ខេត្តកំពង់ធំ ៖ ប្តីប្រពន្ធ២គូ រស់នៅផ្ទះជាប់គ្នា បានអង្គុយផឹកស៊ីជុំគ្នា លុះស្រវឹងធ្លាក់ភ្នែកក៏កើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា លុះពេលឃើញបុរសជាប្តីភាគីជម្លោះដើរចេញបាត់ មានឱកាសស្ងាត់ល្អ ស្រាប់តែភាគីម្ខាងទៀត មានគ្នា២នាក់ប្តីប្រពន្ធ បានរួមដៃគ្នាវ៉ៃសម្លាប់ស្ត្រីរងគ្រោះតែម្តង ដោយបុរសជាប្តីទាញកាំបិតចាក់ចំដើមទ្រូង ហើយភ្លាមនោះ ស្ត្រីជាប្រពន្ធបានទាញដំបងមកវាយសំពងចំក្បាលបន្ថែមទៀត បណ្តាលឱ្យស្ត្រីចំណាស់ រងគ្រោះស្លាប់នៅនឹងកន្លែងគួរឱ្យរន្ធត់។
ករណីឃាតកម្មដ៏ព្រៃផ្សៃខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភ្នំរាំង ស្ថិតនៅភូមិត្រពាំងទឹម ឃុំ បឹងល្វា ស្រុកសន្ទុក។
ស្ត្រីរងគ្រោះដែលត្រូវឃាតករ២នាក់ប្តី-ប្រពន្ធរួមដៃគ្នាសម្លាប់នោះ មានឈ្មោះអ៊ុក អាត អាយុ៥២ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនដៃដល់ជាឃាតករទាំង២នាក់ ប្តីប្រពន្ធ រួមមានជនដៃដល់ជាប្តី មានឈ្មោះជុំ សឿង អាយុ៥៥ឆ្នាំ ចំណែកជនដៃដល់ជាប្រពន្ធ មានឈ្មោះសុំ កន អាយុ៥៦ឆ្នាំ មានលំនៅក្នុងភូមិជាមួយស្ត្រីរងគ្រោះដែរ។ ក្រោយកើតហេតុ ជនដៃដល់ជាប្តី ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ខណៈដែលជនដៃដល់ជាប្រពន្ធបានរត់គេចខ្លួនបាត់។
លោកហាក់ សារ៉ាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងល្វា បានបញ្ជាក់ប្រាប់ “នគរធំ” តាមទូរស័ព្ទថា ករណីឃាតកម្មដ៏ឃោរឃៅខាងលើបានកើតឡើង ដោយសារដំបូងឡើយ ជនដៃដល់ជាឃាតករ២នាក់ប្តីប្រពន្ធ បានជួបជុំគ្នាផឹកស៊ីជាមួយស្ត្រីរងគ្រោះ២នាក់ប្តីប្រពន្ធ ដែលរស់នៅជាប់របងគ្នា។ លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏ចាប់ផ្តើមកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា និងថែមទាំងបានទាញកាំបិត និងដំបង មកបញ្ចោញសាច់ដុំគំរាមដាក់គ្នាទៀតផង ប៉ុន្តែនៅមិនទាន់ផ្ទុះសង្គ្រាមភ្លាមៗនោះទេ។
លោកនាយប៉ុស្តិ៍ បន្តថា លុះក្រោយពេលស្ងប់ការប្រកែកគ្នាបន្តិចប្តីរបស់ស្ត្រីរងគ្រោះបានដើរចេញពីកន្លែងកើតហេតុបាត់ ទើបធ្វើឱ្យជនដៃដល់ទាំង២នាក់ប្តីប្រពន្ធឃើញឱកាសស្ងាត់ល្អ ក៏រួមគំនិតគ្នាសម្លាប់ស្ត្រីរងគ្រាះតែម្តង ដោយជនដៃដល់ជាប្តីបានយកកាំបិតចុងស្រួច ទៅចាក់ស្ត្រីរងគ្រោះចំដើមទ្រូង ហើយភ្លាមនេះ ស្ត្រីដៃដល់ជាប្រពន្ធបានទាញដំបងមកវាយ សំពងចំក្បាលស្ត្រីរងគ្រោះបន្ថែមទៀត បណ្តាលឱ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាប់ឃាត់ខ្លួនជនដៃដល់ជាប្តីនាំយកមកសាកសួរ ខណៈដែល ជនដៃដល់ជាប្រពន្ធ បានរត់គេចខ្លួនបាត់ទៅហើយ។
ជនដៃដល់ជាប្តី ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីកសាងសុំណុំរឿនបញ្ជួនទៅសាលាដំបូងខេត្តកំពង់ធំ ចាត់ការបន្តតាមនីតិវិធី។ រីឯស្ត្រីដៃដល់ដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់។
ដោយឡែកសាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