Thursday, December 26, 2024
Homeព័ត៌មានជាតិខឹងប្តីជេរ “មេអារ” ប្រពន្ធផ្តាច់អាហាររាត្រី

ខឹងប្តីជេរ “មេអារ” ប្រពន្ធផ្តាច់អាហាររាត្រី

ជួនកាលគូស្វាមីភរិយាខ្លះ រួមរស់ជាមួយគ្នា៥ឆ្នាំ ទើបមានកូន ពុំមែនផ្សំដំណេកភ្លាម ប្រពន្ធមានផ្ទៃ ពោះភ្លែតនោះទេ។ យ៉ាងណាមិញ ប្តីប្រពន្ធក្មេងៗ នេះ ទើបបានគ្នា១ឆ្នាំ មិនទាន់ដឹងក្តៅត្រជាក់រាក់ជ្រៅ អីផង ស្រាប់តែប្តីជេរប្រពន្ធ “មេអារ” បណ្តាលឱ្យនាង ខឹងសម្បា ផ្តាច់អាហាររាត្រី ឯប្តីនោះ ក៏ងរដូចខ្ទួយ ចុះចោលបាត់ ធ្វើឱ្យរឿងអត់កូនកាន់តែឆ្ងាយទៅៗ…។

នាងប៉ឹក ស្រីពៅ អាយុ២០ឆ្នាំ រស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់ថា រូបនាងជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ ឪពុក ឈ្មោះម៉ាង ហ៊ីង អាយុ៤០ឆ្នាំ ម្តាយឈ្មោះគឹម អ៊ូច អាយុ៣៩ឆ្នាំ។ រូបនាងជាកូនកសិករ មុជមិនជ្រៅ ទៅមិនឆ្ងាយ ទើបមិនបានរៀនសូត្រអ្វីនឹងគេទេ ពេលធំដឹងក្តី ចេះតែស៊ីឈ្នួលជួលព័ទ្ធគេប៉ុណ្ណោះ។ លុះចូលវ័យ១៩ឆ្នាំ ក៏មានកំលោះម្នាក់ឈ្មោះជិន ង៉ែត អាយុបងនាង៣ឆ្នាំ ឧស្សាហ៍មកសួរសុខ ទុក្ខម្តាយចុងរបស់គេ នៅក្បែរផ្ទះនាង លុះបាន ឃើញនាងក៏លង់ស្នេហ៍តាមចែចង់។ ហេតុតែនាង ពេញចិត្តគេដែរ ក៏យល់ព្រមប្រគល់បេះដូង លង់ខ្លួន ផ្តេកផ្តិតនែបនិត្យខុសប្រពៃណី ដោយការញៀនញ៉ាម ចាស់ទុំហាមមិនស្តាប់។

នាងប៉ឹក ស្រីពៅ និងលោកជិន ង៉ែត

ដោយសារអង្ករ ក្លាយទៅបាយទៅហើយនោះ ឪពុកម្តាយនាង ជេរស្តីអស់ចិត្ត ក៏ឯកភាពគ្នាជាមួយគ្រួសារខាងប្រុស រៀបចំសែនព្រេនពួកនាងឱ្យបានគ្នាជា គូស្វាមីភរិយាទៅ។ តាំងពីចាប់ដៃគ្នាមក នាង ស្រលាញ់ប្តីនេះណាស់ ទោះហត់នឿយយ៉ាងណា ក៏នាងនៅតែផ្តល់អាហាររាត្រី ជូនប្តីជានិច្ច មិនដែល រអ៊ូរទាំធុញទ្រាន់អ្វីឡើយ។ ចំណែកប្តីវិញ ក៏ជាប់ចិត្តស្នេហ៍ស្និទ្ធតែរូបនាងម្នាក់ បែកគ្នាមួយយប់ស្ទើរមិនបានផង ទាស់ត្រង់មិនទាន់ ធុំក្លិនកូនង៉ែតទាល់តែសោះ ទោះជាម្នាក់ៗ ប្រឹងប្រែងចង់បានកូនក្តី។

