Sunday, May 19, 2024
Homeសង្គម និងជីវិតឃើញគោប្រកាច់ក្នុងស្រែ ម្ចាស់ក៏ស្ទុះទៅជួយ ត្រូវខ្សែភ្លើងឆក់ផ្តាច់ជីវិតទាំងអស់

ឃើញគោប្រកាច់ក្នុងស្រែ ម្ចាស់ក៏ស្ទុះទៅជួយ ត្រូវខ្សែភ្លើងឆក់ផ្តាច់ជីវិតទាំងអស់

ខេត្តព្រៃវែង ៖ ខ្សែភ្លើងមួយខ្សែ បានរបូតចេញពីបង្គោលធ្លាក់ចូលទៅក្នុងស្រែ លុះពេលមានគោមួយក្បាលដើរទៅស៊ីស្មៅក្បែរនោះ បណ្តាលឱ្យចរន្តអគ្គិសនីឆក់ប្រកាច់ស្លាប់ ស្របពេលនោះ បុរសជាម្ចាស់ ឃើញសត្វគោរបស់ខ្លួនកំពុងប្រកាច់ ក៏ស្ទុះរត់ទៅជួយ ក៏ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ជាមួយសត្វយ៉ាងអាណោចអាធ័ម។

ករណីចរន្តអគ្គិសនីឆក់គោងាប់ និងម្ចាស់ស្លាប់នេះ បានកើតឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅវេលាម៉ោង៣រសៀល នៅចំណុចភូមិអូរ ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង។
ជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ឈ្មោះអឿន ភាត អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងកំពឹស ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញខ្សែភ្លើងមួយខ្សែ បានរបូតធ្លាក់ចេញពីបង្គោលចូលទៅក្នុងទឹកស្រែ ប៉ុន្តែគ្មានអ្នកណាម្នាក់លើកចងភ្ជាប់ជាមួយបង្គោលវិញឡើយ ហើយក៏គ្មានអ្នកណាគិតថា ខ្សែភ្លើងនោះឆក់យកជីវិតគោ និងម្ចាស់នោះឡើយ។ មុនពេលកើតហេតុ សត្វគោរបស់ជនរងគ្រោះបានទៅដើរស៊ីខ្មៅនៅចំណុចខាងលើ ព្រោះតែស្រែនោះ ម្ចាស់ច្រូតស្រូវហើយថ្មីៗ លុះដល់វេលាកើតហេតុ គោនោះបានដើរទៅប៉ះចំខ្សែភ្លើង ដែលធ្លាក់នៅក្នុងស្រែនោះ បណ្តាលឱ្យចរន្តអគ្គិសនីឆក់ប្រកាច់ងាប់តែម្តង ស្របពេលនោះ ជនរងគ្រោះជាម្ចាស់ឃើញគោរបស់ខ្លួនកំពុងតែប្រកាច់ក្នុងទឹកស្រែ ក៏ស្ទុះទៅជួយសង្គ្រោះខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវចរន្តអគ្គិសនីឆក់ប្រកាច់ស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានគេប្រទះឃើញ បង្កឱ្យភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកអន្តរាគមន៍។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងកោសល្យវិច័យរួចបញ្ជាក់ ជនរងគ្រោះពិតជាស្លាប់ ដោយចរន្តអគ្គិសនីឆក់មែន មិនជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារគោបានដើរទៅប៉ះខ្សែកាប “ខ្សែភ្លើង“ ដែលធ្លាក់ក្នុងទឹកស្រែ ទើបបានបណ្តាលឱ្យឆក់ ហើយក្នុងពេលនោះម្ចាស់បានចុះទៅជួយ ក៍ត្រូវចរន្តភ្លើងឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង ក្រោយពីសមត្ថកិច្ចពិនិត្យសពរួច ក៏បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES