ភ្នំពេញ ៖ បុរសម្នាក់ កើតមានអាការមិនសូវស្រួលខ្លួន ក៏ចូលទៅម៉ាស្សានៅក្នុងហាងមួយកន្លែង លុះក្រោយពេលម៉ាស្សាចប់សព្វគ្រប់ ចេញមកវិញមើលកាបូបលុយទើបដឹងថាបាត់អស់៣០០ដុល្លារ ទើបធ្វើឱ្យបុរសរូបនោះ កើត ទុក្ខមិនសុខចិត្ត ក៏ស្រែកឡូឡា ប្តឹងសមត្ថកិច្ចចុះឃាត់ខ្លួននារីម៉ាស្សា២នាក់យកទៅសាកសួរ។
ករណីបុរសម្នាក់ ចូលម៉ាស្សាត្រូវនារីជើងល្អលួចលុយពីក្នុងកាបូបអស់ចំនួន៣០០ដុល្លារ បានកើតឡើង កាលពីវែលាម៉ោង៨និង៤៥នាទី យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច ហាងម៉ាស្សាកោសជប់មួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះដែលចូលម៉ាស្សាម្តងអស់លុយ៣០០ដុល្លារនោះ មានឈ្មោះប៉ុល ច័ន្ទតារា អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ចំណែកនារីម៉ាស្សា ចំនួន២នាក់ ដែលសង្ស័យថាបានលួចលុយភ្ញៀវ រួមមាន ទី១-ឈ្មោះស កូឡាប អាយុ២០ឆ្នាំ មុខរបរអ្នកម៉ាស្សា ស្នាក់នៅក្នុងហាងម៉ាស្សា និងមានស្រុកកំណើតនៅភូមិក្រាំងដូង ឃុំក្រាំងដូង ស្រុកទូកមាស ខេត្តកំពត និងទី២-ឈ្មោះហេង ធូ អាយុ៣០ឆ្នាំ មុខរបរអ្នកម៉ាស្សា ស្នាក់នៅហាង ម៉ាស្សាជាមួយគ្នា និងមានស្រុកកំណើតនៅ ភូមិមង្គល ឃុំមង្គលបុរី ស្រុកបុរីជលសារ ខេត្តតាកែវ។
តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ គាត់បានជិះម៉ូតូជាមួយមិត្តភក្តិចេញពីចោមចៅ គោលបំណងទៅជួបមិត្តភក្តិម្នាក់ទៀត ប៉ុន្តែ ដោយសារគាត់មិនសូវស្រួលខ្លួន ទើបឈៀងចូលទៅម៉ាស្សានៅហាងខាងលើតែម្នាក់ឯង។ លុះពេលចូលទៅដល់ផ្ទះម៉ាស្សាកោសជប់ស្ត្រីម៉ាស្សាម្នាក់បានឱ្យគាត់ឡើងទៅបន្ទប់ជាន់ទី១ បន្ទាប់មកគាត់បានដោះអាវដាក់ព្យួរនៅមាត់ បង្អួច និងស្រាតខោពាក់នៅក្បែរគ្នាដែរ ហើយនារីម៉ាស្សារូបនោះ បានហុចកន្សែងពោះគោឱ្យគាត់ស្លៀក រួចឡើងដេកផ្កាប់មុខលើគ្រែ ដើម្បីម៉ាស្សា។
បុរសរងគ្រោះបន្តថា ក្រោយពីម៉ាស្សារួចហើយ នារីម៉ាស្សារូបនោះ បានចុះទៅក្រោម វិញភ្លាម ចំណែកគាត់បានស្លៀកពាក់ខោអាវវិញ រួចក៏លូកហោប៉ៅទាញកាបូបមកមើល ទើបដឹងថា លុយរបស់គាត់ចំនួន៣០០ដុល្លារ បានបាត់អស់ទៅហើយ ធ្វើឱ្យគាត់ខឹងសម្បាក៏ស្រែកឡូឡាទាមទារឱ្យនារីម៉ាស្សានោះ យកលុយមកឱ្យគាត់វិញ តែកន្លែងកោសជប់ម៉ាស្សានោះប្រកែកថា មិនដឹង ទើបគាត់សម្រេចចិត្តប្តឹងនគរបាលប៉ុស្តិ៍ ដើម្បីជួយរកខុសត្រូវតែម្តង។
ក្រោយពីទទួលបានពាក្យបណ្តឹងពីបុរសរងគ្រោះ លោកអនុសេនីយ៍ឯក ប៉ាល់ យុត្ថា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលាកាប១ បានដឹកនាំកម្លាំងទៅនាំនារីបម្រើការម៉ាស្សាកោសជប់ ក្នុងហាងខាងលើចំនួន២នាក់ មកកាន់ប៉ុស្តិ៍ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចស្ត្រីម្នាក់ ឈ្មោះ ស កូឡាប បានសារភាពថា លុយរបស់ភ្ញៀវខាងលើ គឺស្ត្រីឈ្មោះហេង ធូ ជាអ្នកលួចយកទៅ ប៉ុន្តែពេលសមត្ថកិច្ចសាកសួរស្ត្រីឈ្មោះហេង ធូ បានព្យាយាមឆ្លើយបដិសេធថា នាងមិនដឹងរឿងទេ។
សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីឈ្មោះហេង ធូ នេះ ត្រូវបានសមត្ថកិច្ចចាប់ឡើងភ្លេចទៅហើយ ក្នុងករណីដដែលៗនេះ (លួចលុយភ្ញៀវកោសជប់ម៉ាស្សា) និងបានកសាងសំណុំរឿង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចំនួន៣ដងមក ហើយ ប៉ុន្តែមិនដែលជាប់បានយូរឡើយភ្លេចត្រចៀកត្រឡប់មកវិញដដែល។
បច្ចុប្បន្នស្ត្រីសង្ស័យទាំង២នាក់ ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការ បន្តតាមនីតិវិធី៕