ភ្នំពេញ ៖ ក្មេងស្ទាវជនជាតិវៀតណាម ចំនួន២នាក់ ក្រោយពីប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ស្រាប់តែបែកគំនិតយកសាំងចាក់ចូលដបទឹកសុទ្ធ រួចដុត និងបានគប់ចូលទៅក្នុងផ្ទះជួលមួយកន្លែង បង្កឱ្យមានការឆាបឆេះ ខូចខាតទ្រព្យសម្បត្តិមួយចំនួន និងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះចាប់វាយខ្នោះ កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលេខ ១៩ក៤ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ រួមមានទី១-ឈ្មោះឡឹម យ៉ាំងង៉ុក អាយុ២៧ឆ្នាំ ជាជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះសួន សុជាតិ ហៅវេវ អាយុ២៤ឆ្នាំ ជាជនជាតិវៀតណាម មុខរបរមិនពិតប្រាកដដូចគ្នា។ ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យ ទាំង២នាក់ខាងលើ មិនដឹងជាទើបនឹងជក់ថ្នាំពីកន្លែងណា រួចក៏ស្រាប់តែនាំគ្នាធ្វើសកម្មភាព យកសាំងចាក់ចូលទៅក្នុងដបទឹកសុទ្ធ រួចដុត ហើយក៏គប់សំដៅចូលទៅក្នុងផ្ទះជួល ចំណុច កើតហេតុខាងលើ បណ្តាលឱ្យមានការឆាបឆេះ កម្រាលកៅស៊ូលើក្តារ ប៉ុន្តែសំណាងល្អត្រូវបាន ប្រជាពលរដ្ឋ និងម្ចាស់ផ្ទះ ជួយគ្នាពន្លត់ភ្លើងបានទាន់ពេលវេលា ពុំនោះទេច្បាស់ជាមានគ្រោះ អគ្គិភ័យធំមិនខាន។
ក្រោយកើតហេតុ ប្រជាពលរដ្កប្ឋាននាំគ្នាព័ទ្ធចាប់ជនសង្ស័យទាំង២នាក់ យកប្រគល់ឱ្យ សមត្ថកិច្ចសាកសួរ និងបានធ្វើតេស្តរកសារធាតុញៀនក្នុងខ្លួន ជាលទ្ធផលបង្ហាញថា ជនសង្ស័យ ទាំង២នាក់ មានផ្ទុកសារធាតុញៀនប្រាកដមែន។
ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធី៕