Monday, May 6, 2024
Homeព័ត៌មានជាតិប្តីប្រពន្ធក្រពេក ប្រកាសលក់កូនស្រីអាយុ៣ខែ ជាថ្នូរទឹកប្រាក់១២០០ដុល្លារ

ប្តីប្រពន្ធក្រពេក ប្រកាសលក់កូនស្រីអាយុ៣ខែ ជាថ្នូរទឹកប្រាក់១២០០ដុល្លារ

ខេត្តតាកែវ ៖ ក្រុមគ្រួសារមួយនេះ មានជីវភាពទីទ័លក្រខ្លាំងណាស់ ចំណែកបុរសជាប្តីមួយថ្ងៃៗ ដឹងតែផឹកស្រាស្រវឹងអួទីនួ មិនប្រឹងរកស៊ី ប្រឹងរកតែកូន រហូតដល់កូនពេញកន្ទេល គ្មានលទ្ធភាពចិញ្ចឹម ទើបស្ត្រីជាប្រពន្ធដែលទើបនឹងសម្រាលបានកូនស្រី៣ខែ ប្រកាសឱ្យកូនស្រីទៅគេចិញ្ចឹម ជាថ្នូរនឹងប្រាក់មួយចំនួន គ្រាន់ដោះស្រាយជីវភាពគ្រួសារ។

ស្ត្រីកូនខ្ចីដែលមិនមានលទ្ធភាពចិញ្ចឹមកូន ក៏ប្រកាសឱ្យកូនទៅគេចិញ្ចឹមនេះ មានឈ្មោះ ម៉ិញ សៅលី អាយុ៣៧ឆ្នាំ សព្វថ្ងៃរស់នៅភូមិ ព្រៃឈើទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់។

នាងម៉ិញ សៅលី បានរៀបរាប់ពីដំណើរជីវិតរបស់ខ្លួនប្រាប់ថា នាងជាកូនពៅក្នុងចំណោមបងប្អូន៤នាក់ (ប្រុស១ ស្រី៣) មានម្តាយឈ្មោះ សៅ ចេក អាយុ៨២ឆ្នាំ ឪពុកស្លាប់។ កាលពីក្មេងនាងរៀនសូត្របានត្រឹមថ្នាក់ទី៩ នៅវិទ្យាល័យសុខ អាន ១ឧសភា ក៏ឈប់រៀនវិញទៅ ដោយសារតែជីវភាពគ្រួសារក្រីក្រពេក។ ក្រោយមក ឪពុកម្តាយក៏បានរៀបចំទុកដាក់ឱ្យនាងមានប្តីឈ្មោះសយ ឡន អាយុបងនាង៣ឆ្នាំ រួចក៏ចាប់ដៃគ្នារួមរស់ រហូតដល់សព្វថ្ងៃមានកូនចំនួន៥នាក់ (ប្រុស២ ស្រី៣)។ តាំងពីបានគ្នាជាប្តីប្រពន្ធមក ប្តីនាងប្រកបតែរបរធ្វើស្រែតែមួយមុខគត់ ព្រោះគ្មានចំណេះជំនាញអ្វីនឹងគេឡើយ ចំណែកនាងធ្វើនំអាកោ និងនំចេកបុក យកទៅលក់នៅផ្សារអង្កតាសោម រួមគ្នារកប្រាក់ដើម្បីដោះស្រាយជីវភាព និងរួមរស់យ៉ាងមានសុភមង្គល។

នាងម៉ិញ សៅលី បន្តថា លុះក្រោយមក ប្តីរបស់នាងក៏ចាប់ផ្តើមបែកឆ្វេង លែងសូវជួយធ្វើការរកស៊ីអ្វីទាំងអស់ វក់តែផឹកស្រារាល់ថ្ងៃ ទុកឱ្យនាងប្រឹងលក់នំអាកោ និងចេកបុកតែម្នាក់ឯង រកប្រាក់ចំណូលចូលផ្ទះ ធ្វើឱ្យជីវភាពគ្រួសារក្រទៅៗ រកអង្ករច្រកឆ្នាំងសឹងមិនបាន រកបានព្រឹកខ្វះល្ងាច រីឯប្តីឱ្យតែត្រឡប់មកពីផឹក ដឹងតែអូសដៃនាងចូលបន្ទប់សម្រុករកកូនប្រើ ហើយរហូតដល់មានកូនពេញកន្ទេល។ យ៉ាងណា ប្តីរបស់នាងពេលផឹកស្រាស្រវឹងម្តងៗ មិនដែលចេះរករឿងប្រពន្ធកូននោះទេ ពោលគឺស្រវឹងស្លូតខ្លាំងណាស់ រកតែកន្លែងស្រួល និងកន្លែងដេកទេ។ តាមពិតគាត់ក៏ហួសចិត្តនឹងប្តីនេះដែរ មួយថ្ងៃៗស៊ីតែក្តាមខ្យង ព្រលិតត្រកួន តែកម្លាំងពេញប៊ឹប និយាយពិរឿងកូនដាក់បានៗតែម្តង ហើយសមនឹងនាងមិនចេះការពារទៀតផង ទើបធ្វើឱ្យកូនញឹកដល់ទៅ៥បែបនេះ ក្នុងនោះ សព្វថ្ងៃនេះនាងកំពុងកូនខ្ចី៣ខែផងដែរ។

