Sunday, January 12, 2025
Homeព័ត៌មានជាតិរណ្តៅរ៉ែមាសស្រុកសម្បូណ៌ ចាប់ដំណើរការវិញស្ងាត់ៗ

រណ្តៅរ៉ែមាសស្រុកសម្បូណ៌ ចាប់ដំណើរការវិញស្ងាត់ៗ

ខេត្តក្រចេះ ៖ រណ្តៅជីករ៉ែមាសមួយកន្លែងនៅចំណុចអូរត្រូន ស្ថិតក្នុងភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសម្បូណ៌ ដែលធ្លាប់បានបង្កឱ្យកម្មករស្លាប់ និងរបួសជាច្រើននាក់ កាលពីអំឡុងខែសីហា ឆ្នាំ២០១៧ កន្លងទៅ កំពុងចាប់ដំណើរឡើងវិញស្ងាត់ៗដោយមិនដឹងជាមានការបើក ភ្លើងខៀវពីស្ថាប័នណានោះទេ ខណៈដែលលោកព្រះរាជអាជ្ញាខេត្តក្រចេះ ក៏សម្តែងនូវការភ្ញាក់ ផ្អើលផងដែរ ជុំវិញការបើកដំណើរការរណ្តៅរ៉ែមាសមួយនេះ។

គួររំលឹកថា រណ្តៅរ៉ែមាស ស្ថិតនៅទីតាំងខាងលើ ដែលគេដឹងថា មានម្ចាស់ឈ្មោះគង់ ប៊ុននាង ត្រូវបានលោកជា សុភ័ក្ត្រ ព្រះរាជរងអមសាលាដំបូងខេត្តក្រចេះ ដឹកនាំអាជ្ញាធរចុះទៅបិទហាមមិនឱ្យធ្វើសកម្មភាព កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ ពោលគឺបន្ទាប់ពីរណ្តៅរ៉ែមាសនោះ បានបាក់ដី បណ្តាលឱ្យសង្កត់មនុស្សម្នាក់ស្លាប់ និងរងរបួសជាច្រើននាក់។
ស្រាប់តែថ្មីៗនេះ មិនដឹងជាម្ចាស់រណ្តៅរ៉ែមាសខាងលើ ទទួលបានភ្លើងខៀវពីស្ថាប័នណាក៏បានចាប់ផ្តើមដំណើរការអាជីវកម្មរុករករ៉ែ មាសរបស់ខ្លួនវិញយ៉ាងស្ងាត់ៗ។ ឃើញបែបនេះ ប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់ទៅ អាជ្ញាធរខេត្តដែរ តែមិនឃើញមានលទ្ធផល ឬការអើពើចុះពិនិត្យ ទើបប្រជាពលរដ្ឋបានរាយការណ៍ប្រាប់អ្នកសារព័ត៌មានវិញម្តង។

នៅពេលទទួលបានព័ត៌មានខាងលើនេះ អ្នកសារព័ត៌មាន បានសាកសួរទៅលោកកែវ សុជាតិ ព្រះរាជអាជ្ញាខេត្តក្រចេះ ហើយលោកបានថ្លែងទាំងភ្ញាក់ផ្អើលថា លោកទើបតែបានដឹងព័ត៌មានពាក់ព័ន្ធការដំណើរការជាថ្មីចំពោះសកម្មភាពកាយរណ្តៅរ៉ែមាស ស្ថិតនៅចំណុច អូរត្រូន ស្ថិតក្នុងភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសម្បូណ៌ ខេត្តក្រចេះ។ លោកកែវ សុជាតិ បញ្ជាក់ថា ពេលនេះលោកកំពុងតែនៅពិនិត្យសុខភាព នៅឯក្រៅប្រទេស ដូច្នេះលោកនឹងទៅពិនិត្យមើលករណីនេះ នៅពេលដែលលោកទៅដល់ប្រទេសកម្ពុជាវិញ។

ប្រជាពលរដ្ឋ បានអំពាវនាវដល់អាជ្ញាធរខេត្តក្រចេះ មិនគួរបណ្តែតបណ្តោយឱ្យមានមនុស្សស្លាប់ក្នុងរណ្តៅរ៉ែមាសនោះទៀតទេ ហេតុនេះរណ្តៅរ៉ែមាសខាងលើ គួរត្រូវបិទទាំងស្រុងពុំនោះទេ ច្បាស់ជាមានមនុស្សស្លាប់ទៀតជាក់ជាមិនខានឡើយ៕

RELATED ARTICLES