ខេត្តតាកែវ ៖ បុរសជាប្តីចិត្តកំណាចឃោរឃៅម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយ ប្រពន្ធតិចតួច ស្រាប់តែផ្ទុះកំហឹង ស្ទុះទៅចាប់បោចសក់ រួចទាត់ប្រពន្ធ បណ្តាលឱ្យដួលរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិតាពោនខាងកើត ឃុំសំរោង ស្រុកសំរោង។
ជនបង្កហេតុជាប្តីដែលទាត់ប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់នោះ មានឈ្មោះសួន ង៉ែត អាយុ៤២ឆ្នាំ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះអ៊ឹង ផល្លា អាយុ៣៧ឆ្នាំ។ ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្តីប្រពន្ធខាងលើនេះ រស់នៅមិនសូវចុះសម្រុងនឹងគ្នាទេ ឮតែមាត់ឈ្លោះប្រកែកច្រើនជាងសើចសប្បាយក្នុងគ្រួសារ តែយ៉ាងណាកន្លងមក មិនធ្លាប់មានបញ្ហាអ្វីធ្ងន់ដូចលើកនេះនោះទេ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធអ្នកទាំងពីរ បានកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា តែមិនដឹងថា ឈ្លោះគ្នាពីរឿងអ្វីនោះទេ លុះបន្តិចក្រោយមក បុរសជាប្តីស្រាប់តែផ្ទុះកំហឹងខ្លាំងឡើង រហូតដល់ទប់មិនបាន ក៏ស្ទុះទៅចាប់បោច សក់ប្រពន្ធជាប់ រួចទាត់ប្រពន្ធ បណ្តាលឱ្យដួលទៅលើដី រងរបួសធ្ងន់តែម្តង។
ប្រភពខាងលើ បញ្ជាក់ថា បន្ទាប់ពីទាត់ប្រពន្ធឱ្យដួលទៅលើដី ហើយសាច់ញាតិបងប្អូនប្រទះឃើញស្ត្រីរងគ្រោះ មានរបួសឈាមហូរច្រើនពេក ទើបប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឯរាជធានីភ្នំពេញ ដើម្បីសង្គ្រោះ។ ចំណែកបុរសជាប្តី ត្រូវបានសមត្ថកិច្ចចុះចាប់ឃាត់ខ្លួន នាំយកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាប្តីបានសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សា ទាត់ប្រពន្ធប្រាកដមែន មូលហេតុដោយសារកើតមានទំនាស់ពាក្យសម្តីនឹងគ្នាតិចតួច។
ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជួនខ្លួនទៅកាន់ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៅ តាមនីតិវិធីច្បាប់៕