ខេត្តកណ្តាល ៖ យុវជនឈាមរាវម្នាក់ បានប្រើឱ្យក្មួយប្រុសរបស់ខ្លួន ដែលទើបតែមានអាយុ៦ឆ្នាំ ឡើងបេះដូងយកមកឱ្យខ្លួនផឹក លុះពេលក្មួយប្រុសប្រកែក ស្រាប់តែផ្ទុះកំហឹងទាញកាំបិតប៉័ងតោគប់សំដៅទៅលើក្មេងប្រុសរងគ្រោះ បណ្តាលឱ្យចំបាតជើងរយះហូរឈាម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ។
ជនសង្ស័យដែលគប់ក្មួយប្រុស១កាំបិត បណ្តាលឱ្យរយះជើងនោះ មានឈ្មោះឈន រស្មី អាយុ២១ឆ្នាំ មុខរបរកសិករ។ ចំណែកក្មេងប្រុសរងគ្រោះ មានឈ្មោះរឿន វីហ្សា អាយុ ៦ឆ្នាំ មុខរបរសិស្ស។ ជនសង្ស័យ និងជនរងគ្រោះត្រូវជាពូក្មួយនឹងគ្នា មានលំនៅក្នុងភូមិ កើតហេតុខាងលើជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានប្រើក្មេងប្រុសរងគ្រោះជាក្មួយប្រុសឱ្យឡើងបេះដូងនៅក្រោយផ្ទះរបស់ខ្លួន ដើម្បីយកមកឱ្យខ្លួនផឹក ប៉ុន្តែក្មេងប្រុសរងគ្រោះប្រកែកមិនព្រមឡើងបេះដូងឱ្យនោះទេ ទើបធ្វើឱ្យជនសង្ស័យខឹងសម្បា ក៏ទាញកាំបិតប៉័ងតោដែលខ្លួនកាន់ជាប់នៅនឹងដៃ គប់សំដៅទៅលើក្មេងប្រុសរងគ្រោះ បណ្តាលឱ្យត្រូវបាតជើងខាងឆ្វេងរងរបួស ហូរឈាមដេរ៨ថ្នេរ។
ក្រោយកើតហេតុ បន្ទាប់ពីបញ្ជូនក្មេងប្រុសរងគ្រោះទៅកាន់មន្ទីរពេទ្យដេរមុខរបួសរួចរាល់ហើយ នៅវេលាម៉ោង៣រសៀលថ្ងៃដដែល ជីតារបស់ក្មេងប្រុសរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឃុំភូមិធំ ដើម្បីឱ្យជួយអន្តរាគមន៍ចុះឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិត ប៉័ងតោគប់ទៅលើក្មេងប្រុសរងគ្រោះជាក្មួយប្រុសប្រាកដមែន មូលហេតុដោយតែរូបគេខឹងរឿងប្រើក្មួយប្រុសនេះឱ្យឡើងបេះដូងមិនបាន ទើបទប់កំហឹងមិនបាន។
ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