សម្រាប់អ្នកមានទ្រព្យសម្បត្តិ តែងជួល រថយន្តដឹកដីចាក់បំពេញបឹងត្រពាំង ទុកចោល ១ឆ្នាំសិន ទើបគេសង់ផ្ទះពីលើ ផ្ទុយពីអ្នកក្រ អត់លុយចាក់ដី ក៏សង់ផ្ទះពីលើទឹក។ ជាក់ស្តែង គូស្នេហ៍កម្សត់ ទើបរៀបការរួចនេះ មិនសូវមានលុយ ក៏នាំគ្នាសង់ផ្ទះរស់នៅលើទឹក ដែលបង្ហាញថា រវាងអ្នកមាន និងអ្នកក្រ របៀបសង់ ផ្ទះមិនដូចគ្នាទេ…។
នាងស៊ី ស្រីពៅ អាយុ២៣ឆ្នាំ រស់នៅខាងប្តី ក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់ថា តាមពិតនាងមានស្រុកកំណើតនៅ ភូមិក្រហូង ឃុំឈូក ស្រុកឈូក ខេត្តកំពត ឯណោះទេ តែបន្ទាប់ពីរៀបការ រួចមក ក៏មកតាមប្តីជាទីស្រលាញ់ ដែលបានសាងស្នេហ៍ជាមួយគ្នាជាច្រើនឆ្នាំ។ រូបនាងជាកូនទី៤ ក្នុងចំណោមបងប្អូន៥នាក់ ឪពុកឈ្មោះអ៊ូ រុំ អាយុ៤៩ឆ្នាំ ម្តាយឈ្មោះកែវ គាម អាយុ៥៥ឆ្នាំ និងធ្លាប់រៀនសូត្រដល់ថ្នាក់ទី៧ ទើបឈប់។ កន្លងមក នាងមានទំនាក់ទំនងស្នេហាជាមួយ កំលោះម្នាក់ឈ្មោះញ៉ន នាង អាយុបងនាង១ឆ្នាំ ដោយព្យាយាមបង្កភាពស្និទ្ធស្នាល រហូតបានរៀបការក្លាយជាគូស្វាមីភរិយាស្របច្បាប់ ទើបនាងសម្រេចចិត្តតាមមកនៅខាងប្តី ដែលសព្វថ្ងៃ នាងមានផ្ទៃពោះ ជិតគ្រប់ខែហើយ។ ពេលមកដល់ដំបូង នាងនិងប្តីរស់នៅ ក្នុងបន្ទុកឪពុកម្តាយ ប៉ុន្តែដោយសារមិនចង់អំពល់ទុក្ខពួកគាត់ ទើបប្តីនាងព្យាយាមដើររកដីសង់ផ្ទះនៅនឹងគេ ដោយចង់រស់នៅក្បែរផ្លូវលំ។ លុះរកចុះឡើងក៏ឃើញដីមួយកន្លែងជាស្នាមភ្លោះ ជាប់ផ្លូវលំ លិចទឹកនៅរដូវវស្សា និងគោករីងប្រេះក្រហែងនៅរដូវប្រាំង ជាដីរដ្ឋ ក៏ទាក់ទងអាជ្ញាធរសុំសង់ផ្ទះរស់នៅតែម្តង។
នាងស៊ី ស្រីពៅ បន្តទៀតថា នាងបានស្គាល់ប្តីនេះ ខណៈដែល លោកញ៉ន នាងចេញទៅធ្វើផ្លូវលំ១ខ្សែ ក្នុងនាមជាបុគ្គលិកមន្ទីរ សាធារណការ ខេត្តកំពត ជាប់កិច្ចសន្យា។ ពេលជួបមុខគ្នា ក៏មាននិស្ស័យស្នេហ៍ និងបន្តទាក់ទងគ្នាតាមទូរស័ព្ទរហូតមក ដោយមិន ដែលប៉ះពាល់គ្នាទេ លុះបានរៀបការរួចទើបហ៊ាន។ ពួកនាងបាន រៀបការកាលពី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ លុះការរួចក៏នាំគ្នា មកនៅស្រុកកំណើតខាងប្តីតែម្តង។ ទាក់ទិនដល់ដីលិចទឹក និងសង់ផ្ទះពីលើនេះ គឺប្រើសសរថ្មខាងក្រោម គ្រឿងឈើពីលើ ឯដំបូល និង ជញ្ជាំងធ្វើពីស័ង្កសីទាំងអស់។ ផ្ទះនេះចំណាយអស់តែ២០០០ដុល្លារ ប៉ុណ្ណោះ ដោយខ្ចីគេខ្លះ សល់ខ្លួនឯងខ្លះ ដែលពួកនាងអាចនឹងយកជាជម្រក រហូតមួយជីវិត។
