បុរសម្នាក់នេះ មិនចូលចិត្តស្រាទេ បែរជា ប្រពន្ធញៀនញ៉ាមនឹងស្រាស ភ្លេចធ្វើបាយទឹក លុះពេលយប់ ប្តីចាញ់ក្លិនស្រា លែងប៉ះពាល់ប្រពន្ធ បណ្តាលឱ្យមានភាពរកាំរកូសកើតឡើង។ ទីបំផុត ប្រពន្ធបានចុះចេញពីផ្ទះ អត់អាល័យ ដើម្បីរកប្រុសថ្មីស្អំបេះដូង ចំណែកប្តី ក៏មិនរវល់តាមអង្វរ ដែលអ្នកភូមិពិបាកអារកាត់ មិនដឹង ជាកំហុសអ្នកណា?…។
អ្នកស្រីច្រឹង ណេ អាយុ៤៣ឆ្នាំ រស់នៅភូមិ ទួល ឃុំល្បើក ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា រូបគាត់ជាកូនពៅ ក្នុងចំណោមបងប្អូន៤នាក់ ឪពុក ស្លាប់ នៅតែម្តាយមេម៉ាយឈ្មោះម៉ី យោ អាយុ៧៥ ឆ្នាំ។ អ្នកស្រីមិនចេះអក្សរ១តួទេ ព្រោះមិនបានរៀនសូត្រកាលពីក្មេង លុះមានអាយុ១៧ឆ្នាំ ក៏មានទំនាក់ទំនងស្នេហាជាមួយ កំលោះក្នុងភូមិជាមួយគ្នា ឈ្មោះវ៉ិត ផល អាយុស្របាលគ្នា រហូតបានរៀបការតាមប្រពៃណី ចាប់ដៃគ្នាជាប្តីប្រពន្ធទៅ។ មុនដំបូង គ្រួសារ គាត់មានសុភមង្គលណាស់ ទោះបីធ្វើការនឿយហត់ ម្តេចម្តា បើប្តីត្រូវការអាហាររាត្រី គាត់មិនដែលឃាត់ ឬផ្តាច់របបប្តីដល់ម្តងណាឡើយ។ លុះបង្កើតបាន កូនប្រុស១ ស្រាប់តែប្តីបែកគំនិតចេះស៊ីផឹក ពួកម៉ាក បនភឿន ចូលមកដល់ផ្ទះម្តងៗ តែងបង្ករឿងវាយ ដំច្រំធាក់ប្រពន្ធជារឿយៗ។ អ្នកស្រីទ្រាំលែងបាន ធ្លាប់ រត់ចោលជាហូរហែ តែត្រូវប្តីតាមអង្វរលួងលោម មករួមរស់ជាមួយគ្នាវិញ រហូតបង្កើតបានកូន៤នាក់ (ប្រុស១ ស្រី៣) ជាចំណងដៃនិស្ស័យស្នេហ៍។
អ្នកស្រីច្រឹង ណេ បន្តថា តាំងពីបានកូន៤នាក់ មក ដោយសារតែប្តីធ្វើបាបខ្លាំងពេក គាត់ក៏យកស្រា-ស ផឹកបំបាត់ក្តីទុក្ខព្រួយបានខ្លះៗដែរ។ លុះគាត់ ឧស្សាហ៍ចេញពីផ្ទះរកស្រាផឹក ប្តីបែរជាបញ្ឈប់ការផឹក ស៊ីវិញ ហើយចោទប្រពន្ធថា មានសហាយស្មន់។ តាមពិត គាត់គ្មានប្រុសសហាយឯណាទេ តែហាក់ ដូចជាញៀនស្រាអត់មិនបាន ថ្ងៃណាក៏ទាល់តែមាន ស្រាចូលពោះ ទើបស្ងប់ចិត្ត។ ពេលត្រូវស្រាស្រឿងៗ ក៏ស្រើបស្រាលបែកគំនិតស្រលាញ់ប្តីខ្លាំងតែម្តង ប៉ុន្តែ ជារឿងអៀនខ្មាសណាស់ ពេលគាត់ចង់នែបនិត្យជាមួយប្តី ចង់ឱ្យគេជួយពន្លត់ភ្លើងតណ្ហា ដែល កើតពីចំហាយស្រានោះ បែរជាប្តីច្រានទ្រូងគាត់ ចេញទៅវិញ ដោយរអ៊ូរទាំថា ស្អុយស្រាណាស់។ កាលពីមុន គេផឹកស្អុយស្រាជាងគាត់ផង គាត់ក៏ធ្លាប់ រអ៊ូយ៉ាងនេះដែរ ឥឡូវដល់វេនប្តីរអ៊ូម្តង ថែមទាំង មិនប៉ះពាល់ប្រពន្ធទៀត។ ដល់អ៊ីចឹងទៅ គ្មានប្រពន្ធ ឯណាទ្រាំបានទេ ទើបគាត់សុខចិត្តចុះចេញពីផ្ទះតែខោ អាវមួយចង្កេះ ឆ្អេះជាប់នឹងខ្លួន ទៅស្នាក់អាស្រ័យ ជាមួយបងប្អូនវិញប្រសើរជាង។
អ្នកស្រីច្រឹង ណេ បន្ថែមទៀតថា មុននឹងចុះចោល ប្តីនេះ គាត់បានប្រាប់ប្តីថា “បើឯងលែងត្រូវការ ខ្ញុំទៅ ហើយ ខ្ញុំនឹងយកប្តីទៀត!” ប្តីក៏ទ្រគោះឱ្យថា “ទៅរក ប្តីឯណាបានយកទៅ!” គេបានទាំងស្តីបណ្តេញគាត់ ទៀតផង ធ្វើឱ្យគាត់ឈឺចិត្តណាស់។ ឥឡូវគាត់រកបាន ប្តីម្នាក់ទៀតហើយ តែសុំមិនបញ្ចោញឈ្មោះទេ ព្រោះ អាយុទើប៤៣ឆ្នាំនេះ គាត់ត្រូវការប្រុសស្អំបេះដូង មិនអាចទ្រាំដេកក្បែរប្តីដែលមិនខ្ចីប៉ះប្រពន្ធនោះទេ។ ប្តីហ្នឹងប្រហែលជាមើលងាយគាត់ជាស្រីប្រមឹក មិន អាចរកប្តីបាន ទើបគេថា ទៅរកឯណាបាន ទៅយកចុះ! ឥឡូវគាត់រកបានហើយ កំពុងតែល្អូកល្អិនជាមួយគ្នា រាល់យប់ គ្រាន់តែមិនបង្ហាញមុខប្តីថ្មីនោះប៉ុណ្ណោះ។
ដោយឡែក លោកវ៉ិត ផល អាយុ៤៣ឆ្នាំ ជា ប្តីបានឱ្យដឹងថា លោកជាកសិករ មិនបានរៀនសូត្រ អ្វីទេ ចេះតែឃ្វាលគោក្របី ដកស្ទូងច្រូតកាត់តាំងពី នៅកុមារ។ លុះចូលវ័យ១៧ឆ្នាំ លោកពិតជាបានលង់ ស្នេហ៍នឹងនាងច្រឹង ណេ ប្រាកដមែន រហូតបានរៀបការយកគ្នាជាប្តីប្រពន្ធ បង្កើតបានកូន៤នាក់។ មុនដំបូង លោកចេះផឹកស្រា ដូចអ្វីដែលប្រពន្ធថាមែន លុះយូរៗទៅ លោកមើលយល់ពីផលវិបាករបស់គ្រឿងស្រវឹង បានត្រឹមធ្វើឱ្យខូចសុខភាព ខាតបង់ប្រាក់កាស និងស្ទះដល់ការងារចិញ្ចឹមជីវិត ទើបលោកឈប់ ផឹកទៅ និងចាញ់ក្លិនស្រាណាស់។ ដឹងអី! ពេលប្តី ឈប់ផឹក ស្រាប់តែប្រពន្ធផឹកម្តងវិញ ដែលថ្ងៃណាក៏ នៅតែតៀមស្រា ភ្លេចធ្វើបាយទឹក លុះលោកមកពី ស្រែវិញ ដាំបាយហូបខ្លួនឯងក៏មាន។ ប្រពន្ធនេះមិន ធម្មតាទេ ពេលត្រូវស្រាស្រឿងៗកេះកៀវប្តីមិនឈប់ ហើយពេលនាងហាមាត់និយាយ ជះក្លិនស្រាហួង ធ្វើ ឱ្យលោកពិបាកទ្រាំ ក៏ច្រានទ្រូងនាងចេញ។
