Monday, May 6, 2024
Homeព័ត៌មានជាតិគ្រូបង្រៀនខូចចិត្ត ផឹកស្រាក្លាយជាមនុស្សប្រមឹក ត្រូវប្រពន្ធរត់ចោល ដេករោងគោ

គ្រូបង្រៀនខូចចិត្ត ផឹកស្រាក្លាយជាមនុស្សប្រមឹក ត្រូវប្រពន្ធរត់ចោល ដេករោងគោ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ជាគ្រូបង្រៀន មានមុខមាត់ និងកិត្តិយស លុះក្រោយពីកូនស្រីពៅលង់ទឹកស្លាប់ ស្រាប់តែឈឺចិត្តស្អិតទ្រូងដើរតែផឹកស្រា បោះបង់ចោលការងារ ក្លាយជាមនុស្សប្រមឹកផឹកស្រវឹងអួទីនួរាល់ថ្ងៃ រហូតដល់ប្រពន្ធខ្មាសគេពេក ក៏ដាច់ចិត្តឱបបង្វេចនាំកូន៣នាក់ រត់ចោលប្តីបាត់។

បុរសញៀនស្រា រហូតប្រពន្ធនាំកូនរត់ចោលនេះ មានឈ្មោះតឹម ម៉ុត អាយុ៤៤ឆ្នាំ សព្វថ្ងៃរស់នៅជាមួយប្អូនស្រីបង្កើត នៅក្នុងភូមិតាលួង ឃុំស្គុះ ស្រុកសំរោង។

លោកគ្រូតឹម ម៉ុត

តាមសម្តីស្ត្រីឈ្មោះតឹប ឡា អាយុ៥០ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់អតីតគ្រូបង្រៀនញៀនស្រា ប្រពន្ធរត់ចោល បានរៀបរាប់ប្រាប់ថា គាត់មានបងប្អូនសរុប៦នាក់ ចំណែកបងប្រុស (តឹប ម៉ុត) ដែលញៀនស្រា រហូតប្រពន្ធរត់ចោលបាត់នោះ ត្រូវជាកូនច្បងនៅក្នុងគ្រួសារ។ បងប្រុសរបស់គាត់ម្នាក់នេះ កាលពីក្មេង គឺជាមនុស្សឆ្លាត រៀនសូត្រពូកែ និងមានអត្តចរិតស្លូតបូតសុភាពរាបសា ទទួលបានការស្រលាញ់រាប់អានពីអ្នកផងទាំងពួងគ្រប់ៗគ្នា។ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បាក់ឌុប បងប្រុសក៏បានចេញទៅរៀនគរុកោសល្យនៅតាខ្មៅ ខេត្តកណ្តាល រយៈពេល៣ឆ្នាំ ទើបចប់ត្រឡប់មកវិញ ចូលធ្វើជាគ្រូបង្រៀននៅសាលាបឋមសិក្សាចំប៉ាទេព។

អ្នកស្រីតឹប ឡា បន្តថា លុះក្រោយពីចាប់អាជីពជាគ្រូបង្រៀន បាន២ឆ្នាំ បងប្រុសរបស់គាត់ (តឹប ម៉ុត) ត្រូវម្តាយចូលស្តីដណ្តឹងកូនក្រមុំគេម្នាក់ ឈ្មោះយឿង ផែ រស់នៅភូមិក្រាំង ឃុំស្គុះ ស្រុកសំរោង ឱ្យរៀបការជាប្តីប្រពន្ធនឹងគ្នារហូតមក។ ក្រោយពីរៀបការរួចមក ប្តីប្រពន្ធបងប្រុសនេះ ស្រលាញ់គ្នាខ្លាំងណាស់ រស់នៅយ៉ាងមានសុភមង្គល រហូតបង្កើតបានកូនជាបន្តបន្ទាប់ សរុបទៅ៤នាក់ (ប្រុស៣ និងកូនស្រីពៅ១)។ បងប្រុសរបស់គាត់ធ្វើជាគ្រូបង្រៀនកាក់កបល្អណាស់ រកប្រាក់បានរហូតទិញម៉ូតូថ្មី ទិញដីស្រែ ដីភូមិ សង់ផ្ទះធំទ្រនំខ្ពស់ រស់នៅមានមុខមានមាត់ក្នុងសង្គម និងត្រូវបានគេឯងស្រលាញ់រាប់អានកោតសរសើរគ្រប់ៗគ្នា ដោយគេតែងសរសើរពីអត្តចរិត និងចំណេះដឹង មានវិជ្ជាជីវៈបង្រៀនប្រកបដោយសីលធម៌ សុជីវធម៌ខ្ពស់ល្អណាស់។