ដោយឡែក លោកញ៉ន នាង អាយុ២៤ឆ្នាំ ជាប្តី បានឱ្យដឹងថា រូបលោកជាមន្ត្រី ជាប់កិច្ចសន្យា នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត មានភារកិច្ចដើរជួសជុលផ្លូវ។ ផ្ទះដែលលោក ចាត់ចែងសង់លើទឹកនេះពុំមែនធ្វើនៅមួយរយៈ ឬនៅបណ្តោះអាសន្ននោះទេ គឺធ្វើនៅរហូតអស់មួយជីវិត។ ទឹកនៅក្រោមផ្ទះមានជម្រៅជិត១ម៉ែត្រឯណោះ មុននឹង សង់ផ្ទះនេះ ត្រូវបូមទឹកចេញសិន រួចចាក់សសរថ្ម តគ្រឿងឈើខាងលើ និងចាក់ដីខ្លះប៉ែក ខាងមុខផ្ទះ ប៉ុន្តែលោកមានគម្រោងចាក់ដីលុបពីក្រោមផ្ទះទៀត នៅរដូវប្រាំង បើកាលណា រកលុយបាន តែបើរកមិនបានក៏ចេះតែទ្រាំនៅលើទឹករហូតទៅ។ មូលហេតុដែលនាំឱ្យលោក និងប្រពន្ធសម្រេចចិត្តសង់ផ្ទះលើទឹកនេះ គឺមកពីឪពុកម្តាយគ្មានដីនៅជិតថ្នល់សម្រាប់ចែក កូន ឯរូបលោកចង់នៅជិតថ្នល់ ស្រួលថ្ងៃក្រោយបើមានលទ្ធភាព នឹងបើកជាហាងលក់ចាប់ហួយឱ្យប្រពន្ធរកស៊ី ខណៈដែលរូបលោកជាមន្ត្រីរាជការ។
លោកញ៉ន នាង បន្តទៀតថា ប្រវត្តិស្នេហារវាងលោក និងភរិយាកម្សត់នេះ ផ្តើម ចេញពីរូបលោកបានទទួលបេសកកម្មចុះទៅជួសជុលផ្លូវលំនៅស្រុកឈូក ជាចៃដន្យក៏បាន ជួបនាង ផុសនិស្ស័យស្នេហ៍មួយរំពេច។ ខ្វះអ្វីក្រមុំៗពេញភូមិ និងនៅក្បែរកន្លែងលោកធ្វើការ តែលោកមិនស្រលាញ់ បែរជាជំពាក់ចិត្តនឹងបុប្ផាស្រុកស្រែនេះទៅវិញ អាចថាមកពី គូព្រេងតែម្តង ព្រោះគូព្រេង ទោះជានៅឆ្ងាយពីគ្នា យ៉ាងណា បើដល់ពេលវេលា នឹងបានជួបគ្នាមិនខាន។ បន្ទាប់ពីរៀបការរួចមក ដោយសារឪពុកម្តាយក្មេក ទីទ័លក្រ មានកូនច្រើនផងនោះ លោកក៏នាំប្រពន្ធមក កវែកកឆ្នាំងនៅទីនេះ ដោយសង្ឃឹមថា គង់តែមាន វាសនានៅថ្ងៃក្រោយ មិននៅតែក្រយ៉ាងនេះឡើយ។
លោកគង់ នាង អាយុ៥៦ឆ្នាំ ជាឪពុក បានឱ្យដឹងថា មូលហេតុមកពីគាត់គ្មានដីចែកកូន ទើបកូន មកសង់ផ្ទះលើដីរដ្ឋជាប់នឹងផ្លូវលំ ដែលលិចទឹកនៅ រដូវវស្សាយ៉ាងនេះ។ គាត់បានត្រឹមជួយសម្របសម្រួលសុំទៅអាជ្ញាធរ និងផ្តល់លុយកាក់ខ្លះតាមលទ្ធភាព និងត្រេកអរណាស់ នៅពេលឃើញកូន បានផ្ទះនៅបែបនេះ។ ទីតាំងនេះ ជាកន្លែងត្រូវប៉ាន់ទៅ ថ្ងៃក្រោយ គឺអាចបើកកន្លែងលក់ដូរបាន ខណៈដែល មនុស្សចេះតែកើតច្រើនទៅៗ។
លោកជន ថន អាយុ៣៣ឆ្នាំ ជាបងថ្លៃ លោកទេព ឡា អាយុ៥២ឆ្នាំ ជាអ្នកភូមិ បានឱ្យដឹងស្របគ្នាថា ពួកគាត់គឺជាជាងសង់ផ្ទះនេះ។ មុននឹងសង់ ត្រូវបូមទឹកចេញសិន ទើបចាក់សសរបេតុង រៀប គ្រឿងឈើខាងលើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ដោយ មានបណ្តោយ៥ម៉ែត្រ ទទឹង៤ម៉ែត្រ។ ពួកគាត់យក ឈ្នួលតិចណាស់ ព្រោះបងប្អូនឯងចេះតែជួយៗ ផងទៅ លៃយ៉ាងណាឱ្យប្អូនបានផ្ទះនៅនឹងគេ។
គួរបញ្ជាក់ថា សម្រាប់អ្នកមានធនធានច្រើន គេចាក់ដីបំពេញកន្លែងលិចទឹកសិន និងទុកចោល១ឆ្នាំ ទើបសង់ផ្ទះធំទ្រនំខ្ពស់រស់នៅ។ អ្នកខ្លះសង់ផ្ទះ បណ្តែតទឹកលើដងទន្លេតែម្តង ទោះជាទឹកឡើងដល់ ណាក៏មិនខ្វល់ ប៉ុន្តែ
សម្រាប់អ្នកក្រ គ្មានលទ្ធភាព ចាក់ដីបំពេញដូចគេទេ។ សព្វថ្ងៃនៅតំបន់ខ្លះក្នុងករណី ខ្វះទីជម្រក ពលរដ្ឋក្រីក្រតែងនាំគ្នាសង់ផ្ទះលើប្រឡាយ ទឹកស្អុយ រស់នៅក៏មានដែរ ដោយប្រឈមនឹងការ ដេញចេញពីសំណាក់អាជ្ញាធរ ប៉ុន្តែនៅស្រុកស្រែ ការសង់ផ្ទះលើស្នាមភ្លោះ ឬប្រឡាយជាប់ផ្លូវលំគ្មាន ការបណ្តេញចេញទេ…”៕