Sunday, May 19, 2024
Homeសង្គម និងជីវិតអកុសលណាស់! ខ្វះអីលេងឬ បែរជាយកក្រមារុំកលេង ហើយរអិលជើងធ្លាក់រឹតកស្លាប់យ៉ាងអាណោចអាធ័ម

អកុសលណាស់! ខ្វះអីលេងឬ បែរជាយកក្រមារុំកលេង ហើយរអិលជើងធ្លាក់រឹតកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង ៖ ក្មេងប្រុសម្នាក់ បានឡើងទៅលេងនៅលើត្រាក់ទ័រ និងបានយកក្រមា មករុំកលេង លុះពេលកំពុងលេងយ៉ាងសប្បាយ ក៏ស្រាប់តែអកុសលរអិលជើងធ្លាក់ពីលើត្រាក់ទ័រ បណ្តាលឱ្យក្រមារឹតកជាប់នឹងត្រាក់ទ័រ បណ្តាលឱ្យស្លាប់យ៉ាងវេទនា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិ បេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក។

ក្មេងប្រុសរងគ្រោះ ដែលបាត់បង់ជីវិត មានឈ្មោះជឿង លី អាយុ១០ឆ្នាំ មកស្នាក់នៅស៊ីឈ្នួលកាច់ពោតជាមួយឪពុកម្តាយនៅភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងប្រុស-រងគ្រោះខាងលើ បានដើរឡើងទៅលេងនៅលើត្រាក់ទ័រតែម្នាក់ឯង និងថែមទាំងបានយកក្រមាមួយមករុំករបស់ខ្លួនលេងទៀតផង។ ចំណែកក្រុមគ្រួសារ និងអ្នកភូមិផ្សេងទៀត ក៏មិនបានចាប់អារម្មណ៍អ្វីដែរ។ លុះក្រោយមកទំនងជាកំពុងលេងសប្បាយភ្លេចខ្លួនក៏រអិលជើងធ្លាក់ចុះពីលើត្រាក់ទ័រ បណ្តាលឱ្យក្រមាដែលរុំកក្មេងប្រុសរងគ្រោះ ទាក់ជាប់ត្រាក់ទ័រ ប្រៀបបាននឹងក្មេងប្រុសរងគ្រោះចងកសម្លាប់ខ្លួនដូច្នោះដែរ ពោលគឺធ្វើឱ្យស្លាប់យ៉ាងវេទនា ខណៈដែលគ្មានអ្នកណាម្នាក់ បានប្រទះឃើញទាន់ពេលនោះទេ។

ក្រោយកើតហេតុ ឪពុកម្តាយក្មេងប្រុសរងគ្រោះ ស្ងាត់សម្លេងកូនប្រុសយូរពេកក៏ដើរទៅរកមើល ស្រាប់តែប្រទះឃើញកូនប្រុស ត្រូវក្រមាទាក់កស្លាប់ជាប់នឹងត្រាក់ទ័របាត់ទៅហើយ ទើបស្រែកឆោឡោផ្អើលដល់អ្នកភូមិចោមរោមមើលនិងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចបានសន្និដ្ឋានថា ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយខ្លួនឯង ដោយយកក្រមារុំកលេង ហើយភ្លាត់ជើងធ្លាក់មកក្រោម ក៏ត្រូវក្រមារិតក បណ្តាលឱ្យដាច់ខ្យល់ស្លាប់។

បច្ចុប្បន្នសពក្មេងប្រុសរងគ្រោះត្រូវបានឪពុកម្តាយយកទៅតម្កល់នៅវត្តគិរីរម្យសន្តិភាព ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES