ខេត្ដកណ្តាលៈ សាកសពបុរសម្នាក់ស្ថិតក្នុងសភាពហើមប៉ោង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតតាមខ្សែទឹកទន្លេមេគង្គ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ូលិសដាក់ការសន្និដ្ឋានថា ស្លាប់បណ្តាលមកពីលង់ទឹកមិនមានជាប់ពាក់ព័ន្ធទៅនឹងករណីអ្វីឡើយ ។ ជនរងគ្រោះឈ្មោះ ធី ធួក ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករទូកដ មានទីលំនៅភូមិផ្សារថ្មី ឃុំពាមប្រផ្នួស ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ប៉ូលិសស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះខាងលើនេះជាកម្មករស៊ីឈ្នួលបើកទូកដរ នៅភូមិកោះសូទិន ឃុំ/ស្រុកកោះសូទិន ខេត្តកំពង់ចាម ឆ្លងទៅភូមិផ្សារថ្មី ឃុំពាមប្រផ្នួស ស្រុកកោះសូទិន ។ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ជនរងគ្រោះមានសភាពស្រវឹងស្រាហើយបានធ្លាកើពីលើទូកដរ ខណៈដែលទូកបើកចេញពីមាត់ច្រាំងបានចម្ងាយប្រមាណ៣០ម៉ែត្រ ។ បន្ទាប់ពីធ្លាក់ចូលទៅក្នុងទឹកជនរងគ្រោះក៏បានបាត់ខ្លួនរហូត ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង២រសៀល ទើបមានប្រជាពលរដ្ឋរស់នៅភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ប្រទះឃើញសាកសពជនរងគ្រោះអណ្តែតទឹកទន្លេមេគង្គស្ថិតក្នុងសភាពហើមប៉ោង ។
ក្រោយពីពិនិត្យលើសាកសពជនរងគ្រោះចប់សព្វគ្រប់ហើយនោះ សមត្ថកិច្ចប៉ូលិសស្រុកខ្សាច់កណ្តាលបានប្រគល់ទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
សិលា