នាងសៅលី បានឱ្យដឹងទៀតថា តាមពិត ក្រោយពីមានកូន៤នាក់ ហើយនាងគិតថា ល្មមគ្រប់គ្រាន់ហើយ មិនយកទៀតទេ ព្រោះរកស៊ីចិញ្ចឹមពួកគេសឹងតែដាច់ពោះស្លាប់ម្តងៗទៅហើយ តែគ្រាន់តែប្រហែសបន្តិច (ទឹកលិចជ្រាបចូលពាង) ក៏ពពោះប៉ុនកញ្ជើជាលើកទី៥តែម្តង។ ដោយសារតែស្ថានភាពគ្រួសារក្រតោកយ៉ាក រកអង្ករច្រកឆ្នាំងមិនបានបែបនេះ ទើបនាងគ្មានលទ្ធភាពចិញ្ចឹមកូនស្រីពៅនេះបន្ថែមទៀតទេ ព្រោះទី១ ខ្លាចកូនដាច់ពោះស្លាប់ ទី២ ខ្លាចពេលកូនឈឺថ្កាត់គ្មានលុយព្យាបាល ហេតុនេះនាងដាច់ចិត្តប្រកាសថា នឹងឱ្យកូនស្រីនេះ ទៅអ្នកដែលចង់បានកូនយកទៅចិញ្ចឹម ប៉ុន្តែនាងគ្រាន់តែចង់សុំប្រាក់ចំនួន១២០០ដុល្លារមកវិញ ដើម្បីយកមកផ្គង់ផ្គង់ជីវភាពគ្រួសារដែលកំពុងប្រឈមនឹងការដាច់ពោះស្លាប់។

ចំណែកលោកសយ ឡន អាយុ៤០ឆ្នាំ ត្រូវជាប្តីនាងម៉ិញ សៅលី បានឱ្យដឹងថា មូលហេតុដែលពួកគាត់ប្រកាសឱ្យកូនស្រីពៅនេះទៅគេ ព្រោះតែគ្រួសារគាត់ក្រខ្លាំងពេក មិនមានលទ្ធភាពចិញ្ចឹមទេ ហើយខ្លាចពេលវាឈឺអត់លុយព្យាបាលនាំឱ្យស្លាប់ណាមួយ ទោះជារស់នៅជាមួយពួកគាត់ក៏គ្មានអនាគតដែរ ធំឡើងច្បាស់ជាវេទនា ហេតុនេះប្រសិនបើទៅរស់នៅជាមួយគេ ដែលមានលទ្ធភាពអាចនឹងមានអនាគតល្អភ្លឺថ្លាជាងនេះ ធ្វើម៉េចបើពួកយើងមានវាសនាត្រឹមតែពពោះ និងបង្កើត។

បុរសជាប្តីរូបនេះ បន្តថា គាត់ទទួលស្គាល់ថា គាត់ជាមនុស្សប្រមឹក ព្រោះរាល់ថ្ងៃ គាត់ញៀននឹងស្រាថ្នាំ រហូតដល់ដុះមេ កែខ្លួនលែងឡើងទៅហើយ ហើយគាត់ក៏ឆ្ងល់ខ្លួនឯងដែរ មិនដឹងជាមានអ្វីពិសេស ទើបដាក់បានៗយ៉ាងនេះ ព្រោះដូចប្រពន្ធថាអីចឹង រាល់ថ្ងៃផឹកតែស្រាថ្នាំក្លែមក្តឹបអម្ពិល ស៊ីតែក្តាមខ្យង មិនដែលស្គាល់សាច់គោសាច់ជ្រូកដូចគេផង តែមិនដឹងយ៉ាងម៉េច បែរជាកូនញឹកបែបនេះទៅវិញ៕

RELATED ARTICLES