ខេត្តស្វាយរៀង ៖ បុរសម្នាក់ ព្រោះតែតូចចិត្តនឹងរឿងគ្រួសារស្តីបន្ទោស និងមិនសូវយកចិត្តទុកដាក់ចំពោះខ្លួន ក៏បែកគំនិតគិតខ្លី ចងកបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចដើមអាកាស្យាខាងលិចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងគ្រួស ឃុំជ្រុងពពេល ស្រុករំដួល។
បុរសគិតខ្លីចងកធ្វើអត្តឃាតនោះ មានឈ្មោះប៉ែន ឆានី អាយុ២៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីអ្នកភូមិ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញបុរសខាងលើបានផឹកស្រាស្រវឹងជោក ព្រោះតែមានវិបត្តិផ្លូវចិត្តជាមួយក្រុមគ្រួសារដោយតូចចិត្តនឹងគ្រួសារ ដែលមិនសូវអើពើចេះតែព្រងើយកន្តើយជាមួយនឹងខ្លួនមិនតែប៉ុណ្ណោះឧស្សាហ៍ស្តីបន្ទោសឱ្យខ្លួនទៀត ទើបធ្វើឱ្យជនរងគ្រោះឈឺចិត្តស្អិតទ្រូង ក៏ជ្រើសយកវិធីស្លាប់ មកបញ្ចប់បញ្ហា ដោយបានដើរទៅខាងលិចផ្ទះប្រមាណ៣០០ម៉ែត្រ រួចក៏ឡើងទៅចងកសម្លាប់ខ្លួនលើដើម ប្រេងខ្យល់តែម្តង។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ មានក្មេងៗដើរឃ្វាលក្របីឆ្លងកាត់កន្លែងកើតហេតុប្រទះឃើញជនរងគ្រោះចងកស្លាប់លើដើមប្រេងខ្យល់ ក៏ភ័យឆោឡោ រត់ទៅប្រាប់ក្រុមគ្រួសារ ព្រមទាំងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះពិនិត្យដល់កន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញ ព្រមទាំងគ្រូពេទ្យបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះខាងលើ ពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើក្រមាចងកភ្ជាប់នឹងដើមកាស្យា មូលហេតុដោយសារតែជនរងគ្រោះមានវិបត្តិផ្លូវចិត្តរឿងក្រុមគ្រួសាររបស់ខ្លួន។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកអាល័យ និងក្តុកក្តួលជាទីបំផុត៕