នាងប៉ឹក ស្រីពៅ បន្តទៀតថា សុភមង្គលស្នេហ៍ តាំងនៅបាន១ឆ្នាំ ក៏ចាប់ផ្តើម រង្គោះរង្គើបន្តិចម្តងៗ ដោយសារតែប្តីបែកគំនិតចេះស៊ីផឹក នាងណែនាំមិនស្តាប់ ឱ្យតែស្រវឹងម្តងៗ ចូលមកដល់ផ្ទះ ជេរនាងថា ជាស្រី អារអត់កូន ឬជេរ “មេអារៗ!” ស្ទើរដាច់សាច់។ គេថា នាងមិនកំណើតទេ ព្រោះគេខំផលិតកូនតាំងពី លួចជួបគ្នាតាមគុម្ពោតព្រៃ រហូតក្លាយជាប្តីប្រពន្ធ ស្របច្បាប់ ដេកលើគ្រែត្រឹមត្រូវនៅតែគ្មានកូនបន្តពូជ។ ពេលគេដៀលបែបនេះ នាងក៏ឆ្លើយតបថា មកពីប្រុស អារ បានជាអត់កូន មិនមែនមកពីស្រីនោះទេ។ ជម្លោះ ក៏ចាប់ផ្តើមរាល់ថ្ងៃ រហូតដល់នាងខឹងប្តី ផ្តាច់របបរាត្រី ឈប់ឱ្យគេលូកលាន់ ធ្វើឱ្យប្តីងរង៉ក់ទៅបាត់បួនប្រាំថ្ងៃ ទើបចូលផ្ទះ បន្ទាប់ពីនាងទៅអង្វរដូចកូនក្មេង។

នាងប៉ឹក ស្រីពៅ បង្ហាញរូបថត ក្នុងថ្ងៃសែនព្រេន

នាងស្រីពៅ បន្តទៀតថា លុះចូលមកដល់ខែតុលា ឆ្នាំ២០១៧ នេះ ប្តីផឹកស្រវឹង រអ៊ូរទាំរករឿងជេរនាង ដដែលៗថា “មេអារៗ!” កាន់តែធ្ងន់ជាងមុន ធ្វើឱ្យ នាងទប់កំហឹងមិនបាន ក៏ផ្តាច់របបដូចមុន ប្តីនេះក៏ង៉ក់ ទៀត គឺឱ្យតែង៉ក់រត់ៗ យកគំរូតាមឪពុកគេ ដែលខឹង ម្តាយគេក៏រត់ទៅរកស្រីផ្សេងៗទៀត ពីម្នាក់ទៅម្នាក់។ នាងប្រាប់ថា ធម្មតាប្តីប្រពន្ធ បើស្រលាញ់គ្នាស្មោះ លុះត្រាតែចេះគោរពគ្នាទៅវិញទៅមក តែបើប្តីចិត្ត ឆេវឆាវដូចភ្លើងចំបើងបែបនេះ ទោះជារួមរស់ជាមួយ គ្នា ក៏គ្មានសុភមង្គលដែរ។ ករណីមិនទាន់មានកូននេះ ពុំមែននាងប្រើថ្នាំពន្យារកំណើតនោះទេ តែថា អាច មកពីមិនទាន់ដល់ពេលដែលត្រូវពពោះ ឯប្តីមិនចេះពិចារណាក៏ចុះចោលនាង ដែលម្តងនេះ ទោះមក ឬមិនមក ក៏នាងលែងធ្វើថោកតាមអង្វរទៀតដែរ។
ដោយឡែក លោកជិន ង៉ែត អាយុ២៣ឆ្នាំ ជាប្តី ដែលរត់ចោល ប្រពន្ធមួយខ្យល់នោះ អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺបាន ឡើយ មានតែរូបថតក្នុងថ្ងៃសែនព្រេនប៉ុណ្ណោះ។

