Thursday, March 28, 2024
Homeព័ត៌មានជាតិមេម៉ាយកូន៦ យកកូនធម៌ធ្វើប្តី

មេម៉ាយកូន៦ យកកូនធម៌ធ្វើប្តី

សេចក្តីស្នេហាខ្លះ ផ្តើមចេញពីការជំពាក់គុណ ក៏ផុសក្តីអាណិត ដែលជាប្រភពនៃសេចក្តី ស្រលាញ់ពេញបេះដូង។ យ៉ាងណាមិញ ស្ត្រីចំណាស់ម្នាក់នេះ មានកូនដល់ទៅ៦នាក់ ទាក់បាន កំលោះកូនធម៌ធ្វើប្តីទី២ បន្ទាប់ពីគាត់ព្យាយាម ថែទាំព្យាបាលរបួសកូនធម៌ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ឱ្យបានជាសះស្បើយ ធ្វើឱ្យ កូនធម៌ជំពាក់គុណ គ្មានអ្វីសងរួច ក៏សងបេះដូង…។

អ្នកស្រីឡេង ចន្ធូ អាយុ៥០ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំមានប្ញទ្ធិ ស្រុកដងទង់ ខេត្តកំពត បានរៀបរាប់ថា គាត់កើតក្នុងត្រកូលកសិករមួយ បនារៀនសូត្រចេះតិចតួចស្តួចស្តើងណាស់។ ក្នុង១ជាតិ នេះ គាត់ធ្លាប់មានប្តី២នាក់រួចមកហើយ ដែលប្តីទី១ គឺជាទាហានវៀតណាម ដើមកំណើតខ្មែរកម្ពុជាក្រោម។ អ្នកស្រីរំព្ញកថា កាលនោះ គាត់ទើបមាន អាយុ២០ឆ្នាំប៉ុណ្ណោះ ពេលដើរកាត់មុខបន្ទាយ ទាហានវៀតណាម ដែលឈរជើងនៅស្រុកដងទង់ ស្រាប់តែទាហានវៀតណាមម្នាក់ ឈ្មោះសេង គឹមឡាំ ជាប់ចិត្តប្រតិព័ទ្ធ រហូតគេហ៊ានតាមដល់ផ្ទះ។ គេ ព្យាយាមទាក់ទងសុំស្នេហ៍ពីគាត់ និងសួរដល់ឪពុក ម្តាយផង ធ្វើឱ្យគាត់ទន់ចិត្តអាណិតស្រលាញ់ យល់ ព្រមរៀបការជាមួយគេទៅ។ បន្ទាប់ពីបានរួមរស់ ជាមួយគ្នាមួយរយៈ ប្តីក៏ចូលសមរភូមិបោសសម្អាត ពួកខ្មែរក្រហម ជាអកុសលក៏ដើរជាន់មីនផ្ទុះដាច់ ជើងខាងឆ្វេង ក្លាយជាមនុស្សពិការរហូតមក។

លោកឆឺន (ជាប្តីទី២)

អ្នកស្រីឡេង ចន្ធូ បន្តទៀតថា ពេលប្តីធ្លាក់ខ្លួន ពិការ ក៏ត្រូវអង្គភាពឱ្យចូលនិវត្តន៍ រួចនាំគ្នាចេញ ទៅរកស៊ីនៅខេត្តរតនគិរី អស់រយៈពេលជាង២០ឆ្នាំ ឯណោះ ដោយបង្កើតបានកូន៦នាក់ (ស្រី២ ប្រុស ៤) ជាចំណងនិស្ស័យ។ ក្រោយមក ដោយសារមុខ របួសចាស់ធ្វើទុក្ខ ប្តីគាត់ក៏ទទួលមរណភាពទៅ ទុកឱ្យគាត់នៅមេម៉ាយ កាយរងា រកស៊ីចិញ្ចឹមកូន ម្នាក់ឯង។ មុនស្វាមីទទួលមរណភាព គាត់មានកូន ធម៌កំលោះម្នាក់ ឈ្មោះឆឺន តែងចេញចូលគោរពគាត់ និងប្តីដូចឪពុកម្តាយបង្កើតរបស់គេ សូម្បីពេលប្តី គាត់ស្លាប់នោះ ក៏កូនធម៌បានជួយចាត់ចែងធ្វើបុណ្យ យ៉ាងយកចិត្តទុកដាក់បំផុត។ ក្រោយមក កូនធម៌ នេះ ជួបគ្រោះថ្នាក់ចរាចរណ៍ជាទម្ងន់ គាត់ក៏ដឹកទៅ ព្យាបាលនៅមន្ទីរពេទ្យ និងនៅកំដរហុចទឹកក្តៅ ទឹក ត្រជាក់រហូតបានជាសះស្បើយ។ ជួនកាលគាត់ត្រូវ ដេកប្រជ្រៀតជាមួយកូនធម៌នេះ ព្រោះគ្រែពេទ្យតូចពេក ធ្វើឱ្យ មនោសញ្ចោតនារវាងម្តាយ និងកូនធម៌ទោរទន់រកគ្នាជាលំដាប់។

