Wednesday, January 22, 2025
Homeសន្ដិសុខសង្គមខឹងចិត្តប្រពន្ធលែង! ទាញកាំបិតអារកខ្លួនឯង រួចរត់ចូលឡាន

ខឹងចិត្តប្រពន្ធលែង! ទាញកាំបិតអារកខ្លួនឯង រួចរត់ចូលឡាន

ខេត្តស្វាយរៀង ៖ បុរសម្នាក់ ព្រោះតែតូចចិត្តនឹងរឿងប្រពន្ធលែងលះ ក៏ដើរផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ រហូតធ្វើឱ្យក្លាយជាមនុស្សមានបញ្ហាខាងសតិស្មារតីលែងអាចគ្រប់គ្រងខ្លួនឯងបាន ទីបំផុត ក៏ធ្វើសកម្មភាពយកកាំបិតមកអារកខ្លួនឯង រួចព្យាយាមរត់ចូលឡាន ដើម្បីសម្លាប់ខ្លួន ប៉ុន្តែសំណាងល្អ ត្រូវបានក្រុមគ្រួសារ និងអ្នកភូមិប្រទះឃើញ ជួយសង្គ្រោះទាន់ពេលវេលា។

ហេតុការណ៍បុរសប្រមឹកយកកាំបិតអារកខ្លួនឯង រួចប៉ងរត់ចូលឡានធ្វើអត្តឃាតនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។

បុរសគំនិតខ្លីដែលប៉ុនប៉ងធ្វើអត្តឃាតនេះ មានឈ្មោះសំ អន អាយុ៣២ឆ្នាំ ជាមនុស្ស ប្រមឹកផឹកស្រារហូតដល់ក្លាយជាមនុស្សសរសៃប្រសាទមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីអ្នកភូមិបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ គេឃើញបុរសខាងលើ បានផឹកស្រាតែម្នាក់ឯងរហូតដល់ស្រវឹងជោក បន្ទាប់មកក៏ស្រាប់តែទាញយកកាំបិតយកមកបម្រុងអារកខ្លួនឯង ប៉ុន្តែត្រូវបានអ្នកភូមិឃើញទាន់ស្រែកឆោឡោ និងនាំគ្នាឃាត់ ទើបបុរសនោះទម្លាក់កាំបិតចុះវិញ។

ប្រភពដដែលបន្តថា ក្រោយពីទម្លាក់កាំបិត បុរសប្រមឹករូបនោះបានព្យាយាមរត់ចូលរថយន្ត ក្រុង ដែលកំពុងបើកបរតាមដងផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច ប៉ុន្តែសំណាងល្អ ដោយរត់ចូលចំហៀងខាងក្រោយ គឺរងរបួសបន្តិចបន្តួចប៉ុណ្ណោះ តែបើរត់ចូលចំពីមុខវិញ ច្បាស់ជាត្រូវរថយន្តក្រុងបុកស្លាប់មិនខាន។ បន្ទាប់មកក្រុមគ្រួសារ រួមនិងអ្នកភូមិបានជួយចាប់បុរសរូបនោះ មកដាក់ឱ្យដេកនៅលើគ្រែ រួចយកខ្សែអង្រឹងមកចងដៃជើងជាប់ ដើម្បីការពារកុំឱ្យសម្លាប់ខ្លួនទៀត។

ប្រភពខាងលើ បានបញ្ជាក់ថា បុរសដែលប៉ងធ្វើអ្វត្តឃាតខាងលើនេះ គឺជាបុរសពោះម៉ាយ បានលែងលះគ្នាជាមួយប្រពន្ធជាង៣ឆ្នាំមកហើយ លុះក្រោយពីលែងប្រពន្ធរួច បុរសនេះតែងដើរផឹកស្រាស្រវឹងរាល់ថ្ងៃ ហើយទោះជាបងប្អូន និងអ្នកភូមិឃាត់យ៉ាងណាក៏មិនស្តាប់ដែរ ហើយអ្វីដែលគួរឱ្យហួសចិត្តនោះ គឺពេលដែលអ្នកសាព័ត៌មានយើងចុះផ្តិតយកព័ត៌មាន បុរសសរសៃប្រសាទខាងលើ សុំកុំឱ្យថតអី ព្រោះខ្លាចខ្មាសគេ៕

RELATED ARTICLES