អ្នកស្រីគឹម អ៊ូច និងលោកម៉ាង ហ៊ីង (ឳចុង) ក្នុងថ្ងៃសែនព្រេន

អ្នកស្រីទូច ផូ អាយុ៥២ឆ្នាំ ជាម្តាយចុងខាងប្រុស បានឱ្យដឹងថា កាលនាងប៉ឹក ស្រីពៅ នៅក្រមុំ ឃើញស្លូតបូតសុភាពរាបសាណាស់ ទើបកូនចុងគាត់ (ជិន ង៉ែត) បាក់ចិត្តស្រលាញ់រហូតត្រូវរ៉ូវគ្នាលេងផ្លូវ កាត់ទុំមុនស្រគាល។ លុះអង្ករក្លាយជាបាយ ចាស់ៗក៏ឯកភាពសែនព្រេន ឱ្យបានគ្នាជាប្តីប្រពន្ធទៅ។ ក្រោយមក ឱ្យតែប្តីមកពីផឹកស៊ីបន្តិចបន្តួច នាងប្រពន្ធនេះចេញក្បួនកាចប្រដែប្រដៅប្តី ទើបប្តីចេះតែខឹងជេរមេអារៗ នឹងងរង៉ក់ទៅបាត់ ប៉ុន្តែពួកគេឈ្លោះត្រូវៗ ក្លាយជាទម្លាប់ទៅហើយ។
អ្នកស្រីគឹម អ៊ូច អាយុ៣៩ឆ្នាំ ជាម្តាយនាង ស្រីពៅ បានឱ្យដឹងថា ថ្វីដ្បិតតែ គ្រួសារគាត់មានជីវភាពក្រីក្រ ក៏ស្គាល់ប្រពៃណីទំនៀមទម្លាប់ខ្មែរដែរ លុះបានដឹង កូនស្រីឱ្យដៃប្រុសទុំមុនស្រគាល ធ្វើឱ្យគាត់និងប្តីខឹងសម្បាខ្លាំងណាស់ បានស្តីបន្ទោស កូនទឹកភ្នែករហាម។ ដោយសារតែមានព្រហ្មវិហារធម៌ ទើបគាត់បន្ទន់ចិត្តយល់ព្រមរៀបចំសែនព្រេនពួកគេ ឱ្យមានខាន់ស្លាត្រឹមត្រូវទៅ ដឹងអី! យកគ្នាបាន១ឆ្នាំ ស្រាប់តែកូនទាំងពីរទាស់គ្នាបែកផ្សែង។ គាត់ឧស្សាហ៍ អប់រំកូនស្រី និងកូនប្រសាដែរ តែពួកគេមិនស្តាប់ ឥឡូវកូនប្រសាទៅបាត់ទៀតហើយ ទាក់ទងតាមទូរស័ព្ទមិនចូលដែរ មានតែទុកឱ្យនៅតាមដំណើរទៅ។

អ្នកស្រីទូច ផូ

រីឯអ្នកភូមិមួយចំនួន ដែលស្និទ្ធជាមួយភាគីប្តី បានឱ្យដឹងស្របគ្នាថា ទំនាស់នោះបណ្តាលមកពីបុរស ជិន ង៉ែត ចង់បានកូនប្រើ តែប្រពន្ធមិនព្រមពពោះសោះ ដាក់ខុយៗ ជាហេតុនាំឱ្យគេមួម៉ៅជេរប្រពន្ធមេអារៗ យ៉ាងនេះទៅ។ លុះប្តីជេរមេអារ ប្រពន្ធអាចផ្តាច់ អាហាររាត្រី ទើបអ្វីៗវាអ៊ីចឹងទៅ ឈ្លោះត្រូវៗស៊ាំ អស់ទៅហើយ។
គួរបញ្ជាក់ថា គូស្រករខ្លះរៀបការរួច៥ឆ្នាំ ទើប ប្រពន្ធមានផ្ទៃពោះ បន្ទាប់ពីពួកគេព្យាយាមរកថ្នាំរក្សា គភ៌មកប្រើ

អ្នកស្រីគឹម អ៊ូច

និងទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ ខ្លះទៀតបានដឹកដៃគ្នាទៅបន់ស្រន់ក្នុងព្រះវិហារ ឬ អាស្រមអ្នកតាសុំឱ្យបានកូន ក៏បានដូចបំណង រហូត ដល់រៀបពិធីលាបំណន់។ ដូច្នេះករណីប្តីប្រពន្ធក្មេងៗ ខាងលើទើបយកគ្នាបាន១ឆ្នាំ ខ្វល់រឿងអត់កូននោះ មិនគួរឡើយ ចាំបាច់ត្រូវតែប្រឹងប្រែងបន្តទៀត មិន ទាន់ហួសពេលទេ។ គួរនាំគ្នាទៅបន់ស្រន់ដូចគេ ឬ រកថ្នាំផឹកជំនួយដល់ស្បូន ឬទៅពិគ្រោះជាមួយគ្រូពេទ្យ ប្រសើរជាងឈ្លោះគ្នា ឯប្តីអាងងរដូចខ្ទួយ ឱ្យប្រពន្ធតាម អង្វរ បើចេញតែក្បួនហ្នឹងមិនដឹងជាឆ្នាំណាបានកូន ប្រើទេ គួរតែសាមគ្គីគ្នាវិញ…”៕

RELATED ARTICLES