ខេត្តបាត់ដំបង ៖ ក្មេងស្រីសិស្សសាលាម្នាក់ ខណៈដែលកំពុងជិះកង់តាមផ្លូវទៅសាលា រៀន មិនចាប់អារម្មណ៍រឿងគ្រោះថ្នាក់ ស្រាប់តែមានត្រាក់ទ័រដឹកពោតសំពីងសំពោង១គ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលមកបុកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវមួយកន្លែង ក្នុងភូមិអូរកណ្តាល ឃុំសន្តិភាព ស្រុកសំពៅលូន។
ក្មេងស្រីរងគ្រោះស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ មានឈ្មោះម៉ាន់ មករា អាយុ១២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងស្រីរងគ្រោះកំពុងជិះកង់ទៅសាលារៀន ពេលនោះ ក៏មានត្រាក់ទ័រមួយគ្រឿង ដែលដឹកការុងពោតពេញទាំងខាងមុខ និងខាងក្រោយ ហើយបានព្យាយាមបើកឆ្លងថ្នល់ ដែលបាំងការុងពោតនៅខាងមុខ មើលក្មេងស្រីមិនឃើញក៏បុក បណ្តាលឱ្យដួលនិងកិនថែម បណ្តាលឱ្យក្មេងស្រីរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម ចំណែកអ្នកបើកបរត្រាក់ទ័របង្កហេតុ ក្រោយពីដឹងថា ក្មេងស្រីរងគ្រោះស្លាប់ក៏រត់គេចខ្លួនបាត់ស្រមោល ដោយទុកត្រាក់ទ័រនៅកន្លែងកើតហេតុ ទើបពលរដ្ឋនៅក្បែរនោះ ទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍តែម្តង។
ប្រភពពីសសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលដំណឹងមានករណីគ្រោះថ្នាក់ចរាចរណ៍ ត្រាក់ទ័របុកក្មេងសិស្សសាលាស្លាប់ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ប្រទះឃើញក្មេងស្រីរងគ្រោះត្រូវត្រាក់ទ័រកិនបែកក្បាលស្លាប់បាត់ទៅហើយ។ ក្រោយពីសមត្ថកិច្ចធ្វើការវាស់វែងរួចរាល់ ក៏បានប្រគល់សពក្មេងស្រីរងគ្រោះឱ្យក្រុមគ្រួសារយកទៅលំនៅឋាន និងដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកត្រាក់ទ័របង្កហេតុ និងកង់ក្មេងស្រីរងគ្រោះ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីធ្វើការស្រាវជ្រាវចាប់អ្នកបើកបរមកធ្វើការដោះស្រាយជាមួយក្រុមគ្រួសារក្មេងស្រីរងគ្រោះ និងចាត់ការតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋបាននិយាយថា បច្ចុប្បន្នអ្នកដំណើរកំពុងប្រឈមនឹងគ្រោះថ្នាក់បំផុតជាមួយនឹងត្រាក់ទ័រដឹកកសិផលពោត និងដំឡូងមី។ ពលរដ្ឋនិយាយទៀតថា គេសង្កេតឃើញគ្រប់ត្រាក់ទ័រទាំងអស់នៅតំបន់ព្រំដែន មិនដែលមានប្រើប្រាស់រ៉ឺម៉កដឹកកសិផលទេ គឺគេកែច្នៃតរ៉ៃភ្ជាប់ក្បាលត្រាក់ទ័រទាំងមុខទាំងក្រោយ ដើម្បីដឹកកសិផល។
ត្រាក់ទ័រដឹកកសិផលទាំងនោះ ពេលបើកឡើងលើថ្នល់ជាតិម្តងៗ បង្កឱ្យមានក្តីបារម្ភយ៉ាងខ្លាំងដល់អ្នកដំណើរ ដោយសារកន្លងមកត្រាក់ទ័រដឹកពោត ដឹកដំឡូងសំពីងសំពោងទាំងនោះ បង្កគ្រោះថ្នាក់ជាបន្តបន្ទាប់។ រីឯសមត្ថកិច្ចស្ទើរគ្រប់ទីកន្លែង ហាក់មិនយកចិត្តទុកដាក់អំពីបញ្ហានេះទេ ហើយរហូតដល់ពេលនេះ គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយត្រាក់ទ័រ ដឹកគ្មានសណ្តាប់ធ្នាប់ នៅតែបន្តសម្លាប់មនុស្សដដែល។ ដូច្នេះសមត្ថកិច្ចគួរតែមានចំណាត់ការទៅលើត្រាក់ទ័រដែលដឹកកសិផលខុសបច្ចេក- ទេសទាំងនោះហើយ។
ទោះបីជាយ៉ាងណា មន្ត្រីជំនាញបានចុះទៅពិនិត្យទីតាំងកើតហេតុភ្លាមៗដែរ ហើយបាននាំយកត្រាក់ទ័របង្កគ្រោះថ្នាក់ទៅរក្សាទុកនៅអធិការស្រុកសំពៅលូន ដើម្បីដោះស្រាយ តាមនីតិវិធី៕