Sunday, May 19, 2024
Homeព័ត៌មានជាតិគួរឲ្យអាណិតណាស់! ឪពុកប្រពន្ធបី វាយដំធ្វើទារុណកម្មកូនប្រុសរាល់ថ្ងៃ

គួរឲ្យអាណិតណាស់! ឪពុកប្រពន្ធបី វាយដំធ្វើទារុណកម្មកូនប្រុសរាល់ថ្ងៃ

ខេត្តពោធិ៍សាត់ ៖ បុរសជាឪពុកចិត្តកំណាចឃោរឃៅម្នាក់ តែងវាយធ្វើបាបកូនប្រុសបង្កើត របស់ខ្លួន ដែលទើបនឹងមានអាយុ១០ឆ្នាំ ជារៀងរាល់ថ្ងៃ ដោយជួនប្រើកណ្តាប់ដៃ ជួនប្រើខ្សែក្រវាត់វាយដំច្រំធាក់ទៅលើកូនប្រុសគ្មានត្រាប្រណី រហូតដល់មេភូមិ រួមនិងប្រជាការពារភូមិទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ និងឃាត់ខ្លួនឪពុកកំណាចខាងលើ យកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចមាត់ប្រឡាយ ស្ថិតក្នុងភូមិចម្ការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

ជនសង្ស័យដែលប្រើអំពើហិង្សាវាយធ្វើបាបកូនប្រុសនោះ មានឈ្មោះម៉ើល ឆុង អាយុ ៣៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ និងមានកូនប្រុសស្រី ចំនួន៤នាក់ ក្នុងបន្ទុកគ្រួសារ។ ចំណែកក្មេងប្រុសរងគ្រោះមានឈ្មោះឆុង វិសាល ហៅអាជីវ អាយុ១០ឆ្នាំ រស់នៅក្នុងបន្ទុកឪពុក និងម្តាយចុង។

សមត្ថកិច្ចក្រុងពោធិ៍សាត់ បានរៀបរាប់ប្រាប់ថា ជនសង្ស័យខាងលើ មានប្រពន្ធដល់ទៅ៣នាក់ ប៉ុន្តែសព្វថ្ងៃលែងលះប្រពន្ធអស់២នាក់ទៅហើយ នៅសល់តែម្នាក់ប៉ុណ្ណោះ ចំណែកកូនប្រុសស្រីទាំង៤នាក់ ក្នុងនោះ រួមមានក្មេង ប្រុសរងគ្រោះម្នាក់ផង គឺកំពុងរស់នៅជុំគ្នាជាមួយជនសង្ស័យ និងប្រពន្ធទី៣។

ប្រភពដដែលបន្តថា កន្លងមកនេះ ជនសង្ស័យឧស្សាហ៍ប្រើអំពើហិង្សាវាយដំទៅលើកូនប្រុស (ក្មេងប្រុសរងគ្រោះ) ខ្លាំងណាស់ ជួនប្រើដៃជើង ជួនដោះខ្សែក្រវាត់វាយទៅលើកូនប្រុស ធ្វើឱ្យរងរបួសសុសពេញខ្លួន។ ក្រោយមក នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយទ្រាំមើលទង្វើឃោរឃៅរបស់ជនសង្ស័យជាឪពុកដែលប្រព្រឹត្តទៅលើក្មេងប្រុសរងគ្រោះជាកូនតទៅទៀតលែងបាន ទើបលោកមេភូមិ រួមនឹងកម្លាំងប្រជាការពារភូមិ បានសម្រេចរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋានតែម្តង។

ប្រភពខាងលើបញ្ជាក់ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើភ្លាម នៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចក៏ចុះចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច បុរសសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សា វាយកូនប្រុសប្រាកដមែន តែគ្រាន់តែវាយក្នុងគោលបំណងប្រដៅប៉ុណ្ណោះ ប៉ុន្តែរាងជ្រុលដៃបន្តិច ទើបបណ្តាលឱ្យរបួសបែបនេះ។ តាមពិតកូនប្រុសរបស់គាត់ម្នាក់នេះ គឺខិលខូច និងរពឹសខ្លាំងណាស់ ធ្លាប់បោកបំផ្លាញរបស់ ទ្រព្យអ្នកជិតខាង បណ្តាលឱ្យបែកបាក់ និងត្រូវគេមកទូលពិតខ្លួនជាឪពុកមិនឈប់ ធ្វើឱ្យគាត់ត្រូវបាក់មុខខ្មាសគេ និងត្រូវគេដៀលថា ឪពុកមិនចេះប្រដៅកូនប្រុសច្រើនលើកច្រើនសាមកហើយ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានសម្រេចឆ្លងយោបល់ថ្នាក់លើ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចអនុញ្ញាតឱ្យបុរសនោះត្រឡប់ទៅផ្ទះវិញ ដោយសារកូនតូចៗគ្មានអ្នកចិញ្ចឹមនោះទេ៕

RELATED ARTICLES