល ខ្លួនបានផ្ញើលុយទៅឱ្យជនសង្ស័យចំនួន៤ដង។ លុះលើកចុងក្រោយ ជនឆបោកនោះបានទាមទារលុយ១៥០ដុល្លារបន្ថែមទៀត តែដោយសារខ្លួនអស់ប្រាក់ពីខ្លួនទៅហើយ ទើបត្រូវដើរទៅ រកខ្ចីប្រាក់ពីអ្នកស្គាល់គ្នា លុះគេសួរនាំថាយក ប្រាក់ទៅធ្វើអ្វី? ខ្លួនបានរៀបរាប់ប្រាប់តាមដំណើរ រឿង ទើបគេប្រាប់ថា ចាញ់ល្បិចគេហើយ ធ្វើឱ្យរូបគេភ្ញាក់ខ្លួន ទាក់ទងទៅរកជនសង្ស័យ តាមរយៈទូរស័ព្ទទាំង២ខ្សែខាងលើ ស្រាប់តែត្រូវគេបិទផ្តាច់ទំនាក់ទំនងបាត់អស់ទៅហើយ ទើបធ្វើឱ្យខ្លួនខកបំណង កើតទុក្ខមិនសុខចិត្ត ក៏កាន់កន្ទុយសន្លឹកវីង ទៅប្តឹងប៉ូលិសឱ្យជួយ ស្រាវជ្រាវ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានត្រឹមទទួលពាក្យបណ្តឹងដើម្បីធ្វើការស្រាវជ្រាវប៉ុណ្ណោះ ហើយជាមួយនេះ សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងកុំមានចិត្តលោភលន់ ខណៈ ដែលទទួលទូរស័ព្ទគ្មានប្រភពច្បាស់លាស់ ប្រាប់ថា ឈ្នះរង្វាន់ជាទឹកប្រាក់ពីក្រុមហ៊ុននេះ ឬធនាគារនោះ តែតាមពិតគឺសុទ្ធសឹងតែជាល្បិចរបស់ក្រុមជនឆបោកទាំងអស់៕

RELATED ARTICLES