អ្នកស្រីឡេង ចន្ធូ

អ្នកស្រីឡេង ចន្ធូ បន្តទៀតថា ពេលជាសះស្បើយចេញ ពីមន្ទីរពេទ្យ កូនធម៌នេះសុខចិត្តក្រាញននៀលនៅរស់ក្រោម ដំបូលជាមួយគាត់ មិនចេញទៅណាទេ និងឆ្លៀតកូនៗមិន នៅ គេព្យាយាមលួងលោមសុំស្នេហ៍ពីគាត់ ដោយប្រាប់ថា គេជំពាក់គុណគាត់ធ្ងន់ណាស់ គ្មានលុយសងទេ តែគេចង់ សងជាបេះដូងវិញ។ សម្តីនេះ គាត់មិនទាន់ឆ្លើយតបទេ តែ យប់មួយ ខណៈដែលកូនបង្កើតចេញទៅលេងបុណ្យទាន អស់ កូនធម៌កំលោះក៏ប្រលោមស្នេហ៍ជាថ្មី ថែមទាំងដៃបបោស អង្អែលផងនោះ ធ្វើឱ្យគាត់បាត់បង់ម្ចាស់ការ ក៏យល់ព្រម ចូលខ្លួនក្នុងរង្វង់ដៃគេទៅ ដោយទទួលស្គាល់ថា មេម៉ាយ យូរប៉ះកំលោះជួយស្អំ ធ្វើឱ្យទ្រូងគាត់បានល្ហែល្ហើយពីទុក្ខ កង្វល់គ្រប់បែបយ៉ាង។ កាលត្រូវរ៉ូវគ្នានោះ គាត់ទើបមាន អាយុ៤៥ឆ្នាំប៉ុណ្ណោះ ស្រាប់តែមានផ្ទៃពោះភ្លាម និងដឹងដល់ កូនៗឯទៀត ត្រូវកូនស្រីច្បងស្តីបន្ទោសគាត់ចង់ស្ពឹកមុខថា មិនចេះខ្មាសញាតិ ខ្លួនឯងម៉ែគេទៅយកកូនធម៌ធ្វើប្តី។ ទោះជាកូនស្រីច្បងស្តីបន្ទោសយ៉ាងណា ក៏គាត់មិនតបតទេ លុះយូរៗទៅក្លាយជាធម្មតា ទើបកូនៗយល់ព្រមឱ្យគាត់សែនព្រេនយកប្តីក្មេងនេះទៅ។ គាត់មាន ផ្ទៃពោះ បង្កើតបានកូនប្រុស១ តែជាអកុសល កូននោះក៏ខូចទៅ ដែលពេលនេះ គាត់អស់កូនហើយ ព្រោះជាវ័យអស់រដូវ ប៉ុន្តែប្តីក្មេងនៅតែស្រលាញ់ សុខចិត្តចេញទៅរកស៊ីនៅស្រុកឆ្ងាយ រកលុយ បានផ្ញើមកឱ្យប្រពន្ធ។