អ្នកស្រីតឹប ឡា បានឱ្យដឹងទៀតថា លុះចូលដល់អំឡុងឆ្នាំ២០១០ នៅថ្ងៃមួយ ខណៈ ដែលបងប្រុសរបស់គាត់កំពុងបង្រៀនសិស្សនៅសាលា ក៏ស្រាប់តែត្រូវប្រពន្ធទូរស័ព្ទមកហៅឱ្យត្រឡប់ទៅផ្ទះវិញជាប្រញាប់ ដោយសារតែកូនស្រីពៅរបស់គាត់ បានលង់ទឹកស្លាប់។ ដោយសារតែចិត្តស្រលាញ់លើកូនស្រីពៅខ្លាំងពេក ទើបធ្វើឱ្យបងប្រុសគាត់យំសោកបោកខ្លួនស្តាយស្រណោះជីវិតកូនស្រី រហូតដល់ទប់ស្មារតីទទួលយកការពិតមិនបាន ធ្វើឱ្យខូចចិត្តដល់ថ្នាក់ដើរផឹកស្រាស្រវឹងសឹងតែរាល់ថ្ងៃ។ តាំងពីកូនស្រីពៅស្លាប់ទៅ បងប្រុសនេះបានប្រែទៅជាមនុស្សម្នាក់ផ្សេង ដែលគ្មានការទទួលខុសត្រូវចំពោះការងារ និងគ្រួសារ ដោយគាត់បានបោះបង់ចោលការបង្រៀន និងរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ថ្ងៃណាក៏ឃើញតែដើរផឹកស្រាស្រវឹងអួទីនួ រហូតដល់លក់ដី លក់ទ្រព្យសម្បត្តិ ផឹកស្រា ដល់រលាយហិនហោចគ្មានសល់ ធ្វើឱ្យជីវភាពគ្រួសារធ្លាក់ដុនដាប ហើយត្រូវអ្នកភូមិស្អប់ លែងមើលមុខគ្រប់គ្នា។

អ្នកស្រីតឹប ឡា ពេលផ្តល់សម្ភាសន៍

អ្នកស្រីតឹប ឡា បានបញ្ជាក់ថា ដោយសារតែអូសទាញប្តីឱ្យតាំងស្មារតីងាកមករកសភាពប្រក្រតីវិញមិនបាន ទើបធ្វើឱ្យប្រពន្ធរបស់គាត់ ខឹងសម្បាយ៉ាងខ្លាំង រហូតដល់ទ្រាំលែងបាន ដោយសារខ្មាសគេងើបមុខមិនរួច ព្រោះមានប្តីជាអតីតគ្រូបង្រៀន មានចំណេះដឹង ក្លាយជាមនុស្សប្រមឹក ផឹកស៊ីស្រវឹងនិយាយលែងដឹងខុសត្រូវ ទើបប្រពន្ធរបស់គាត់ដាច់ចិត្តឱបបង្វេចនាំកូនប្រុសទាំង៣ ចុះចោលប្តីបាត់ ដោយចេញទៅរស់នៅជាមួយគ្រួសាររបស់គាត់វិញ រហូតមកដល់សព្វថ្ងៃ មិនដែលនឹកនាអើពើមកអើតឈ្ងោកសួរសុខទុក្ខប្តីប្រមឹកនេះសោះឡើយ ជាហេតុធ្វើឱ្យបងប្រុសរបស់គាត់កាន់តែខូចចិត្តខ្លាំងឡើង ដើរផឹកតែស្រា រហូតលែងហូបបាយទឹកទៀតផង។

អ្នកស្រីតឹប ឡា បានត្អូញត្អែរថា គាត់ពិតជាអាណិតបងប្រុសនេះខ្លាំងណាស់ មិនគួរណាធ្លាក់ខ្លួនដល់ថ្នាក់នេះសោះ ហើយកន្លងមក ទោះគាត់និងក្រុមគ្រួសារលួងលោមឱ្យកាត់បន្ថយស្រាខ្លះ ក៏បងប្រុសនេះមិនខ្ចីស្តាប់ នៅតែដើរផឹកស្រាស្រវឹងដល់ឆ្កែលិទ្ធមាត់រាល់ថ្ងៃ និងមិនដែលដេកក្នុងផ្ទះទេ ដេកតែក្នុងរោងគោរបស់គាត់រាល់យប់។ ដោយសារតែមិនអាចអូសទាញបងប្រុសនេះឱ្យដូចដើមវិញបាន ហេតុនេះ មានតែបណ្តោយតាមយថាកម្មរបស់គាត់ ទៅចុះ ធ្វើម្តេចវាសនាចារមកឱ្យគាត់អភ័ព្វបែបនេះ៕

RELATED ARTICLES