លោកវ៉ិត ផល បន្តទៀតថា កាលប្រពន្ធមិន ទាន់ចេះផឹក លោកស្រលាញ់នាងណាស់ ទោះ១យប់ ៣ដង ក៏ទៅរួចដែរ ប៉ុន្តែ ពេលនាងចេះផឹកបែបនេះ លោកមិនរវល់ប៉ះពាល់ទេ ហើយសង្ស័យថា ពេលប្តី មិនព្រមបម្រើនាង ច្បាស់ជាប្រពន្ធនោះ លួចមាន សហាយជាអ្នកផឹកដូចគ្នា ឱ្យបម្រើនាងជាមិនខាន។ លោកតែងចោទប្រកាន់ថា ប្រពន្ធនេះមានសហាយ រហូតដល់មានជម្លោះតឹងសរសៃក ហើយជាចុងក្រោយ ប្រពន្ធក៏ចុះចេញពីផ្ទះ ស្កាត់ទៅរកប្រុស។ លោកមិនឃាត់ទេ ទៅរកប្រុសឯណាបានក៏បានទៅ លោកឈប់ខ្វល់ទៀតហើយ តែលៃយ៉ាងណាកុំវិល មកវិញឱ្យសោះ បើសិនជាប្រុសថ្មីនោះអស់ចិត្ត ហើយបោះបង់នាងចោល ស្រាប់តែនាងវិលរកប្តីនោះ លោកមិនទទួលទេ។
លោកយាយសួង ងយ អាយុ៨២ឆ្នាំ និង លោកយាយអាម មាន អាយុ៨០ឆ្នាំ ត្រូវជាអ៊ំៗរបស់ អ្នកស្រីច្រឹង ណេ បានឱ្យដឹងស្របគ្នាថា ពួកគេទាំង ពីរនាក់នេះ តាំងពីចាប់ដៃគ្នាមក បានទទួលសុភមង្គលតិចណាស់។ ពួកគាត់ក៏ធ្លាប់អប់រំណែនាំក្មួយ ទាំងពីរនោះដែរ ឱ្យចេះអត់ធ្មត់ កុំប្រើកំហឹងទល់កំហល់ តែពួកគេមិនស្តាប់ ដូចចាក់ទឹកលើក្បាលទា។ ឥឡូវ នាងប្រពន្ធនោះចុះចោលប្តី ហើយអួតថារកបានប្រុស ថ្មីទៀតហើយ ពុំដឹងជាពិត ឬនាងកុហក ដើម្បីកាច់ប្តី ក៏មិនដឹង?
គួរបញ្ជាក់ថា ឥទ្ធិពលស្រា-ស ម្តងប្តីផឹក ម្តង ប្រពន្ធញៀនបែបនេះ បានត្រឹមផ្តល់អពមង្គលដល់ គ្រួសារតែប៉ុណ្ណោះ។ អ្វីដែលគួរឱ្យបារម្ភគឺអនាគត កូនប្រុសស្រី៤នាក់ កាលបើឪពុកម្តាយផ្តល់គំរូមិន ល្អបែបនេះ ពួកគេអាចនឹងធ្វើតាមមិនខាន។ ពាក្យ ចាស់ថា “បើប្រុសប្រមឹកមិនសូវអី តែបើស្រីប្រមឹក ធ្ងន់ក” ពិតជាមិនខុសទេ ព្រោះធម្មតា ប្រុសត្រូវការ ខ្លួនប្រាណប្រពន្ធពន្លត់តណ្ហា តែបើប្រពន្ធផឹកស្រា ជះក្លិនឆួលច្រមុះ រហូតដល់ប្តីច្រានទ្រូងចេញបែបនេះ ជារឿងអាម៉ាស់ខ្លាំងណាស់ គួរតែមានការកែលម្អ ទើបបាន…”៕