ខេត្តត្បូងឃ្មុំ ៖ ស្ត្រីមានសតិមិនប្រក្រតីម្នាក់ កំពុងដើរតែម្នាក់ឯងនៅកន្លែងស្ងាត់ ស្រាប់តែត្រូវប្រុសព្រានល្មោភកាមម្នាក់ បានចាប់អូស ដៃចូលទៅក្នុងព្រៃរំលោភរហូតដល់បានសម្រេច លុះក្មេងៗក្នុងភូមិប្រទះឃើញ ក៏នាំគ្នារត់ទៅ ប្រាប់បងប្រុសរបស់ស្ត្រីរងគ្រាះ ធ្វើឱ្យផ្អើលឆោឡោដល់អ្នកភូមិនាំគ្នាព័ទ្ធចាប់ខ្លួនជនល្មោភកាមបានភ្លាមៗ រួចប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។
ករណីប្រុសល្មោភកាម ចាប់រំលោភសេពសន្ថវៈស្ត្រីសតិមិនប្រក្រតីនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចព្រៃខាងកើតភូមិព្រះពន្លា ឃុំទ្រៀក ស្រុកមេមត់។ ចំណែកជនសង្ស័យត្រូវបានអ្នកភូមិព័ទ្ធចាប់បាននៅវេលាម៉ោង៩ព្រឹកថ្ងៃដដែល។
ជនសង្ស័យល្មោភកាម ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះថៃ ស្វិត អាយុ៤៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ ញ.គ្រ អាយុ៤៣ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី មានលំនៅក្នុងភូមិជាមួយគ្នា។
តាមប្រភពពីបងប្រុសរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្អូនស្រីរបស់គាត់ (ស្ត្រីរងគ្រោះ) គឺជាមនុស្សដែលមានសតិមិនប្រក្រតីនោះទេ ហើយកន្លងមក នាងតែងដើរហើរតែម្នាក់ឯងនៅក្នុងភូមិ និងមិនធ្លាប់មានបញ្ហាអ្វីកើតឡើងនោះឡើយ។ ស្រាប់តែមកដល់ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីប្អូនស្រីរបស់គាត់ដើរចេញបាត់ពីផ្ទះបានមួយសន្ទុះ ស្រាប់តែមានក្មេងៗនៅក្នុងភូមិ បាននាំគ្នារត់មកស្រែកប្រាប់គាត់ថា ឱ្យទៅជួយប្អូនស្រីរបស់គាត់ផង ព្រោះពេលនេះ មានបុរសម្នាក់កំពុងចាប់រំលោភសេពសន្ថវៈនៅចំណុចព្រៃខាងក្រោយភូមិ។
បុរសជាបងប្រុសស្ត្រីរងគ្រោះបន្តថា គ្រាន់តែស្តាប់ឮបែបនេះ គាត់ហាក់ស្លុតស្មារតី យ៉ាងខ្លាំង និងបានស្រែកឆោឡោ ហៅអ្នកជិត ខាង ឱ្យនាំគ្នាជួយទៅមើល និងបានព័ទ្ធចាប់ ខ្លួនជនសង្ស័យបានភ្លាមៗនៅកន្លែងកើតហេតុ រួចក៏នាំទៅប្រគល់ឱ្យសមត្ថកិច្ចដើម្បីចាត់ការ តាមច្បាប់តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ថៃ ស្វិត បានឆ្លើយសារភាពថា រូបគេពិតជា បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈស្ត្រី រងគ្រោះដូចអ្វីដែលបងប្រុសរបស់នាង ប្តឹងចោទ ប្រកាន់ពិតមែន។
ជនសង្ស័យបានបន្តសារភាពថា នៅមុនពេលកើតហេតុ ខណៈដែលខ្លួនដើរទៅស្រែក៏បានជួបនឹងស្ត្រីរងគ្រោះដើរតែម្នាក់ឯងនៅកន្លែងស្ងាត់ ទើបបែកគំនិតចាប់អូសដៃរបស់នាងចូលទៅក្នុងគុម្ពោតព្រៃរួចក៏ធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈនាងទាំងកំរោល រហូតដល់បានសម្រេចតែម្តង ដោយមិនបានដឹងថា មានក្មេងៗក្នុងភូមិប្រទះឃើញសោះ។ លុះគ្រាន់តែធ្វើសកម្មភាព រួចក៏ត្រូវបងប្រុសរបស់ស្ត្រីរងគ្រោះ រួមនិងអ្នកភូមិ ចុះមកព័ទ្ធចាប់ខ្លួនដល់កន្លែងកើតហេតុតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