Monday, May 6, 2024
Homeព័ត៌មានជាតិធ្វើជាសាក្សីសោះ បែរជាលួចទៅទារលុយពីកូនបំណុលបាន១៥០០ដុល្លារ ហើយរត់គេចបាត់

ធ្វើជាសាក្សីសោះ បែរជាលួចទៅទារលុយពីកូនបំណុលបាន១៥០០ដុល្លារ ហើយរត់គេចបាត់

ភ្នំពេញ ៖ ស្ត្រីជាម្ចាស់ហាងគោដុតម្នាក់ រត់ទៅប្តឹងសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ឱ្យជួយអន្តរាគមន៍ បន្ទាប់ពីមានលុយឱ្យគេខ្ចី ចងការប្រាក់ហើយ បែរជាអ្នកធ្វើសាក្សីឱ្យនោះ ទៅលួចទារលុយពីកូនបំណុលបាន១៥០០ដុល្លារ ហើយគេចខ្លួនបាត់ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ។

ស្ត្រីដើមបណ្តឹងជាម្ចាស់បំណុល មានឈ្មោះ សាន់ ទិត្យនី អាយុ៣៨ឆ្នាំ មុខរបរម្ចាស់ហាងគោដុត នៅភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ លុយដែលបាត់បង់ ដោយសារសាក្សីរបស់ខ្លួនប្រើល្បិចទៅទារយកបានមុន ចំនួន១៥០០ដុល្លារ ហើយបាត់នោះ រត់ឈ្មោះស៊ីន សុទ័ន ភេទប្រុស មានទីលំនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមការរៀបរាប់ពីស្ត្រីដើមបណ្តឹង បានឱ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ឈ្មោះស៊ីន សុទ័ន បានណែនាំគាត់ឱ្យចងការប្រាក់ ឱ្យទៅឈ្មោះអុន អេម ភេទប្រុស ជាមេភូមិត្រពាំងធ្នង់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានប្រពន្ធឈ្មោះអ៊ាក វ៉ន ក្នុងទឹកប្រាក់ចំនួន១៥០០ដុល្លារ មានទាំងកិច្ចសន្យា លាយលក្ខអក្សរ និងមានសាក្សីដឹងឮត្រឹមត្រូវ ដោយព្រមព្រៀងឯកភាពគ្នា ក្នុងរយៈ១ឆ្នាំ បង់ការប្រាក់១ខែចំនួន១៥០ដុល្លារ លុះដល់បញ្ចប់កុងត្រា គាត់ជាម្ចាស់បំណុលទៅទារលុយដើមវិញ បែរជាកូនបំណុលប្រាប់ថា ឈ្នោះស៊ីន សុទ័ន ជាអ្នកធ្វើសាក្សីឱ្យម្ចាស់បំណុលនោះ បានមកយកទៅអស់គ្រប់ចំនួនហើយ ដោយប្រាប់ថា ម្ចាស់លុយឱ្យមកយកជំនួស ទើបកើតទៅជារឿងងឿងឆ្ងល់ លុះវិលត្រឡប់មកវិញ តាមមកសួរ សាក្សីរូបនោះក៏បានបញ្ជាក់ថា ពិតជាយកលុយ១៥០០ដុល្លារនោះមែន មិនទាន់ទាំងប្រគល់លុយឱ្យវិញផង សាក្សីរូបនោះគេចខ្លួនបាត់ទៀត វាក្លាយទៅជារឿងសាក្សីឆបោកលុយទៅវិញ ធ្វើឱ្យគាត់កើតទុក្ខមិនសុខចិត្ត ទើបរត់ទៅប្តឹងអាជ្ញាធរសង្កាត់ឱ្យជួយអន្តរាគមន៍។

ប្រភពបន្តទៀតថា តាមកូនបំណុលមិនជាមានបញ្ហាអ្វីនោះទេ តែដល់ថ្ងៃត្រូវបញ្ចប់កុងត្រារឿងចងការប្រាក់ បែរជាអ្នកធ្វើសាក្សី បង្កើតបញ្ហាឆបោកលុយខ្លួនទៅវិញ ។

តែទោះជាយ៉ាងណាក្តី រឿងរំលោភលើទំនុកចិត្តខាងលើ រង់ចាំអាជ្ញាធរចេញលិខិតអញ្ជើញឈ្មោះស៊ីន សុទ័ន មកធ្វើការសាកសួរ និងនិយាយគ្នាជាមុនសិន ដើម្បីឱ្យដឹងរឿងរ៉ាវច្បាស់លាស់ ទើបចាត់ការតាមផ្លូវច្បាប់ជាក្រោយ៕

RELATED ARTICLES