ដោយឡែក លោកឆឺន អាយុ២៦ឆ្នាំ ជាប្តីទី២ បានប្រាប់តាមទូរស័ព្ទថា រាល់ថ្ងៃ លោកកំពុងធ្វើកម្មករ ក្នុងចម្ការស្វាយមួយកន្លែងនៅខេត្តព្រះសីហនុ។ យូរៗបាន មកផ្ទះម្តង។ លោកបានយកម៉ែធម៌ធ្វើប្រពន្ធជិត៥ឆ្នាំ ហើយបង្កើតបានកូន១ដែរ តែវាខូចទៅ និងមិនអាចបង្កើតបានទៀតទេ ព្រោះប្រពន្ធម៉ែមានអាយុ៥០ឆ្នាំ ទៅហើយ។ តាមពិតមកពីលោកជំពាក់គុណម៉ែធម៌ មិនចង់ទុកឱ្យគាត់មេម៉ាយ កាយរងា ក៏ទទួលរ៉ាប់រងធ្វើប្តីគាត់ទៅ ទោះជាកូនបង្កើតរបស់ម៉ែជំទាស់យ៉ាងណាក៏ដោយចុះ។ ឥឡូវពួកគេលែងជំទាស់ទៀតហើយ ដោយចេះគោរពលោក ដូចឪពុក ឯរូបលោកក៏ស្រលាញ់កូនទាំងនោះដែរ និងសុខចិត្តចេញមកស៊ីឈ្នួល ធ្វើចម្ការឱ្យគេ បានលុយផ្ញើឱ្យប្រពន្ធមិនដែលដាច់ទេ។ ទោះជានៅទីនេះមិនខ្វះ ក្រមុំៗ ក៏លោកមិនអាចប្រែក្រឡាស់ ក្បត់ប្រពន្ធចាស់ជាដាច់ខាត។

លោកតាវ៉ាន់ ជឹម

លោកតាវង នឿន អាយុ៧០ឆ្នាំ លោកតាវ៉ាន់ ជឹម អាយុ៨០ឆ្នាំ និងនាងទុយ សុខនី អាយុ២៩ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា ប្តីក្មេងប្រពន្ធចាស់នេះ ពិតជាម៉ែធម៌ និងកូនធម៌មែន ពួកគេយកគ្នាកាលទៅរកស៊ីនៅខេត្តរតនគិរី ប៉ុន្តែ សព្វថ្ងៃបានមកនៅស្រុកកំណើតឯខេត្តកំពត វិញ។ តាមពិត ប្តីក្មេងនោះ មានអាយុតិចជាង

លោកតាវង នឿន

កូន ទី១ និងកូនទី២ របស់ប្រពន្ធចាស់ទៅទៀត តែកូនៗ ទាំងនោះចេះគោរពឪចុង ដោយហៅឪថា ពូៗ។ កូន សម្បុកមុនទាំង៦នាក់នោះ មានគូស្រករបែកផ្ទះជិត អស់ហើយ ចំណែកប្តីក្មេងក៏មិននៅផ្ទះដែរ ព្រោះនៅ ស្រុកកំណើតខាងប្រពន្ធមិនដឹងរកស៊ីអី ក៏ចេញទៅ ស៊ីឈ្នួលធ្វើចម្ការឱ្យគេឯខេត្តព្រះសីហនុ។

នាងទុយ សុខនី

គួរបញ្ជាក់ថា សេចក្តីស្នេហាបរិសុទ្ធមិនរើស វណ្ណៈ ពូជពង្ស ជាតិសាសន៍ អាក្រក់ ល្អ សខ្មៅ ឬ គម្លាតអាយុនោះឡើយ ពោលគឺបើមាននិស្ស័យ ស្នេហ៍ពីបុព្វជាតិ ទោះជាភាគីម្ខាងមេម៉ាយកូន៦ ឯភាគីម្ខាងទៀតនៅកំលោះស្ទាវ ក៏មានចិត្តស្រលាញ់ គ្នាបេះមិនដាច់។ ករណីរួមរស់ជាមួយគ្នាបានយូររវាង ប្តីក្មេងប្រពន្ធចាស់ លុះត្រាតែប្រពន្ធប្រសប់ថ្នមប្តី បន្តិចទើបបាន ដើម្បីចងចិត្តប្តីកុំឱ្យងាកទៅរកស្រី ផ្សេងទៀតបាន តែបើប្រពន្ធចាស់កាចឆ្នាសនោះ ប្តី ក្មេងទ្រាំមិនបានយូរទេ…”៕

RELATED ARTICLES