Wednesday, January 22, 2025
Homeព័ត៌មានជាតិឃាត់ខ្លួនឃាតករដៃឆៅ២នាក់ អារក សម្លាប់មិត្តភក្តិ បោះសពចោលក្នុងព្រៃ

ឃាត់ខ្លួនឃាតករដៃឆៅ២នាក់ អារក សម្លាប់មិត្តភក្តិ បោះសពចោលក្នុងព្រៃ

ខេត្តកំពត ៖ ជនសង្ស័យជាឃាតករដៃឆៅ ចំនួន២នាក់ ដែលបានធ្វើសកម្មភាពអារកសម្លាប់ មិត្តភក្តិរបស់ខ្លួន រួចប្លុងសពចោលនៅក្នុងព្រៃ ខាងលិចឆៀងខាងត្បូងក្បែរវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត ក្នុងភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ កាលពីសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ត្រូវបានកម្លាំងអាវុធហត្ថ ស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង៤ និង៥០នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅចំណុចការដ្ឋានសំណង់ខាងលិច ផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ជនដៃដល់ទាំង២នាក់ ដែលត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន រួមមាន ទី១-ឈ្មោះចាន់ កុសល (ហៅភាព) អាយុ១៨ឆ្នាំ មានលំនៅ ភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ និងទី២-ឈ្មោះចក់ សុផល អាយុ១៨ឆ្នាំ មានលំនៅ ភូមិឫស្សីមួយគុម្ភ ឃុំស្ទឹងកែវ ស្រុកទឹកឈូ។ ជនសង្ស័យទាំង២នាក់ សុទ្ធតែអតីតជាព្រះសង្ឃ។ ចំណែកជនរងគ្រោះ មានឈ្មោះមិត្ត រតនៈ (ហៅដាំ) អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិព្រៃតុម្ត ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ។

មន្ត្រីអាវុធហត្ថខេត្តកំពត បានបញ្ជាក់ប្រាប់ថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពត សហការជាមួយនឹងកម្លាំងអាវុធហត្ថខេត្តសៀមរាប បើកប្រតិបត្តិការបង្ក្រាបបាន បន្ទាប់ពីជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពអារកសម្លាប់ជនរងគ្រោះជាមិត្តភក្តិ បណ្តាលឱ្យស្លាប់នៅខេត្តកំពតរួចមក ក៏បានព្យាយាមរត់គេចមកសម្ងំលាក់ខ្លួន ធ្វើជាកម្មករសំណង់នៅក្នុងការដ្ឋានមួយកន្លែង ក្នុងទឹកដីខេត្តសៀមរាប។

ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ប្រគល់មកឱ្យកម្លាំងអាវុធហត្ថខេត្តកំពត បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ដើម្បីសាកសួរកសាងសំណុំរឿងអនុវត្តតាមនីតិវិធី់។

គួររំលឹកថា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ អ្នកភូមិបានប្រទះឃើញសពយុវជនម្នាក់ ស្ថិតនៅចំណុចព្រៃមួយកន្លែង ស្ថិតនៅខាងលិចឆៀងខាងត្បូងក្បែរវិទ្យាល័យហ៊ុនសែនព្រែកត្នោត ក្នុងភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ដោយសាកសព ជនរងគ្រោះ ស្ថិតក្នុងសភាពទទួលរងនូវការអារកសម្លាប់យ៉ាងសាហាវព្រៃផ្សៃ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនរងគ្រោះបានទៅដើរលេងជាមួយគូកនបីនាក់ទៀត ដែលសុទ្ធសឹងជាអ្នករស់នៅក្នុងភូមិជាមួយគ្នា លុះពួកគេត្រឡប់មក ផ្ទះរៀងៗខ្លួនវិញ ស្រាប់តែបាត់ជនរងគ្រោះមិនឃើញមកផ្ទះសោះ ក្រោយមកក៏មានគេប្រទះឃើញសាកសពជនរងគ្រោះ ត្រូវគេអារកសម្លាប់បែបនេះតែម្តង៕

RELATED ARTICLES