Thursday, March 28, 2024
Homeព័ត៌មានជាតិឆបោកជិត១លានដុល្លារ មិនទាន់អស់ចិត្ត រៀបគម្រោងបោកយក៥លានដុល្លារថែមទៀត ចុងក្រោយត្រូវជាប់ខ្នោះ

ឆបោកជិត១លានដុល្លារ មិនទាន់អស់ចិត្ត រៀបគម្រោងបោកយក៥លានដុល្លារថែមទៀត ចុងក្រោយត្រូវជាប់ខ្នោះ

ភ្នំពេញ ៖ ស្ត្រីជាគ្រូមន្តអាគមអូមអាមម្នាក់ និងជាអ្នកស្នងរូបលោកយាយម៉ៅ រួមទាំងប្តី ត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួននាំទៅសាកសួរ បន្ទាប់ពីអ្នកទាំង២នាក់នោះរៀបចំគម្រោងឆបោក​តាមរយៈធ្វើមន្តអាគម និងញុះញង់យកប្រាក់ពីអ្នករកស៊ីលក់ផ្ទះល្វែង យកប្រាក់អស់ប្រមាណជិត១លានដុល្លារ ព្រមទាំងរៀបចំគម្រោងបោកយកដីផ្ទះ និងក្រុមហ៊ុនសាងសង់បុរី ដែលមានតម្លៃប្រមាណ៥លានដុល្លារទៀត តែមិនបានសម្រេច។

សមត្ថកិច្ចឃាត់ខ្លួនគ្រូបោកនេះ ធ្វើឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិគ្រឹះលេខ៦ ផ្លូវ Q01 បុរីមួយ ស្ថិតក្នុងភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ។ នៅក្នុងប្រតិបត្តិការនេះ គឺដឹកនាំដោយលោកវរសេនីយ៍ឯក​ ជាវ វិបុល នាយការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលនីតិវិធី ពីលោកសៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យត្រូវប៉ូលិសឃាត់ខ្លួន ឈ្មោះ សុន ឆ័យ អាយុ៤៤ឆ្នាំ (ជាប្តី) និងប្រពន្ធដែលជាគ្រូទាយធ្វើមន្តអាគមស្នងរូបបារមីយាយ ម៉ៅ ឈ្មោះលី ម៉ាណា ហៅលី ហ្គិចហៀក អាយុ២៦ឆ្នាំ អ្នកទាំង២នាក់ មានលំនៅក្នុងភូមិគ្រឹះខាងលើ។ ចំណែកជនរងគ្រោះដែលត្រូវជនសង្ស័យឆបោកប្រាក់នោះ ឈ្មោះអាំង គីហេង ភេទប្រុស អាយុ៤៦ឆ្នាំ ជាពាណិជ្ជករ និងប្រពន្ធឈ្មោះ ទិត្យ ផល្លា អាយុ៣៣ឆ្នាំ ជាពាណិជ្ជករ មានលំនៅភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។

លោកអាំង គីហេង បានឱ្យដឹងថា គាត់និងក្រុមគ្រួសារបានស្គាល់ និងទំនាក់ទំនងឈ្មោះ លី ម៉ាណា ហៅលី ហ្គិចហៀក ដែលជាគ្រូទាយតាំងពីឆ្នាំ២០១៥ ហើយគ្រូទាយនេះ បានលួងលោមអូសទាញឱ្យធ្វើកិច្ច ដើម្បីលើករាសីនៅថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ ជារៀងរាល់សប្តាហ៍ មិនដែលខានឡើយ។

ចាប់តាំងពីខែមករា ឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន ដោយតម្រូវឱ្យដាក់តង្វាយ មានក្រដាសប្រាក់២០ដុល្លារ ចំនួន៣២កន្លឹក ឱ្យដាក់ស្ករគ្រាប់៣២កំប៉ុង និងផ្លែឈើតម្លៃ១៣៥ដុល្លារ ព្រមទាំងស្លាម្លូ ចំនួន១២ដុល្លារ ដែលសរុបក្នុងមួយលើក អស់ចំនួន៨១១ដុល្លារ ដែលក្នុងមួយសប្តាហ៍ អស់ចំនួន២៤៣៣ដុល្លារ ព្រមទាំងនាំដើរលេងនៅក្រៅប្រទេសជាញឹកញាប់ ធ្វើឱ្យគាត់ត្រូវចំណាយប្រាក់អស់ជាច្រើនសន្លឹកសន្ធាប់ លុះចុងក្រោយ ទើបប្តីប្រពន្ធគាត់ភ្ញាក់ខ្លួនចាញ់បោកគ្រូទាយរូបនេះ ក៏ប្តឹងសមត្ថកិច្ចជួយអនរាគមន៍ចាប់ខ្លួនតែម្តង។

ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចនាំទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

RELATED ARTICLES