ភ្នំពេញ ៖ បុរស៥នាក់ បាននាំគ្នាទៅចូលរួមមង្គលការមិត្តភក្តិ លុះក្រោយពីផឹកស្រាស្រវឹង ខឹងនឹងម្ចាស់ដើមការក៏បើករថយន្តចេញមកវិញ ស្រាប់តែជ្រុលចង្កូតបុកពីក្រោយរថយន្តដឹក ទំនិញធុនធំមួយគ្រឿង ចតតាមផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យខ្ទេចរថយន្តមួយកំណាត់ផ្នែក ខាងមុខ និងធ្វើឱ្យបុរសជាអ្នកបើកបរត្រូវកៀបជាប់ស្លាប់ក្នុងរថយន្ត ចំណែកមិត្តភក្កិ៤នាក់ ទៀតរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិ លេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
ជនរងគ្រោះដែលកៀបជាប់ស្លាប់ក្នុងរថយន្តនោះ មានឈ្មោះឆៃ សេងហាក់ អាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់ពងទឹក ខណ្ឌដង្កោ ជាអ្នកបើកបរ រថយន្តម៉ាកឡិចស៊ីស RX-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-0962។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ទាំង៤នាក់នោះ រួមមានទី១-ឈ្មោះវ៉ា វណ្ណា អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកអង្គការ ស្នាក់នៅភូមិតានី ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះឃុយ ខេមរិន អាយុ២៣ឆ្នាំ ទី៣-ឈ្មោះហែម វាសនា អាយុ២៦ឆ្នាំ និងទី៤-ឈ្មោះរក្សា វង្ស អាយុ ២៧ឆ្នាំ។ ដោយឡែកភាគីរថយន្តម្ខាងទៀត ជាប្រភេទរថយន្តធុនធំ ដឹកទំនិញរបស់ក្រុមហ៊ុន កងដឹកជញ្ជូន H.C 035 ពាក់ស្លាកលេខ ស្វាយរៀង 3A-0562 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកឡិចស៊ីស RX-300 ជិះគ្នា៥នាក់ បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកគូថរថយន្តធុនធំ ដឹកទំនិញរបស់ក្រុមហ៊ុនកងដឹកជញ្ជូន H.C 035 ដែលចតនៅតាមផ្លូវចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តឡិចស៊ីសខ្ទេចទាំងស្រុង មួយកំណាត់ផ្នែកខាងមុខ កៀបអ្នកបើករថយន្ត និងអ្នកអង្គុយខាងមុខជាប់ក្នុងរថយន្ត២នាក់ ចំណែកមិត្តភក្តិ៣នាក់ទៀតដែលអង្គុយខាងក្រោយ ទទួលរងរបួសធ្ងន់។
ក្រោយកើតហេតុ ជនរងគ្រោះដែលទទួលរងរបួសធ្ងន់ទាំង៤នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ដោយឡែក ជនរងគ្រោះជាអ្នកបើករថយន្តត្រូវកៀបជាប់ស្លាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័ម។ រីឯអ្នកបើកបររថយន្តធុនធំ បានព្យាយាមឡើងបើករថយន្តគេចេញពីកន្លែងកើតហេតុ រហូតដល់ចំណុចរង្វង់មូលកួរស្រូវដីក្រហម ទើបចតទុកចោល រួចតៃកុងរថយន្តចុះរត់គេចខ្លួនបាត់។
តាមសម្តីបុរសរងគ្រោះឈ្មោះឃុយ ខេមរិន ដែលជាអ្នកអង្គុយផ្នែកខាងមុខជាប់នឹងតៃកុង រថយន្ត និងទទួលរងរបួសស្រាលជាងគេបន្តិច បានរៀបរាប់ប្រាប់ថា ពួកគេទាំង៥នាក់ បាននាំគ្នាទៅញ៉ាំការមិត្តភក្តិនៅភូមិកើតហេតុខាងលើ។ តែមុនពេលចេញទៅញ៉ាំការនោះ ពួកគេបានទៅផឹកស៊ីនៅផ្ទះមិត្តភក្តិផ្សេងទៀតអស់ ស្រាបៀរ២កេស ទើបបាននាំគ្នាចេញទៅញ៉ាំការមិត្តភក្តិ។ លុះពេលទៅដល់រោងការ ពួកគេបានចូលហូបចុកផឹកស៊ីយ៉ាងសប្បាយ ប៉ុន្តែទើបតែអស់គ្រឿងក្លែម៨មុខ ស្រាប់តែជនរងគ្រោះ ឈ្មោះឆៃ សេងហាក់ (សព) បានខឹងជាមួយម្ចាស់ដើមការ ក៏បានដើរចេញពីតុ រួចឡើងទៅបើករថយន្តចេញទៅបាត់តែម្នាក់ឯង មិនដឹងជាទៅណានោះទេ។
ប្រភពដដែលបន្តថា លុះមួយសន្ទុះធំក្រោយមក ឈ្មោះឆៃ សេងហាក់ បានបើករថយន្តមកយកពួកគេ៤នាក់ ដែលកំពង់តែអង្គុយចាំនៅផ្ទះការ។ បន្ទាប់មក នៅពេលដែលបើករថយន្តចេញពីរោងការជនរងគ្រោះបានបើកក្នុងល្បឿនយ៉ាងលឿន រួចក៏បានប៉ះដៃចង្កូតជាមួយម៉ូតូ១ គ្រឿងដែលបើកបញ្ច្រាសទិសគ្នា ឃើញបែបនេះ រូបគេ (ឈ្មោះឃុយ ខេមរិន) បានប្រាប់ថា បើកឡានឱ្យស្រួលប៉ះម៉ូតូគេ ស្រាប់តែភ្លាមនោះ ឈ្មោះឆៃ សេងហាក់ បានបួងចង្កូតគេចពីម៉ូតូជ្រុលទៅបុកគូទរថយន្តធុនធំ ដែលចតទុកចោលតែម្តងទៅ។
ក្រោយកើតហេតុ បុរសរងគ្រោះទាំង២នាក់ ដែលកៀបជាប់ក្នុងរថយន្តនោះ បានស្លាប់ម្នាក់ ចំណែកម្នាក់ទៀត ត្រូវប្រជាពលរដ្ឋជួយគាស់យកចេញពីរថយន្តដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។ ចំណែកសពជនរងគ្រោះ ដែលកៀបជាប់ក្នុងរថយន្ត ត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមសង្គ្រោះបន្ទាន់៧១១ មកជួយគាស់យកសពចេញពីរថយន្ត ហើយទាក់ទងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ មកធ្វើការវាស់វែង រួចអូសយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយគ្នាតាមនីតិវិធីនៅពេលក្រោយ៕